រាជធានីភ្នំពេញ ៖ បន្ទាប់ពីផ្អាកមុខរបរបើកលក់ សម្លៀកបំពាក់នៅខេត្តសៀមរាបជាច្រើនឆ្នាំមក អេឡិច ចិន្ត្រា ដែលលេចធ្លោជាមួយអាជីពសិល្បៈ មិនធ្លាប់បានបង្ហើបពីរឿងគិតគូរបើកមុខជំនួញ ឱ្យគេឯងបានដឹងឮសោះឡើយ ប៉ុន្តែតាមប្រភពព័ត៌មាន ច្បាស់ការណ៍ឱ្យដឹងថា ស្ងាត់ៗលោកត្រៀមធ្វើម្ចាស់ហាង លក់គ្រឿងសំអាងផ្តាច់មុខមួយនៅកណ្តាលភ្នំពេញ ដោយចំណាយដើមទុនអស់ជាង ១០ម៉ឺនដុល្លារព្រមទាំងជិតដល់ ថ្ងៃដាក់សម្ពោធជាផ្លូវការក្នុងអំឡុងខែកញ្ញានេះហើយ ។

ស្ងាត់ៗ អេឡិច ចិន្ត្រា ដែលល្បីថាពូកែថែសាច់ឱ្យសខ្ចីលើស ស្រីៗនោះ ស្រាប់តែត្រៀមខ្លួនធ្វើជាថៅកែហាងធំ មួយបន្ទាប់ពីកន្លងទៅលោកក៏ធ្លាប់បើកហាង លក់សម្លៀកបំពាក់ដែរ ។ ចាត់ទុកថា នេះជាអ្នកសិល្បៈល្បីឈ្មោះម្នាក់ទៀត ហើយដែលបោះទុនបើកមុខជំនួញ ព្រោះមានតារាលំដាប់ជួរមុខ បង្កើតមុខរបរទី២ស្ទើរតែគ្រប់គ្នា និងប្លែកពីគ្នាទៀតផង ។ សម្រាប់អេឡិច ចិន្ត្រា ដែលពេលនេះកំពុងតែមមាញឹករៀបចំហាងគ្រឿង សំអាងយ៉ាងញាប់ដៃញាប់ជើងត្រូវក្រុមមិត្តភក្តិ ដែលនៅកៀកកិតជាមួយប្រាប់ថា ហាងលក់គ្រឿងសំអាងថ្មីរបស់លោក ដែលជិតដល់ថ្ងៃសម្ពោធ និងអញ្ជើញអ្នកសិល្បៈជាច្រើន រយនាក់ចូលរួមនោះ គឺលក់ផលិតផលរក្សាសម្រស់នាំចូលផ្តាច់មុខមក ពីតៃវ៉ាន់ដែលជាប្រភេទគ្រឿងតុបតែងកាយ ប្រណីតៗទាក់ទាញអតិថិជនខ្លាំងណាស់ ។ គោលបំណងដែលអេឡិច ចិន្ត្រា បើកលក់គ្រឿងសំអាងព្រោះយល់ថា សម័យកាលបច្ចុប្បន្ននេះយុវជនក៏ដូចជាមហាជន ទូទៅចូលចិត្តតុបតែងកាយ ស្អាតៗ ត្រូវការភាពស្អាតជាងវ័យមិនដូចសម័យមុនទេ ហើយទៅដល់ណាក៏ឃើញមហាជន ស្លៀកពាក់ទាន់សម័យ ផាត់មុខលាបម្សៅ ស្អាតៗក្មេងជាងវ័យទៀតផង ។ អ៊ីចឹងហើយទើបអេឡិច ចិន្ត្រា គិតគូររកមុខរបរនេះជាគោល ដើម្បីតម្រូវចិត្តយុវវ័យក៏ដូចជាភ្ញៀវទាំងអស់ដែលស្រលាញ់ ភាពស្អាតចូលចិត្តតែងខ្លួន ដើម្បីចូលរួមតាមកម្មវិធីតូចធំនានា ។ បើមិនមានអ្វីប្រែប្រួល ហាងរបស់អេឡិច ចិន្ត្រា នឹងសម្ពោធជាផ្លូវការនៅក្នុងអំឡុងខែកញ្ញានេះ ។

តារាដែលកំពុងតែត្រៀមខ្លួនកាន់តួនាទីជាលោក ថៅកែហាងនាពេលដ៏ខ្លីខាងមុខរូបនេះ បានទទួលស្គាល់ពីព័ត៌មាន ដែលលេចឮនេះដោយបញ្ជាក់ប្រាប់កាលពីពេល ថ្មីៗនេះថា ដោយសារតែលោកធ្លាប់មាន ផែនការបើកមុខជំនួញម្តងដែរ កាលពីមួយរយៈមុន ហើយផ្អាកព្រោះតែអត់មានពេលគ្រប់គ្រាន់មើលថែ ទើបមកដល់ពេលនេះលោកត្រៀមខ្លួនបើកសម្ពោធហាង គ្រឿងសំអាងជាផ្លូវការនាពេលខាងមុខដ៏ខ្លីនៅម្តុំនាគ បាញ់ទឹកនៃរាជធានីភ្នំពេញ ដើម្បីបំពេញបំណងរបស់ខ្លួន និងដើម្បីបំពេញតម្រូវការមហាជន ដែលចូលចិត្តតែងខ្លួនឱ្យទាន់សម័យកាល ។ គម្រោងហាងនេះក្រៅពី ចំណាយទុនច្រើនគួរសម លោកនឹងដាក់របស់ ថ្មីៗបន្តទៀត ប្រសិនបើក្រោយពេលបើកលក់មានអតិថិជនច្រើន ហើយលោកនឹងលក់ក្នុងតម្លៃ ពិសេសឆ្លើយតបជាមួយការគាំទ្ររបស់អតិថិជន ។

លោកអេឡិច ចិន្ត្រា សង្ឃឹមថា មុខរបរថ្មីរបស់លោក នឹងជួយឱ្យលោកបានទទួលអតិថិជនច្រើន និងមិនព្រួយរឿងដើរថយក្រោយឡើយព្ រោះបច្ចុប្បន្នមហាជនទូទៅនិយមតែងខ្លួន ស្អាតៗជាប្រចាំស្របពេល ដែលផលិតផលរបស់លោកសុទ្ធតែ មានគុណភាព ហើយបើអ្នកធ្លាប់ប្រើ ធ្លាប់ដឹង គេច្បាស់ជាមកទិញ និងមិនសូញសាញតម្លៃឡើយ ។ បើទោះជាពេលនេះអេឡិច ចិន្ត្រា មានលុយ មានហាងផ្ទាល់ខ្លួនក្តីលោកអះអាងថា កាន់តែវាយលុកសិល្បៈដូចមុនមិនចោលទេ ដោយលោកកំពុងតែត្រៀមខ្លួន ទៅសម្តែងនៅប្រទេសក្រៅនាពេល ឆាប់ៗខាងមុខនេះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ