ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ២នាក់ដែលជាប់ចោទពីបទធ្វើសកម្មភាពទាក់ឆ្កែ បានត្រូវប្រជាពលរដ្ឋ ជាម្ចាស់ឆ្កែដេញទាន់ និងធាក់ម៉ូតូផ្តួលរួចចាប់ខ្លួនបានម្នាក់ ឯបក្សពួកម្នាក់ទៀតដែលជិះពី ក្រោយជាអ្នកធ្វើសកម្មភាពទាក់ឆ្កែ បានរត់គេចខ្លួនបាត់ស្រមោលក្នុងស្បៃរាត្រីកាល ។ ប៉ុន្តែទោះបីជាយ៉ាងណា តាមចម្លើយសារភាព របស់ជនសង្ស័យម្នាក់ដែលចាប់ខ្លួនបាន ហើយប្រគល់ទៅឱ្យសមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត បានផ្តល់អត្តសញ្ញាណរួចហើយ ហើយជនដែលឃាត់ខ្លួនបានត្រូវបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៩ កញ្ញា ។ ដោយឡែកជនម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចបានកំណត់មុខសញ្ញា និងកំពុងតាមប្រមាញ់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ ។

លោកវរសេនីយ៍ត្រី វ៉ា ចាន់ថន នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ ទៅឱ្យសមត្ថកិច្ចនេះឈ្មោះ អ៊ុយ ទី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុម៤៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ លោកវរសេនីយ៍ត្រីបានឱ្យដឹងទៀតថា ផ្អែកតាមពាក្យបណ្តឹងរបស់ម្ចាស់ឆ្កែឈ្មោះ សឹម វាសនា ភេទប្រុស មានទីលំនៅក្រុម៩ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុបានបញ្ជាក់ថា កាលពីវេលាម៉ោង ៣និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញា នៅពេលដែលរូបគាត់ជាម្ចាស់ឆ្កែ ឮសូរសំឡេងឆ្កែស្រែកនៅខាងក្រៅផ្ទះ ក៏បើកទ្វារចេញមកអើត មើលជាមួយប្អូនប្រុសរបស់គាត់ឈ្មោះ សឹង រតនា ស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវអុី ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើសកម្មភាពទាក់ឆ្កែរបស់គាត់ដែលកំពុងដេកខាងមុខផ្ទះ ។

ក្រោយពីទាក់បាន ពួកគេទាំង២នាក់បានអូសឆ្កែតាម ក្រោយម៉ូតូយ៉ាងលឿន ដែលឃើញដូច្នេះរូបគាត់ និងប្អូនប្រុសក៏យកម៉ូតូជិះដេញទាន់នៅក្បែរ ភោជនីយដ្ឋានមួយកន្លែងស្ថិតនៅចំណុចក្រុមទី១៧ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ក៏បើកម៉ូតូកៀរនិងធាក់ម៉ូតូជន សង្ស័យឱ្យដួលផ្ទប់ទៅនឹងជញ្ជាំងរបងថ្ម បណ្តាលឱ្យជនសង្ស័យជាអ្នកបើកម៉ូតូ បោកក្បាលទៅនឹងជញ្ជាំងថ្មឈាមហូរស្រោចខ្លួន ។ ពេលនោះ ពួកគាត់ជាម្ចាស់ឆ្កែចាប់បាន ជនសង្ស័យម្នាក់ជាអ្នកបើកម៉ូតូ ឯម្នាក់ទៀតបានរត់គេចខ្លួនទាំងភ័យស្លន់ស្លោ ។

បន្ទាប់ពីឃាត់ខ្លួនបាន ម្ចាស់ឆ្កែក៏នាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងមាន ម៉ូតូម៉ាកហុងដាវ៉េវអុី ពណ៌ខ្មៅ១គ្រឿង ឆ្កោកសម្រាប់ទាក់ឆ្កែធ្វើអំពីហ្វ្រាំងកង់ ដងឈើប្រវែងជិត១ម៉ែត្រ និងបាវពណ៌សមួយ ។ ជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តនៅរសៀលថ្ងៃទី៩ កញ្ញា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]