ខេត្តកំពង់ឆ្នាំង​​​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ មេសា ដោយ​សារ​តែ​គ្រួសារ​ក្រី​ក្រ​មួយ​​​​ប្តឹង​សមត្ថកិច្ច​​ប៉ូលិសថា មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​​យក​អស់​ប្រាក់​ជាង​៤​លាន​រៀល ហើយ​ចោរ​នាំ​គ្នា​គេច​ខ្លួន​ទៅ​បាត់​ ។ ក្រោយ​ការ​ប្តឹង​នេះ សមត្ថកិច្ច​​ប៉ូលិសមូ​​​​ល​ដ្ឋា​ន​​ និង​ប៉ូលិស​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋានខេត្ត​បាន​​ទៅ​ដល់​ កន្លែង​កើត​ហេតុ​ភ្លាម​ ប៉ុន្តែ​ក្រោយ​ការ​ស្រាវ​ជ្រាវ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​មន្ត្រី​ប៉ូលិស​បដិសេធ​​ថាវាជា​រឿង​ប្រឌិត ។

គ្រួសារ​​នោះ​ប្តី​ឈ្មោះ​ពាង ​វុឌ្ឍី អាយុ​៣១​ឆ្នាំ  ប្រពន្ធ​ឈ្មោះ​ប៉ាន់ ឆុំ អាយុ​៣០​ឆ្នាំ មាន​កូន​ស្រី​៣​នាក់ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​ប៉ូលិស ស្ត្រី​​ជា​ប្រពន្ធ​រៀប​រាប់​ថា នៅ​យប់​កើត​ហេតុ​​ប្តី​ និង​ម្តាយ​មីង​ទៅ​មើល​ទូរទស្សន៍​ផ្ទះ​គេ​បាត់​​ ចំណែក​ម្តាយ​ប​ង្កើត​​ទៅ​បុណ្យ​គេ​ ដូច្នេះ​​រូបនាង​​នៅ​ផ្ទះ​​ជា​មួយ​កូន​តូចៗ​៣​នាក់ ។ ​នៅ​ម៉ោង​ប្រហែល​៩​យប់​ ស្រាប់​តែ​​​មាន​ជន​ពុំ​ស្គាល់​​មុខ​ចំនួន​៤​នាក់​​ ប្រដាប់​ដោយកាំភ្លើង​​វែង​៤​ដើម ​​ឃ្លុំ​មុខជិត​ចូល​មក​ក្នុង​ផ្ទះ ហើយ​យក​អាវុធ​​ទាំង​​៤​ដើម​ភ្ជង់​ប្លន់​ ដោយ​​ចាប់​ចង​​ដៃ​ចង​ជើង​គម្រាម​​សួរ​រក​លុយ បើ​មិន​ប្រាប់​ពួកគេ​​ថា​លុយ​នៅ​ឯណា​ទេ​ពួក​គេ​នឹង​ចាប់​រំលោភ​ម្តង​ម្នាក់ៗ ហើយ​សម្លាប់​ចោល​ ។ ពេល​នោះនាង​​ភ័យ​ពេក​ក៏​ប្រាប់​ពួក​ចោរ​ថា លុយ​នៅ​រមូ​រកន្ទេល ហើយ​ក្រុម​ចោរ​​បាន​ទៅ​យក​លុយ​​នោះ​​ចុះ​ទៅ​ដី​គេច​​ខ្លួន​បាត់​ ។ មុន​ពេល​ពួក​គេ​គេច​ចេញ​ទៅ​​បាន​ទះ​​កំផ្លៀងនាង​​មួយ​ដៃ​ ខណៈ​​នាង​​​ស្រែក​ថា​ចោរ ។ ចំពោះលុយ​ដែល​ចោរ​​យក​ទៅ​មាន​ចំនួន​៤.៨៨៨.៥០០​រៀល ។

លោក​ជឹម ប៊ុន​ធឿន​ នាយ​ការិយាល័យ​​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​​និយាយ​​ ថា លោក​មិន​ជឿថា​ជា​​ករណី​ប្លន់​​ទេ ​វា​ជា​រឿង​​ប្រឌិត ដោយ​លោក​សម្អាង​លើ​សាក្សី​​ជា​ប្តី ជា​ម្តាយ​​បង្កើត​ស្ត្រី​ប៉ាន់ ឆុំ ​ថា នាង​​មិន​មាន​ប្រាក់​ច្រើន​ដល់​ម្ល៉ឹង​​ទេ ព្រោះ​គ្រួ​សារ​ក្រី​ក្រ ហើយ​ថែម​ទាំង​ផ្ទុក​ជំងឺ​ទាំង​២​នាក់​ប្តី​-ប្រពន្ធ​ទៀត ។ លោក​ស្រាវ​ជ្រាវ​ដឹងថា ​ស្ត្រី​នោះ​បាន​យក​ជី​ពី​មន្ត្រី​រាជការ​ម្នាក់​ចំនួន​៧៣ការុង​ យក​ទៅ​លក់​ ប៉ុន្តែ​​សង​ប្រាក់​គេ​មិន​ទាន់​អស់​នៅ​សល់​ជាង​៥​លាន​​រៀល​ទៀត ។ ​​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ គេ​មក​ទារ​ប្រាក់​តែគ្មាន​​លុយ​សង​ទើប​ប្រឌិត​រឿង​​នេះ​តែ​ម្តង ។

លោក​បញ្ជាក់​ថា ផ្អែក​លើ​ភស្តុតាង​ មាន​ខ្សែ​ចំណង​ដែល​ជា​ខ្សែ​ចង​រមូ​រកន្ទេល និង​ការ​អះអាងរបស់​ប្តី និង​ម្តាយ​ដែល​ថា​គ្រួសារ​នោះ​គ្មាន​លុយ​ម្ល៉ឹង​ទេ។​ លោក​សន្និដ្ឋាន​ថា នេះ​គឺ​ស្តែង​ចេញ​ពី​​ការ​ចាយ​លុយ​គេ​អស់​គ្មាន​ប្រាក់​សង​ ទើប​ប្រឌិត​រឿង​បែប​នេះ ។ ​ពេល​នេះ​លោក​កំពុង​​ស្រាវ​ជ្រាវ​​បន្ត ហើយ​ស្ត្រី​នោះ​អាច​វ័ណ្ឌ​ក​ខ្លួន​ឯង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]