ខេត្តមណ្ឌលគិរី ៖ រថយន្តរបស់ចាងហ្វាងកាសែត ក្នុងស្រុកមួយដែលគេពុំសូវ ស្គាល់ឈ្មោះត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងចាស់ដៃ កាលពីវេលាទៀបភ្លឺ ខណៈពេលអ្នកកាសែតរូបនោះ រួមនឹងសហការីបាននាំគ្នាបើក រថយន្តដេញតាមរថយន្តដឹកឈើប្រណីត របស់ក្រុមឈ្មួញសង្គមងងឹត ។ ហេតុការណ៍ដ៏គួរឱ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី១០ កញ្ញា នៅចំណុចជិតព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ជិតទីស្នាក់ការសន្ដិសុខលេខ៧៦១ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ ទោះជាយ៉ាងណា ពុំមានប្រភពណាមួយបញ្ជាក់ថា មានជនរងគ្រោះជុំវិញការបាញ់ប្រហារខាងលើនេះទេ ។

ចាងហ្វាងកាសែតដែលខ្មាន់កាំភ្លើងមិនស្គាល់ មុខបាញ់ប្រហារនេះត្រូវបានគេស្គាល់ថា ឈ្មោះអិុត ប៉ុណ្ណា ហៅតោ អាយុជាង៤០ឆ្នាំ ជាចាងហ្វាងការផ្សាយរបស់កាសែតមួយឈ្មោះបេសកជនដែលគេមិនសូវ ស្គាល់ រួមដំណើរជាមួយឈ្មោះវ៉ាន់ បុប្ផា អាយុជាង៤០ឆ្នាំ មានតួនាទីជាជំនួយការរបស់ចាងហ្វាងកាសែតតាព្រហ្ម ។ ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ក្រោយពេលលោកអិុត ប៉ុណ្ណា ទទួលព័ត៌មានថា នៅស្រុកកែវសីមាមានបទល្មើសព្រៃឈើកើតឡើងជាហូរហែ នោះ លោកនិងក្រុមរបស់លោកចំនួន៤នាក់ ធ្វើដំណើរដោយរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកកាមរីគូទស្វិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២B-៧៨៤៣ និងមួយគ្រឿងទៀតម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពុុំស្គាល់ស្លាកលេខ បានធ្វើដំណើរពីស្រុកស្នួលខេត្តក្រចេះ មកស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីប្រមាញ់ឬថតរថយន្តដឹកឈើប្រណីតនេះ ។ គេមិនដឹងថា ការតាមប្រមាញ់រថយន្តដឹកឈើរបស់ក្រុមឈ្មួញនេះ ដើម្បីអ្វីនោះទេ ព្រោះការដេញចាប់ជាភារកិច្ចរបស់សមត្ថកិច្ច និងមន្ត្រីជំនាញ ហើយបើជាការប្រមាញ់ព័ត៌មានក៏មិនមែនលើកគ្នាដេញបែបនេះដែរ ដូចជាមិនត្រឹមត្រូវសោះក្នុងនាមជាអ្នកកាសែត ។

តាមប្រភពព័ត៌មានបន្តថា ស្របពេលជាមួយគ្នានោះក៏មានរថយន្តម៉ាកឡិចសីុសពណ៌ទឹក ប្រាក់មួយគ្រឿង ផ្ទុកឈើប្រណីតពេញ ឃើញដូច្នេះក្រុមអ្នកកាសែតទាំង២រថយន្តបានបើកប្រដេញតាម តាំងពីមុខផ្សារកែវសីមា រហូតដល់ជិតព្រំប្រទល់ខេត្ត ។ រីឯរថយន្តដឹកឈើបន្ទាប់ពីត្រូវក្រុមអ្នកាសែតនេះតាម ប្រមាញ់ ក៏បើករត់ចូលទៅលំនៅឋានមួយកន្លែងដែលត្រូវបានគេស្គាល់ថា ឈ្មោះរិទ្ធ និងជាឈ្មួញរកសីុឈើល្បីឈ្មោះមួយរូបប្រចាំស្រុកកែវសីមាផង ដែរ ។ ប្រភពបានបន្តទៀតថា លុះមួួយសន្ទុះក្រោយមកគេឮសូសំឡេងផ្ទុះជាច្រើនគ្រាប់ ។ តាមប្រភព័ត៌មានបានឱ្យដឹងថា ជនមិនស្គាល់មុខពាក់អាវត្រេអីុ ស្លៀកខោប៉ារ៉ា បានបាញ់រះលើរថយន្តរបស់អ្នកកាសែតចំនួន៥គ្រាប់ តែត្រូវចំ១គ្រាប់ប៉ុណ្ណោះ ត្រង់ទ្វាររថយន្តម៉ាកកាមរីគូទស្វិត ពណ៌ស ខាងក្រោយផ្នែកខាងស្ដាំ ។ ភ្លាមៗ ក្រុមអ្នកកាសែតក៏បើករថយន្តគេចខ្លួនព្រោះគ្រាប់កាំភ្លើង មិនខ្លាចម៉េចកើតទៅ ។ បច្ចុប្បន្នអ្នកកាសែតរូបនោះកំពុងរៀបចំដាក់ពាក្យបណ្ដឹង ។

លោកអធិការរងនគរបាលស្រុកកែវសីមាបានថ្លែង ប្រាប់កោះសន្ដិភាពថា ចំពោះរឿងបាញ់មកលើរថយន្តរបស់អ្នកកាសែតខាងលើនោះ សមត្ថកិច្ចនៅពុំទាន់ទទួលព័ត៌មានច្បាស់លាស់នៅឡើយទេ នារសៀលថ្ងៃទី១០ កញ្ញា ។ គួរបញ្ជាក់ថា នៅស្រុកកែវសីមាកាលពីអំឡុងខែសីហា ឆ្នាំ២០១៣ កន្លងទៅ ក៏មានករណីវាយបំផ្លាញរថយន្តរបស់អ្នកកាសែតដើមអម្ពិល ម្នាក់ផងដែរ ហើយត្រូវបានដោះស្រាយសំណងក្នុងចំនួនតិចតួច ។

ដូច្នេះហើយទើបមានការលើកឡើងថា សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានកំពុងស្ថិតនៅក្នុងការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ខណៈករណីវាយតប់ និងបាញ់បោះមកលើអ្នកកាសែតកំពុងតែកើតមានជាហូរហែក្នុងការតាម ប្រមាញ់ព័ត៌មានពីជំនួញឈើប្រណីតនៅតំបន់នោះដែលគេនិយាយថា ឈ្មួញឈើខ្លះក្លាយជាម៉ាហ្វីយ៉ាគួរឱ្យខ្លាចណាស់ សូម្បីអាជ្ញាធរក៏ខ្លាចពួកគេដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]