ពោធិ៍សាត់៖ ស្ត្រីម្នាក់អាចនឹងត្រូវ ចូលពន្ធនាគារ តាមស្វាមីរបស់ខ្លួន បន្ទាប់ពីកម្លាំង នគរបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរកឃើញថា ស្រ្តីរូបនេះ យកថ្នាំញៀន ទៅចែកចាយឲ្យអ្នកទោស នៅក្នុងមន្ទីរឃុំឃាំង ម.៤ ស្ថិតក្នុង ស្រុកភ្នំក្រវាញ។

មន្រ្តីនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ថា ស្រ្តីជនសង្ស័យ ហាត់ ស៊ីណាត់  អាយុ ២៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅខាងលិចស្ពានមួយកន្លែងស្ថិតនៅ ភូមិព្រហស្បតិ៍ក្បាល  ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈស្ត្រីរូបនេះ កំពុងយកគ្រឿងញឿនមួយ កញ្ចប់ប្រភេទបេតង់វីតាមីនទម្ងន់ ០,១៥៨៥ ទៅឲ្យប្តី របស់ខ្លួនកំពុងជាប់ឃុំ សម្រាប់ចែកចាយឲ្យអ្នកទោស។

នាយផ្នែកនគរបាលយុត្តិធម៌ស្រុកភ្នំក្រវាញ លោកអនុសេនីយ៍ទោ នង សម្បត្តិ បានឲ្យដឹងងថា ជនសង្ស័យរស់នៅ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លោក នង សម្បត្តិ បន្តឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួន ដោយមានវត្ថុតាង ជាក់ស្តែងនោះ ជនសង្ស័យ ត្រូវបាន បញ្ជូនទៅកាន់ការិយាល័យកណ្តាលនគរបាលយុតិ្តធម៌ នៃស្នងការដ្ឋាននគរ បាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]