រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ដល់ថ្នាក់បើកម៉ូតូទៅមុខលែងរួច ក៏បានចតម៉ូតូទុកចោល ក្បែរស្ពានអាកាស៧មករា រួចដេកអោបសោម៉ូតូ លើចិញ្ចើមផ្លូវធ្វើព្រងើយ ហាក់ដូចជាពុំខ្លាចមានហេតុការណ៍គ្រោះថ្នាក់ អ្វីមួយកើតឡើង ចំពោះខ្លួនសោះ ខណៈដែលសមត្ថកិច្ចប៉ូលិសបានប្រទះឃើញ កាលពីវេលាម៉ោង ២ និង ៣៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ កញ្ញា ២០១៣ នៅចំណុចគល់ស្ពានអាកាស៧មករា ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បុរសស្រវឹងស្រាជោកជាំខាងលើមានឈ្មោះ ខែម វណ្ណថាល់ អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅភូមិតេប៉េតេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីបុរសខាងលើ បានឱ្យដឹងថា រូបគាត់បានចេញពីហាងផឹកស៊ីមួយកន្លែង នៅក្នុងសង្កាត់ទឹកថ្លា ដោយជិះម៉ូតូស្មាស់ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1X-4019 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចគល់ស្ពានអាកាស៧មករា គាត់រកផ្លូវទៅផ្ទះមិនឃើញ ក៏ឈប់ម៉ូតូទុកចោលលើស្ពាន ដកសោម៉ូតូក្តាប់នឹងដៃ ហើយដេកលើចិញ្ចើមផ្លូវក្បែរនោះតែម្តងទៅ ។

បន្ទាប់មកត្រូវបានសមត្ថកិច្ចប៉ូលិសប្រទះឃើញ ក៏ដាស់ឱ្យបុរសស្រវឹងស្រាជោកជាំនោះ ភ្ញាក់ឡើង លុះដឹងខ្លួនមក បុរសខាងលើបានបើកម៉ូតូធ្វើដំណើរបន្តទៅមុខទៀត ដោយគេមិនដឹងថា គាត់ទៅផ្ទះ ឬទៅណាឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]