រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅបុកនឹងគម្របលូ ហើយប៉ើងហោះទៅបុកបង្គោលភ្លើងឈើ ១ដើម បណ្តាលឱ្យបាក់ រួចបានព្យាយាមបើករត់គេច មកដល់មុខផ្ទះរបស់ខ្លួន តែត្រូវរថយន្តបែកកង់ បើកចូលផ្ទះលែងរួច ក៏ទុករថយន្តចោល រួចដើរចូលផ្ទះបាត់តែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៥០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ កញ្ញា ២០១៣ នៅតាមបណ្តោយផ្លូវ៦០៨ ស្ថិតក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិនខាងលើស្រវឹងស្រាជោកជាំ ជិះរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-2988 ធ្វើដំណើរតាមផ្លូវលេខ៧០ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ខណៈមកដល់ផ្លូវលេខ៦០៨ រថយន្តបានរេចង្កូតទៅបុកគម្របលូ ហើយប៉ើងហោះទៅបុកបង្គោលភ្លើងឈើ ១ដើម ទៀត បណ្តាលឱ្យបាក់ ។

បន្ទាប់មក រថយន្តបង្កបានព្យាយាមបើករត់ប្រមាណជា ៣០០ម៉ែត្រ មកដល់មុខផ្ទះវីឡាលេខ១ ដែលជារបស់ជនជាតិចិនខាងលើ តែត្រូវរថយន្តបែកកង់ចូលផ្ទះមិនរួច ក៏ទុករថយន្តចោលនៅមុខផ្ទះ ហើយដើរចូលផ្ទះបាត់តែម្តង ចំណែករថយន្តបង្កសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំម្ចាស់ចូលមកធ្វើការដោះស្រាយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]