ខេត្តកំពង់ឆ្នាំង ៖ រថយន្តនីស្សាន់មួយគ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែដាច់កាឡេបណ្តាល ឱ្យរេចង្កូតជ្រុលទៅបុកមនុស្សស្លាប់ម្នាក់ និងតូបចំនួន២នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៩ កញ្ញា ។

មន្ត្រីប៉ូលិសស្រុកបរិបូណ៌បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តនីស្សាន់មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2E-4156 បើកបរដោយជនពុំស្គាល់ឈ្មោះចេញពីខេត្ត បាត់ដំបងឆ្ពោះទៅរាជធានីភ្នំពេញ ។ លុះទៅដល់ចំណុចខាងលើស្រាប់តែដាច់ កាឡេរេចង្កូតទៅខាងស្តាំដៃបុករះតូបលក់ដូរ ចំនួន២នៅអែបផ្លូវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ យូ បឿន អាយុ៤៥ឆ្នាំ មានលំនៅភូមិក្បាលថ្នល់កន្លែងកើតហេតុ ដែលកំពុងអង្គុយរង់ចាំរថយន្ត តាក់ស៊ីស្លាប់នៅនឹងកន្លែង និងស្ត្រីម្នាក់ទៀតឈ្មោះ ប៉ាត់ គា អាយុ៤៥ឆ្នាំ ជាម្ចាស់តូបបានរងរបួសធ្ងន់ធ្ងរ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ដោយឡែកអ្នកដំណើរដែលជិះក្នុងរថយន្ត នីស្សាន់ចំនួន៤នាក់ក៏បានរងរបួសផងដែរ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ សពស្ត្រីរងគ្រោះដឹកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តប៉ូលិសយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]