ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូយ៉ាវម៉ាហា ប្រភេទ២០០សេសេ ជ្រុលទៅបុកម៉ូតូ សេ១២៥ ប្រភេទម៉ូតូចិន យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ ម៉ូតូសេ១២៥ រងរបួសធ្ងន់ ភ្លាមៗនោះ នគរបាលមូលដ្ឋាន ចុះទៅអន្តរាគមន៍ ប៉ុន្តែយុវជនរូបនោះរារាំង មិនឲ្យនគរបាលលើកម៉ូតូ របស់គេចេញ ដោយអះអាងខ្លួនថា ធ្វើការនៅ ស្ថាប័នព័ត៌មាន ប៉ុន្តែមិនដឹងជាស្ថាប័នមួយណា ដោយគេព្យាយាមលាក់ ហើយក៏មិនដឹងថា ជាអ្នកធ្វើការនៅស្ថាប័ន ព័ត៌មានឬមួយយ៉ាងណានោះទេ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខផ្សារស៊ិនជូរីផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅជា ប្រភេទ ម៉ូតូផលិតនៅប្រទេសចិនពាក់ស្លាកលេខកំពង់ចាម 1B-1330 ជិះម្នាក់ឯងពីកើតទៅលិច បើកបរដោយឈ្មោះ ហៀង សុខហ៊ន ភេទប្រុសអាយុ៤៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូ រស់នៅស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ លុះមកដល់ចំណុចកើតហេតុ ត្រូវបានម៉ូតូមួយគ្រឿងម៉ាកយ៉ាវម៉ាហា ម៉ូតូធំ គ្មានស្លាកលេខ បើក ដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿនក្នុងទិសដៅ ស្របទិសគ្នាបាន ជ្រុលមកបុក យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះ ដួលបោកទៅនឹងថ្នល់ ប៉ុន្តែសំណាងល្អដោយ សារជនរងគ្រោះ មានពាក់មួកសុវត្ថិភាពត្រឹមត្រូវទើបគ្រាន់តែរងរបួសធ្ងន់ ក្រោយពេល កើតហេតុត្រូវក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី យកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។

សាក្សីបានបន្តទៀតថា យុវជនបើកម៉ូតូបង្កបន្ទាប់ពីកើតហេតុបានស្កាដៃស្កាជើងរារាំងមិនឲ្យនគរបាល លើកម៉ូតូ យកទៅរក្សាទុក ដោយអះអាងថា ខ្លួនជាសារព័ត៌មាន ប៉ុន្តែពេលដែលនគរបាល ឬអ្នកសារព័ត៌មាន សួរចង់ដឹងពីស្ថាប័នមួយណា គេមិនប្រាប់ព្យាយាមលាក់ មិនតែប៉ុណ្ណោះទូរស័ព្ទហៅម្តាយមក ជួយអន្តរាគមន៍ ផងដែរ ពេលដែលម្តាយមកដល់បញ្ចេញចរិកអះអាងថា អីចេះថាអីចុះ ប៉ុន្តែទោះបីជាយ៉ាងណា នៅតែព្យាយាម លាក់បាំងស្ថាប័នរបស់កូនដដែល ដោយសារតែប្រជាពលរដ្ឋចោមរោមមើល ច្រើនពេកបង្កឲ្យកកស្ទះផ្លូវ ទើប នគរបាលសម្រេចចិត្តលើកយកម៉ូតូ បង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ ។

សាក្សីបានបន្តថា ការអះអាងរបស់ជនបង្កមិនដឹងថា ពិតឬក៏មិនពិតនោះទេ ប្រសិនបើគេធ្វើការនៅខាង ហ្នឹងមែននោះ គេប្រាកដជាប្រាប់មិនខាងឡើយ មិនអាចព្យាយាមលាក់បែបនេះទេ ហើយមិនតែ ប៉ុណ្ណោះទេ ថែមទាំងបញ្ចេញចរិកច្រង៉េងច្រង៉ាងហាក់បីដូចជាមនុស្សមិនដែលចូលសាលាអីចឹង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]