រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ គាបជាប់នឹងកាប៊ីនរថយន្ត និង ២នាក់ ទៀតរងរបួសធ្ងន់ ខណៈដែលរថយន្តដឹកធ្នឹមស្ពាន ១គ្រឿង បើកឆ្លងផ្លូវ ក៏ត្រូវរថយន្តដឹកត្រី បុកចំកន្ទុយសណ្តោងពីក្រោយពេញទំហឹង ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ កញ្ញា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៤ នៅចំណុចខាងកើតសាលាក្តីខ្មែរក្រហម ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-7738 ដឹកធ្នឹមស្ពាន បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបើកឆ្លងផ្លូវ ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2V-9334 ជិះដោយបុរស ៣នាក់ ដឹកត្រីចេញពីគីឡូម៉ែត្រលេខ៩ បើកបញ្រ្ចាសទិសគ្នា បុកចំកន្ទុយកណ្តោងពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តដឹកត្រីស្លាប់ភ្លាមៗ គាបជាប់កាប៊ីនរថយន្ត និង ២នាក់ ទៀតរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តដឹកធ្នឹមស្ពាន បានរត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះមានឈ្មោះ សយ ហម ភេទប្រុស អាយុ ៣៥ឆ្នាំ (អ្នកបើកបរ) មានទីលំនៅភូមិសំណង់ ស្រុករការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់គាបជាប់កាប៊ីនរថយន្ត ចំណែកអ្នករួមដំណើរជិះខាងមុខឈ្មោះ ចាន់ អាយុជាង ២០ឆ្នាំ របួសធ្ងន់គាបជាប់កាប៊ីនជាមួយអ្នកបើកបរ និងអ្នករួមដំណើរជិះពីក្រោយម្នាក់ទៀតឈ្មោះ ឡាំ អាយុ ១៧ឆ្នាំ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ច និងក្រុមជួយសង្រ្គោះ បានកំពុងគាស់រថយន្ត ជួយអ្នករងគ្រោះម្នាក់ ដែលគាបជាប់ក្នុងកាប៊ីនរថយន្ត ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]