ភ្នំពេញ ៖ រថយន្កកូរ៉ូឡាមួយគ្រឿង ត្រូវបានម្ចាស់ របស់វាស្រវឹងស្រា បើកលឿនជ្រុលទៅបុកបង្គោល ភ្លើងមួយដើម កៀបជាប់ កាលពីវេលាម៉ោង៣និង៥៥នាទី ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ នៅខាងជើងរង្វង់មូលវត្តភ្នំ ស្ថិត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក កូរ៉ូឡាពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2E-6822 ជិះគ្នា៣នាក់ ក្នុងនោះ ស្រីម្នាក់ ទំនងជា ទើបចេញ ពីផឹកស៊ី មានភាពស្រវឹងធ្លាក់ភ្នែក បានបើកបររេពេញផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ រង្វង់មូលវត្តភ្នំឈាងខាងជើង ក៏ជ្រុលចង្កូតទៅបុកបង្គោល ខ្សែភ្លើងបណ្ដាលឲ្យទ្រេតមួយដើម ចំណែករថយន្តបង្ក ត្រូវកៀបជាប់ ខ្ទេចមួយកំណាត់មុខ និងអ្នកជិះខាងមុខរងរបួសក្បាលផងដែរ ។

ក្រោយកើតហេតុ ពួកគេទាំង៣នាក់ បាននាំគ្នាចេញ ពីក្នុងរថយន្តហើយគេចបាត់ អស់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ សមត្ថកិច្ចចុះមកស្ទូច យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំ ម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយ តាមនីតិវិធី ច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]