ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកកណ្តៀង ចាប់បញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តពោធិ៍សាត់ ពីបទលួច ។

នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត លោកវរៈសេនីយ៍ត្រី គុយ ញឿន បានប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១០ ខែកញ្ញា នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បាននោះឈ្មោះ ង្វៀង យុំាងគួ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកោះកែវ ឃុំរាំង ទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

លោក គុយ ញឿន បន្តឲ្យដឹងទៀតថា តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅ ម៉ោងប្រមាណជា ២និង៣០នាទី រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ រូបគេបានចូលទៅ ផ្ទះឈ្មោះ ង្វៀង យុំាងលែ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ដោយរូបគេបានលួចយក គ្រឿងអលង្ការមួយចំនួន ព្រមទាំងលុយចំនួន ៣០ម៉ឺនរៀល ខណៈដែលម្ចាស់ផ្ទះ កំពុងដេកលង់លក់ ។ ប៉ុន្តែនៅពេលដែលរូបគេ លួចបានគ្រឿងអលង្ការ ព្រមទាំងលុយចំនួន ៣០ម៉ឺននោះហើយ រូបគេបានចុះពី លើផ្ទះជនរងគ្រោះទាំងយប់ ហើយអុំទូកចេញ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះដឹងខ្លួនទាន់ ក៏ស្រែកឆោឡោទាំងយប់ រាយការណ៍មកសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដោយការឃាត់ខ្លួននេះ សមត្ថកិច្ចឆែកឆេរ រកឃើញលុយចំនួន៣០ម៉ឺនរៀល និងក្រវិលមាស១គូរទម្ងន់ ៥ហ៊ុន ។

ជនសង្ស័យបានបន្ត ប្រាប់សមត្ថ កិច្ចទៀតថា ខណៈដែលម្ចាស់ផ្ទះបានស្រែកឆោឡោទាំងយប់ រូបគេភ័យពេក ក៏បានបោះចោលគ្រឿងអលង្ការមួយចំនួន ចូលទៅក្នុងទឹកទន្លេផងដែរ។ ក្រោយការសួរចម្លើយជនសង្ស័យនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]