ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ទៅមើលសន្ទូចបង្កៃត្រី ត្រូវពស់ចឹកដេកស្លាប់នៅនឹង កន្លែងក្បែរសន្ទូច ត្រូវគេប្រទះឃើញសព កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៣ កញ្ញា ២០១៣ នៅខាងលិចទួលអំពិលទឹកក្បែរសំណង់ ស្ថិតនៅក្នុងភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោក សូ សុផល មេប៉ុស្តិ៍នគរបាលឃុំបន្ទាយនាង បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលត្រូវពស់ចឹកស្លាប់ មានឈ្មោះ យឿម រើន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកបានបន្តថា បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់ កាលពីនៅវេលាម៉ោង ៥ទៀបភ្លឺ ចូលថ្ងៃទី១៣ កញ្ញា ជនរងគ្រោះបានងើបទៅមើលសន្ទូចបង្កៃដាក់ត្រី ហើយស្រ្តីឈ្មោះ ប៊ុត យឿន អាយុ ៥៤ឆ្នាំ ដែលជាអ្នករស់នៅភូមិជាមួយគ្នាមានខ្ទមនៅទួលអំពិលទឹក និងធ្វើស្រែក្បែរគ្នា នៅពេលដែលគាត់បានដើរទៅមើលសន្ទូចបង្កៃត្រី ក៏បានប្រទះឃើញជនរងគ្រោះដេកស្លាប់ក្បែរបង្កៃខាងលិចទួលខ្ទម ស្រែអំពិលទឹក ប្រមាណជា ៥០ម៉ែត្រ ហើយបានប្រាប់អ្នកជិតខាងរាយការណ៍ជូនកម្លំាងចុះទៅពិនិត្យ ។

លោក សូ សុផល បានបន្តថា ក្រោយពេលដែលកម្លាំងទៅពិនិត្យមើលជនរងគ្រោះដែលស្លាប់ គឺឃើញមានស្នាក់ស្នាមត្រូវពស់ខាំនៅលើប្រអប់ជើងឆ្វេងទើបបណ្តាល ឱ្យស្លាប់នឹងកន្លែង ព្រោះថា នៅទីទួលនោះ  សម្បូរដោយពស់ពិសច្រើនប្រភេទនៅទួលក្បែរមាត់អូរ ។

ក្រោយពេលពនិត្យ សាច់ញាតិបានយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិឃុំខាងលើ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]