ខេត្តប៉ៃលិន ៖ សុភាសិតបុរាណខ្មែរមួយបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលិចទឹកកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ» អ្វីដែលចាស់បុរាណលើកឡើងនេះ ពិតជាត្រឹមត្រូវ ដោយស្រ្តីភាគច្រើនពេលអត់ពីប្តីទៅ អាចថែរក្សាកូនៗ បានយ៉ាងល្អ ។ យ៉ាងណាក៏ដោយ ទោះអត់ពីប្តី ឬអត់ពីប្រពន្ធ គឺកូនចៅរបស់ពួកគេ ពិតជារស់នៅកំព្រាលំបាកវេទនា មិនដូចកូនដែលមានឪពុកម្តាយ រស់នៅជួបជុំ គ្នាទាំងពីរនាក់នោះឡើយ ។

រឿងរ៉ាវមួយបានបង្ហាញថា ស្រ្តីវ័យក្មេងម្នាក់កំពុងរស់នៅ ជាមួយកូនពីរនាក់ យ៉ាងលំបាកវេទនាជាទីបំផុត ដោយខិតខំប្រឹងប្រែងរកស៊ី លក់បន្លែនៅក្បែរផ្សារ ដើម្បីបានប្រាក់បន្តិចបន្តួច យកមកចិញ្ចឹមកូនទាំង ពីរនាក់រហូតដល់ធំ ។ នាងរៀបរាប់ថា ខណៈដែលនាងមានផ្ទៃពោះកូនទី២ ទើបតែបាន៧ខែប៉ុណ្ណោះ ប្តីដែលប្រាប់ថា ទៅលេងស្រុកកំណើតមួយរយៈនឹងត្រឡប់មកវិញ ស្រាប់តែទៅបាត់ស្រមោលឈឹង ទោះបីជាប្រពន្ធខំសន្សំលុយកាក់ទៅតាម ដើម្បីឱ្យមករួមរស់ជួបជុំគ្នាវិញ ក៏នៅតែមិនត្រឡប់មកដែរ និងសង្ស័យថា អាចមានប្រពន្ធថ្មីនៅឯស្រុកកំណើតបាត់ទៅហើយ ។ បើទោះបីជាអស់ភ្លើងស្នេហ៍ជាមួយប្រពន្ធក៏គួរ អាណិតកូនៗដែរ តើមានឈ្មោះជាឪពុកដែលផ្តល់កំណើតឱ្យកូនរបៀបណាទៅ បើចរិតដូចសត្វដែលខ្វះវិចារណញ្ញាណបែបនេះ ។

ស្រ្តីដែលត្រូវប្តីចាកចោលនេះឈ្មោះ យាន ស៊ីណូ អាយុ២៧ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក គឺឈ្មោះ ខួន ពេជ្រ អាយុ៦ឆ្នាំ និងឈ្មោះ ខួន ពីន អាយុ៣ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្នុងភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែកប្តីដែលទៅបាត់នោះ ឈ្មោះខួន ពៅ អាយុ២៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត មានស្រុកកំណើតនៅភូមិអង្គាសដី ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមការរៀបរាប់របស់ស្ត្រីរូបនេះឱ្យដឹងថា នាងមកពីខេត្តកំពង់ចាម មករស់នៅរកសីុជាមួយឪពុកម្តាយ និងបងប្អូននៅប៉ៃលិន មុនពេលរៀបការនៅឆ្នាំ២០០៥ ។ លុះរស់នៅបានមួយឆ្នាំក៏មានបុរសម្នាក់លួចស្រឡាញ់ ហើយសារភាពប្រាប់នាង និងបានចូលដណ្តឹងរៀបការតាមប្រពៃណី កាលពីឆ្នាំ២០០៦ ។ ពេលរៀបការរួចបានរយៈពេលមួយឆ្នាំនាងក៏ មានផ្ទៃពោះសម្រាលបានកូនប្រុសម្នាក់ ឈ្មោះ ខួន ពេជ្រ ។ ក្រោយមកនាងមានផ្ទៃពោះកូនប្រុសម្នាក់ទៀត បានត្រឹមតែ៧ខែ ស្រាប់តែប្តីសុំទៅលេងស្រុកកំណើតមួយរយៈចាកចេញទៅតាំង ពីឆ្នាំ២០០៨ និងមិនឃើញត្រឡប់មកវិញឡើយ ។ ដោយមិនអស់ចិត្តរហូតដល់ឆ្នាំ២០១២ នាងក៏បាននាំកូនប្រុសទាំងពីរនាក់ទៅលេង ដើម្បីបបួលប្តីត្រឡប់មកខេត្តប៉ៃលិនវិញ តែប្តីរបស់នាងអត់ព្រមវិលត្រឡប់មកវិញទេ ដោយនិយាយថា បើសិនជានាងនិងកូនសុខចិត្តរស់នៅជាមួយគេនៅឯខេត្ត ស្វាយរៀងនឹងព្រមទទួលយកនាងជាប្រពន្ធវិញ តែបើមិនព្រមតាមទេ គឺដាច់គ្នាត្រឹមនេះចុះ ។

ប្រភពដដែលបន្តទៀតថា ក្រោយពីនៅលេងស្រុកប្តីបានពីរបីថ្ងៃនាងមិនអាចបន្ត រស់នៅជាមួយបាន ដោយសារប្តីទៅធ្វើការនៅកាស៊ីណូបាត់ៗពីផ្ទះមិនដែល មកជួបជុំមុខប្រពន្ធកូន ទើបនាងនិងកូនប្រុសទាំងពីរនាក់ត្រឡប់មកខេត្តប៉ៃលិនវិញ។ តាំងពីប្តីចេញពីផ្ទះទៅស្រុកកំណើតធ្វើការនៅ កាស៊ីណូនោះមក អត់ដែលផ្ញើលុយមួយកាក់មួយសេនឱ្យនាងនិងកូន ជាទីស្រឡាញ់ទាំងពីរនាក់ទេ គឺនាងខំប្រឹងប្រែងទាំងត្រដាបត្រដួសរស់ទាំងក្តី លំបាកវេទនា រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកតាំងពីកូនទីពីរនៅ ក្នុងផ្ទៃពោះ៧ខែ ដោយនាងលក់បង្អែម ។ លុះក្រោយមកដោយលក់អត់សូវដាច់ ក៏ប្តូរទៅលក់បន្លែវិញ ដើម្បីរកកម្រៃចិញ្ចឹមកូនទាំងពីរនាក់ជារៀងរហូតមក ។

ថ្មីៗនេះនាងបានឮដំណឹងថា បើសិនជានាងសុខចិត្តទៅរស់នៅឯខេត្តស្វាយរៀង ជាមួយគេនឹងយកនាងធ្វើជាប្រពន្ធដដែល ព្រោះគេមិនអាចលះបង់បងប្អូនមករស់នៅលំបាកវេទនា ជាមួយប្រពន្ធនៅឯខេត្តប៉ៃលិនបានទេ ។ ដូច្នេះនាងចង់ឈ្នះសាកមើលនៅពេលភ្ជុំបិណ្ឌខាងមុខ ឆាប់ៗនេះ នាងមានបំណងទៅរស់នៅទីនោះមួយរយៈពេល ចាំមើលថា តើលោកប្តីមានប្រពន្ធថ្មីទៀតនៅឯស្រុកកំណើតរបស់ គេ ឬយា៉ងណាបានជាអត់នឹកនាប្រពន្ធនិងកូនទាំងពីរនាក់ ទាល់តែសោះបែបនេះ ។

នេះជារឿងរបស់បុគ្គលដែលសារព័ត៌មាន មិនគប្បីលើកមកធ្វើការលាតត្រដាងដោយមិនគោរពសេចក្តី ថ្លៃថ្នូររបស់បុគ្គលនោះទេ តែអ្វីដែលចង់បង្ហាញនោះ គឺពេលស្រឡាញ់ឱ្យធ្វើអ្វីក៏ព្រមដែរ ផ្ទុយទៅវិញ ខណៈពេលវេលានៃក្តីស្រឡាញ់បានផ្លាស់ប្តូរនោះ គ្រាន់តែបន្តរស់នៅជាមួយប្រពន្ធបែរជាលែងចេះរស់ នៅទៅវិញ តើមកពីមូលហេតុអ្វី ? កោះសន្តិភាព មិនអាចទាក់ទងសុំការបំភ្លឺពីបុរសជាប្តីបាននៅឡើយ  ទេ ។ ចំណែកនាងជាប្រពន្ធបានសុំឱ្យកោះសន្តិភាពជួយផ្សាយដើម្បី ជាសាក្សីនៃភក្តីភាពដែលនាងជាប្រពន្ធមានជាប់ជានិច្ចជាមួយ ស្វាមី និងសូមឱ្យស្វាមីមានមនោសញ្ចេតនាឡើងវិញផង កុំធ្វើដល់ម្លឹងពេក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]