ភ្នំពេញ ៖ រថយន្តលុច្សស៊ីស ៥៧០ មួយគ្រឿង ត្រូវរងការខូចខាត ផ្នែកខាងក្រោយ ដោយសារ បុរសម្នាក់បើក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ លឿនជ្រុល បុកពីក្រោយ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២២នឹង ០០នាទី យប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅមុខស្ថានទូតរុស្ស៊ី ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ រថយន្ត លុច្សស៊ីស ៥៧០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9696 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវ សុធារស ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើកយ៉ាងលឿន លុះបើកដល់ចំណុច កើតហេតុ រថយន្តបាន បន្ថយល្បឿន គេចទឹកនៅលើផ្លូវ ក៏ត្រូវរថយន្តមួយ គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ 2T-1463 ដែលកំពុងបើកបរ ក្នុងល្បឿនលឿនស្របទិសគ្នានោះ ជ្រុលបុកគូទ រថយន្តលុច្សស៊ីស ៥៧០ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យក្បាល រថយន្តហ៊ីយ៉ាន់ដាយ គាបជាប់គូទរថយន្តលុច្សស៊ីស ៥៧០ រងការខូចខាត ។ ប៉ុន្តែក្រោយកើតហេតុ រថយន្តបង្កបាន រយ៉ែរថយន្ត ថយក្រោយ បើករត់គេចខ្លួនរហូត ដល់ ចំណុចមុខក្លឹបកម្សាន្ត ឌ្រីមលែន សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក៏ត្រូវម្ចាស់ រថយន្តលុច្សស៊ីស ៥៧០ បើកដេញ ចាប់បានភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ សហការជាមួយនគរបាល ចំនាញចុះ វាស់វែង អូសយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំ ដោះស្រាយ នាពេលក្រោយ ។ គ្រោះថ្នាក់នេះ សមត្ថកិច្ច បញ្ជាក់ថា បង្កឡើងដោយសារ រថយន្តលុច្សស៊ីស បើក លឿនហើយ បន្ថយល្បឿនមិនប្រាប់សញ្ញា ទើបត្រូវរថយន្តហ៊ីយ៉ាន់ដាយ កំពុងបើកលឿនដូចគ្នា ជ្រុលបុកគូទ ពីក្រោយ ទាំងកម្រោលតែម្តងទៅ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]