ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានប្រគល់រូបថតប្រពន្ធ របស់ខ្លួនទៅឱ្យលោកមេឃុំ ដើម្បីយកទៅប្តឹងនៅមន្ទីរកិច្ចការនារីខេត្ត និងប៉ូលិសឱ្យជួយរក ដោយប្រាប់ថា នាងបាត់ដំណឹង រយៈពេលជាង១០ថ្ងៃមកហើយ ។ ទន្ទឹមនេះបានពឹងកោះសន្តិភាព សូមមេត្តាជួួយចុះផ្សាយផង ព្រមទាំងសូមផ្តាំទៅប្រពន្ធថា សូមប្រញាប់វិលទៅរកប្តី និងកូនទាំង២នាក់ ដែលកំពុងរង់ចាំយ៉ាងអន្ទះសា បើមិនបានទៅគ្រាន់តែឱ្យដំណឹងក៏អស់ចិត្តដែរ ។

អ្វីដែលធ្វើឱ្យបុរសជាប្តីបារម្ភនោះ ព្រោះបន្ទាប់ពីនាងទូរស័ព្ទទៅប្រាប់ថា នៅលើកប៉ាល់បានតែពីរបីម៉ាត់ ក៏ទាក់ទងគ្នាលែងបានរហូតមក ។ 
នៅក្នុងរបាយការណ៍របស់លោក ខៀវ សុភឿន មេឃុំប្រស្និប ស្រុករលាប្អៀរ ដែលដាក់ទៅសមត្ថកិច្ចគ្រប់កន្លែងឱ្យដឹងថា បុរសជាប្តីឈ្មោះជា សារិទ្ធ អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ ស៊្រន សុធា អាយុ២៦ឆ្នាំ មានកូនស្រី២នាក់ ក្នុងនោះកូនច្បងអាយុ៩ឆ្នាំ រស់នៅក្នុងភូមិសាអង ឃុំប្រស្និប ប្រកបរបរធ្វើស្រែ និងឡើងត្នោត ។ កាលពីថ្ងៃទី២៥ សីហា ស្ត្រីជាប្រពន្ធបានសុំប្តីទៅធ្វើការនៅរោងចក្រ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយបានទាក់ទងគ្នាតាមទូរស័ព្ទជាធម្មតា ។ លុះដល់ម៉ោង៥ល្ងាច ថ្ងៃទី២ កញ្ញា នាងជាប្រពន្ធបានទូរស័ព្ទទៅប្តី និងនិយាយបានតែពីរបីម៉ាត់ប៉ុណ្ណោះក៏ដាច់ទៅវិញ ដោយនិយាយថា នៅក្នុងកប៉ាល់ ។ ចាប់ពីពេលនោះលែងទាក់ទងគ្នាបានរហូតមក ។ ជួបជាមួយបុរសជាប្តីតាមទូរស័ព្ទ កាលពីថ្ងៃទី៩ កញ្ញា ប្រាប់កោះសន្តិភាពថា ក្រោយពីប្រពន្ធបាត់ដំណឹង ចាប់ពីថ្ងៃទី២ កញ្ញាមក រូបគេជាប្តីព្រួយបារម្ភជាខ្លាំង ព្រោះពេលនាងទូរស័ព្ទនិយាយជាមួយរូបគេបាន តែប៉ុន្មានម៉ាត់ក៏ដាច់លែងដឹងដំណឹងអ្វីទាំងអស់ ។ ទោះជាយ៉ាងណាក្តី កាលពីថ្ងៃទី៧ កញ្ញា នាងបានទូរស័ព្ទទៅប្អូនស្រីរបស់ខ្លួន ហើយនិយាយបានតែប៉ុន្មានម៉ាត់ដូចមុនដែរ ប្រាប់ថានៅភ្នំពេញកំពុងឈឺ ហើយក៏បាត់ដំណឹងឈឹងរហូតមក ។ បុរសជាប្តីនិយាយថា ពេលនេះបើទោះបីនាងជាប្រពន្ធនៅទីកន្លែងណា ក៏គួរប្រាប់ឱ្យរូបគេដឹងច្បាស់ដែរ ដើម្បីកុំឱ្យព្រួយបារម្ភខ្លាំងពេក ។ ពេលនេះគេព្រួយបារម្ភណាស់ ខ្លាចនាងត្រូវគេបញ្ឆោតយកទៅ លក់នៅកន្លែងណាមួយ ទើបឱ្យលោកមេឃុំយករូបថតជួយស្វែងរក ។

បុរសជាប្តីបញ្ជាក់ថា គេមិនគិតថា ប្រពន្ធផិតក្បត់ទេ ព្រោះពួកគេមិនដែលទាស់ទែងគ្នាខ្លាំង ឬរូបគេធ្លាប់វាយដំនាងទេ ។ ពេលសួរថា តើខ្លាចប្រពន្ធលង់នឹងភ្លើងពណ៌ នៅទីក្រុង ឬឈ្លក់ទឹកម៉ាសុីន ដូចបទចម្រៀងដែរ ឬអត់ ? បុរសជាប្តីឆ្លើយថា ប្រពន្ធរបស់គេមិនដល់ម្លុឹងទេ ប៉ុន្តែបើបែបនេះមែន សូមប្រញាប់ទៅផ្ទះនិយាយគ្នាឱ្យដាច់ស្រេច ។ បុរសជាប្តីនិយាយថា «សូមអូនប្រញាប់មកផ្ទះ ព្រោះប្តី និងកូន នឹកអូនខ្លាំងណាស់ ស្ទើរដេកមិនលក់ បក់មិនល្ហើយទៅហើយ» ។ តាមប៉ូលិសបញ្ជាក់ថា ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាមុនពេល នាងជាប្រពន្ធចាកចេញពីផ្ទះ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ