ខេត្ដបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួន សង្ឃ៤អង្គយកមកសួរនាំ ក្រោយពីពលរដ្ឋរាយការណ៍មកថា សង្ឃ៤អង្គនោះកំពុងនិមន្ដបិណ្ឌបាត បច្ច័យក្នុងសកម្មភាពគួរឱ្យសង្ស័យ  កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៩ កញ្ញា នៅផ្សារមោងឫស្សី ។ សមត្ថកិច្ចបានឱ្យដឹងថា ព្រះសង្ឃទាំង៤អង្គ នោះគឺ១-នាម ដែន មករា ព្រះជន្ម២៨វស្សា ២-នាម មុត ម៉ុស ព្រះជន្ម២០វស្សា ៣-នាម ជឿ សែ ព្រះជន្ម២២វស្សា និង៤-នាម សុខ សាមមី ព្រះជន្ម១៨វស្សា ។

សង្ឃទាំងអស់ខាងលើគង់នៅវត្ដខ្លាកូនចាស់ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។ លោក កែវ សុខុម អធិការរងស្រុកមោងឫស្សីបានមានប្រសាសន៍ថា ការឃាត់ព្រះសង្ឃខាងលើនេះ ដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋ ដែលឃើញនិមន្ដបិណ្ឌបាតបច្ច័យទាំងព្រលឹម អុរក្នុងសកម្មភាពគួរឱ្យសង្ស័យ និងគង់នៅក្នុងផ្ទះសំណាក់យីហោ «ពេញចិត្ដ» ក្នុងស្រុកមោងឫស្សី ១យប់ហើយ ដោយនិមន្ដត្រឡប់មកពីរាជធានីភ្នំពេញ ដែលប្រាប់ថា ដាច់សោហ៊ុយធ្វើដំណើរ ។ លោកបន្ដថា ដោយសារសង្ស័យ ទើបលោកស្នងការខេត្ដបញ្ជាឱ្យឃាត់ព្រះសង្ឃទាំងនេះ បណ្ដោះអាសន្នដើម្បីសួរនាំពីគោលដៅ ។ ប្រជាពលរដ្ឋ និងក្រុមអាជីវករបានឱ្យដឹងថា សកម្មភាពរបស់ព្រះសង្ឃខាងលើពិតជាគួរ ឱ្យសង្ស័យបំផុតពេលនិមន្ដបិណ្ឌបាតបច្ច័យ ពីព្រោះគេមិនធ្លាប់ប្រទះឃើញព្រះសង្ឃអង្គ ណានិមន្ដបិណ្ឌបាត រួចហើយចេញពីវត្ដមក ស្នាក់នៅខាងក្រៅឡើយ ។ ប្រភពខ្លះប្រាប់ថា លោកសង្ឃទាំង៤អង្គនេះ ទើបតែនិមន្ដមកពីចូលរួមធ្វើបាតុកម្ម ជាមួយគណបក្សប្រឆាំង តែគេមិនអាចដឹងពីគោលដៅដែលព្រះសង្ឃមកស្នាក់ នៅបណ្ដោះអាសន្ននៅត្រឹមស្រុកមោងឫស្សីទេ ។ លុះព្រឹកឡើងគេឃើញព្រះសង្ឃខាងលើ និមន្ដបិណ្ឌបាតបច្ច័យ ទើបមានការភ្ញាក់ផ្អើលទាំងព្រលឹមអុរ ។

ជុំវិញនឹងបញ្ហាខាងលើនេះព្រះសង្ឃទាំង៤អង្គបាន មានសង្ឃដីកាថា ព្រះអង្គទើបតែនិមន្ដមកពី «វត្ដស្ទឹងមានជ័យ» ក្នុងរាជធានីភ្នំពេញ ដោយត្រឡប់ទៅ «វត្ដខ្លាកូនចាស់» នៅខេត្ដបន្ទាយមានជ័យ ។ ប៉ុន្ដែព្រះអង្គបញ្ជាក់ថា ពេលមកដល់ស្រុកមោងឫស្សី ក៏ឈប់សឹងនៅផ្ទះសំណាក់មួយយប់ ដោយសារអស់សោហ៊ុយធ្វើដំណើរ ។ លុះព្រឹកឡើងក៏និមន្ដចេញបិណ្ឌបាតបច្ច័យ ដើម្បីបានសោហ៊ុយធ្វើដំណើរបន្ដ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ទៅសួរនាំតែម្ដង ។ ពាក់ព័ន្ធនឹងរឿងដែលលើកឡើងថា ព្រះអង្គទើបវិលត្រឡប់មកពីចូលរួមធ្វើបាតុកម្មនៅភ្នំពេញ នោះលោកសង្ឃទាំង៤អង្គនេះបញ្ជាក់ថា ព្រះអង្គមិនពាក់ព័ន្ធទេ ។ ប៉ុន្ដែករណីនេះ សង្ឃខ្លះមានសង្ឃដីកាថា ទៅចូលរួមបុណ្យខួប ១០០ថ្ងៃគ្រូចៅអធិការវត្ដស្ទឹងមានជ័យ រីឯសង្ឃខ្លះមានសង្ឃដីកាថា ទៅមើលបងប្អូនឈឺនៅភ្នំពេញ ។ ទោះជាយ៉ាងនេះក្ដី ព្រះអង្គបញ្ជាក់ថា ព្រះអង្គបាននិមន្ដទៅភ្នំពេញ កាលពីថ្ងៃទី៦ កញ្ញា ដោយស្នាក់នៅវត្ដស្ទឹងមានជ័យ និងបានវិលត្រឡប់មកវិញនៅរសៀលថ្ងៃទី៨ កញ្ញា ។ ប៉ុន្ដែដោយយប់ផង និងអស់បច្ច័យធ្វើដំណើរក៏ស្នាក់នៅផ្ទះសំណាក់ ក្នុងស្រុកមោងឫស្សី១យប់សិន ។ លុះព្រឹកឡើងថ្ងៃទី៩ កញ្ញា ពេលនិមន្ដចេញបិណ្ឌបាតបច្ច័យក៏ត្រូវសមត្ថកិច្ចនិមន្ដព្រះអង្គមកសួរនាំតែម្ដង ។

លោក កែវ សុខុម អធិការរងស្រុកមោងឫស្សី បានបញ្ជាក់ថា លោកសង្ឃទាំង៤អង្គនេះមិនមែនធ្វើដំណើររួមគ្នា គឺ២អង្គធ្វើដំណើរដោយម៉ូតូដែលមានកូនសិស្សជាអ្នកឌុប ឯ២អង្គទៀតធ្វើដំណើរតាមរថយន្ដតាក់ស៊ីទាំងទៅភ្នំពេញ និងត្រឡប់មកវិញ ។ លោក កែវ សុខុម បន្ដថា ពេលសួរនាំនៅព្រឹកនោះ មានសង្ឃ២អង្គបានព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់បានភ្លាមៗមកសួរនាំដែរ ។ រីឯព្រះសង្ឃទាំងនោះអះអាងថា អស់បច្ច័យធ្វើដំណើរ ទើបឈប់ត្រឹមស្រុកមោងឫស្សី តែតាមពិតគេរកឃើញព្រះសង្ឃទាំងនេះមានបច្ច័យគ្រប់គ្រាន់ ។ តែទោះជាយ៉ាងណា គេមិនដឹងពីគោលបំណងរបស់ព្រះសង្ឃទាំង៤អង្គដែលមកស្នាក់នៅស្រុកមោងឫស្សីនោះទេ។

ប៉ុន្ដែក្រោយពីបញ្ជូនមកដល់ស្នងការដ្ឋានខេត្ដ លោកស្នងការក៏បានបញ្ជាឱ្យកម្លាំងការិយាល័យការពារ និងអន្ដរាគមន៍ដឹកព្រះសង្ឃទាំង៤អង្គនោះទៅកាន់វត្ដខ្លាកូនចាស់ ខេត្ដបន្ទាយមានជ័យ ជាវត្ដដែលព្រះសង្ឃស្នាក់នៅ ដើម្បីប្រគល់ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធស្រាវជ្រាវបន្ដ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]