ខេត្តកោះកុង ៖ ​ អំពើ​ហិង្សា​ដ៏​​សាហាវព្រៃ​​ផ្សៃ​​បំផុត​មួយ​​​ រវាង​អ្នក​​មាន​បណ្តា​​ស័ក្តិ​​ខ្ពង់ខ្ពស់​​​​ម្នាក់​​​ រួម​ជាមួយ​​អង្គរក្ស​​​៣នាក់ ប្រព្រឹត្ត​​អមនុស្សធម៌​​ទៅ​លើ​​អ្នកតូច​ទាប ដោយ​វាយ​ទាត់ធាក់តាម​ចិត្ត និង​ឆក់ដោយ​ដំបងអគ្គិសនី កាល​ពីយប់​ថ្ងៃទី២២ មេសា ​២០១២ ​នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​កោះ​កុង ។
​លោក​អ្នក​អាន​​ បានទស្សនា​ឈុត​សាហាវនេះ ​ប្រាកដ​ជាក្តុក​ក្តួលរន្ធត់​ក្នុងចិត្ត​​​​ខ្លាំងណាស់ ​​ព្រម​ទាំង​​មិនគាំទ្រ​នូវ​បុគ្គល​មួយ​ក្រុមនេះ​ឡើយ ។ ទុក​ឱ្យ​​ច្បាប់ដោះស្រាយ​តាមការ​គួរ​ទៅចុះ ដើម្បី​ឱ្យ​​រាង​ចាល​​ក្នុងជីវិត​របស់គាត់ ដែល​ធ្លាប់រស់នៅ​យ៉ាង​ខ្ពង់ខ្ពស់​ និងបរិបូរណ៍​គ្រប់វិស័យ​​​ មិនគួរ​ប្រព្រឹត្ត​​អំពើដែល​​មនុស្ស​​ជាតិស្អប់ខ្ពើម​បែប​នេះឡើយ។

គួរ​​កត់​សម្គាល់​​ថា អ្នកដែល​ត្រូវគេ​វាយ ​​ទាត់​ធាក់ គឺ​ជា​ជន​ដែល​​គ្មាន​កំហុស​សោះ ។​មន្ត្រី​យោធា​​ផ្កាយ​២ មួយ​រូប ​ដែល​​គេ​ស្គាល់​ថា ​​ជើង​ខ្លាំង​​រក​ស៊ី... ​នៅ​​ខេត្ត​ព្រះវិហារ ​​​និង​អង្គ​រក្ស​៣​នាក់ ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​​កោះ​កុង ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នា​គារ​​កាលពី​រសៀល ​ថ្ងៃទី​២៥ ​មេសា ២០១២ ​បន្ទាប់ពី​លោក​​ផ្កាយ​​២​ម្នាក់​នេះ និង​អង្គរក្ស​​ច្រើន​នាក់​​វាយ​ដំ​ច្រំ​ធាក់​ទៅលើ​បុរស​៤​នាក់ ព្រមទាំង​យក​​​ដំបង​មក​ឆក់​​សាហាវ​​ព្រៃ​ផ្សៃ​ ដោយ​សារ​រឿង​​ទៅគោះ​ទ្វារ​បន្ទប់​សណ្ឋា​គារ​​ប្រពន្ធ​របស់​គាត់​ស្នាក់​នៅ​​ ហើយ​សួរ​រក​ខ្សែ.ក​​ដែល​បាត់​ទាំង​អធ្រាត្រ ។

រឿង​​ហេតុ​​វាយដំច្រំ​ធាក់​​ទៅ​លើ​បុរស​៤​នាក់ ​ក្នុង​នោះ​​មាន​មន្ត្រី​ប៉េអឹម និង​​សន្តិ​​សុខ​សណ្ឋា​គារ​ផង​នោះ បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​​១១​និង​៤០​នាទី​​យប់​ថ្ងៃទី​​២២ មេសា ​២០១២ ​ហើយ​នៅ​យប់​ដដែល​នោះ​លោក​ផ្កាយ​២​បាន​ចាប់​បុរស​៤​នាក់ ​ដែល​ខ្លួន​សង្ស័យ​​ថា មាន​គម្រោង​​មិន​ស្រួល​ លុះ​ប្រគល់​ជូន​ប៉ូលិស ។ ​លុះព្រឹក​ឡើង​ថ្ងៃទី​​២៣ មេសា ២០១២ ​បុរស​៤នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​នៃ​ ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​កោះ​កុង ​ចោទ​ប្រកាន់​​ពី​បទ​ធ្វើ​ទារុណ​កម្ម ឬ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​មានរូប​ភាព​ខ្សែ​​​អាត់​វីដេអូ (វីដេអូ​ឃ្លីប) ជា​ភស្តុ​តាង​បញ្ជាក់​ពី​សកម្ម​ភាព​វាយ​ដំ​ច្រំ​ធាក់​ផង​ដែរ ។

ថ្ងៃ​ទី ២៤ មេសា ២០១២ ​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ខេត្ត​កោះ​កុង ​បាន​ហៅ​លោក​​​ផ្កាយ​​២ ដែល​​នាំ​​ភរិយា​​ទៅ វិស្សមកាល​នៅ​ខេត្ត​កោះ​កុង​នោះ ​​ទៅ​សាក​សួរ​ជុំវិញ​រឿង​​វាយ​ដំ​ច្រំ​ធាក់​ព្រៃ​ផ្សៃ​​ ដោយ​ប៉ូលិស​សំអាង​​ទៅលើ​ភស្តុ​តាង​​ខ្សែ​អាត់​វីដេអូ​របស់​សណ្ឋា​គារ​ដែល​ មើល​ទៅ​ឃើញ​សកម្ម​ភាពវាយ​ដំ​ច្រំធាក់​​​គួរ​ឱ្យ​ញាក់​សាច់ ។ ​រហូត​ដល់​ថ្ងៃទី ២៥ មេសា ​២០១២ ​វេលា​រសៀល​​បន្តិច​ទៅ​ហើយ ​ចៅក្រម​សាលាដំបូង​ខេត្ត​កោះ​កុង រិះ​រក​មធ្យោ​បាយ​​ជួយ​លោក​ផ្កាយ​​២ មិន​បាន​ដោយ​សារ​តែ​ឃើញ​ខ្សែ​អាត់​វីដេអូ​​បង្ហាញពី​​សកម្ម​ភាព​វាយ​ដំ​ ច្រំធាក់​ព្រៃ​ផ្សៃ​ជាក់​ស្តែង​​ពេក​ក៏​សម្រេចចេញដីកា​បង្គាប់​ឱ្យ​ឃុំ​ ខ្លួន​លោក​ផ្កាយ​២ បណ្តោះ​អាសន្ន​​នៅ​​ពន្ធនាគារ​​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]