រាជធានីភ្នំពេញ ៖ ដោយសាររឿងស្លៀកពាក់ បញ្ចេញភាពសិចស៊ីជ្រុល តារាចម្រៀងយេៗឆៃលី ដាឡែន អស់សង្ឃឹមយ៉ាងខ្លាំង ព្រោះត្រូវស្ថានីយ៍ក្នុងស្រុក លែងហៅឱ្យឡើងសម្តែង ។ ចាប់ពីឆ្នាំ២០១១មក ដាឡែន អត់បានឡើងច្រៀងរាំតាមស្ថានីយទូរទស្សន៍ ស្រូបយកការគាំទ្រពី មហាជនឡើយ ។ ទោះជាយ៉ាងណាក្តី ពេលនេះស្ថានីយទូរទស្សន៍ ២ផ្តល់ឱកាសឱ្យនាងឡើងសម្តែង ប៉ុស្តិ៍ លេខ៩ និងចាប់គូឡើងច្រៀង ជាមួយលោកអេឡិច ចិន្ត្រា នៅក្នុងកម្មវិធី «ប៊ូមប៊ូម» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។

នាងឆៃលី ដាឡែន ត្រូវមហាជនរិះគន់មិនសំចៃមាត់ កាលពីទៅសម្តែងនៅអាមេរិក៣ខែ ក្នុងឆ្នាំ២០១១ បញ្ចេញភាពសិចស៊ីចំហទ្រូងហួសព្រំដែន ធ្វើឱ្យអ្នកនៅអាមេរិកដែលជាប្រទេសស៊ីវិល័យ ញាក់សាច់គ្រប់គ្នា ។ ដោយសាររឿងនោះ ស្ថានីយទូរទស្សន៍នានាលែងហៅដាឡែន ឡើងសម្តែង ធ្វើឱ្យនាងភ្ញាក់ខ្លួនព្រើត និងបាក់អំនួតរឿងសិចស៊ី ។ ដោយសារបែបនេះហើយ ដាឡែន ព្យាយាមស្វែងរកការជួយអន្តរាគមន៍ពីច្រើនមជ្ឈដ្ឋានក្នុងនោះ មានខាង សមាគមសិល្បៈជាដើម ។ ទោះជាយ៉ាងណាក្តី តាមស្ថានីយទូរទស្សន៍នានានៅតែមិនអើពើនាង ធ្វើឱ្យនាងបាត់ឱកាសសម្តែងពី១ខែទៅ១ខែរហូតមកដល់បច្ចុប្បន្ន ។

ការព្យាយាមតស៊ូរកចន្លោះឡើងសម្តែងរបស់ដាឡែន ទទួលបានក្តីសង្ឃឹមបន្តិចបន្តួចគឺ កាលពីចុងខែសីហា កន្លងទៅ នាងបានឡើងសម្តែងក្នុងកម្មវិធី«នាវាតន្ត្រី»របស់ទូរទស្សន៍ ប៉ុស្តិ៍លេខ៩ ដោយគ្រងសម្លៀកបំពាក់សមរម្យ។ ពេលនេះនាងមានឱកាស ចូលរួមសម្តែងក្នុងកម្មវិធីតន្ត្រី«ប៊ូមប៊ូម» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដោយចាប់ដៃគូជាមួយលោក អេឡិច ចិន្ត្រា ។

ទស្សនិកជនមួយចំនួននិយាយថា ដាឡែនច្បាស់ជាមានការប្រុងប្រយ័ត្នក្នុងការស្លៀកពាក់ដើម្បី បង្ហាញថានាងមានកំហុសពីមុនមកនោះ ។
លោកអេឡិច ចិន្ត្រា កាលពីពេល ថ្មីៗនេះបញ្ជាក់ថា លោករីករាយនៅពេលឆៃលី ដាឡែន មានសញ្ញាល្អខ្លះសម្រាប់អាជីព តាមរយៈការបានឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីរបស់ទូរ ទស្សន៍ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]