ភ្នំពេញ ៖ ក្រុមកម្មករសំណង់ ដែលស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង ចំនួន ២ក្រុម បានប្រយុទ្ធគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់ កាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងកន្លែង ដែលកម្មករសំណង់ស្នាក់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោក លត់ ឃីម ប្រធានប៉ុស្តិ៍ដង្កោ បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ វុធ រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ កម្មករសំណង់ មានទីលំនៅ ភូមិព្រែកទម្លាប់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល រងរបួសធ្ងន់ សន្លប់នៅកន្លែងកើតហេតុ បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដេរក្បាលជាង១០ថ្នេរ ។ ជនរង គ្រោះទី២ ឈ្មោះខុន ខេន ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករសំណង់ មានទីលំនៅភូមិស្នាយអន្ជិត ឃុំស្នាយ អន្ជិត ស្រុកជុំគីរី ខេត្តកំពត រងរបួសក្បាល និង៣នាក់ផ្សេងទៀតរងរបួសស្រាល។

លោក លត់ ឃីម បញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះ៥នាក់ខាងលើនេះ គឺជាអ្នកមិនដឹងរឿងអ្វីទាំងអស់ ជនរងគ្រោះឈ្មោះ វុធ រិទ្ធគាត់ ថា គាត់ចុះមកបត់ជើងតូច ស្រាប់តែក្រុមជនបង្ករត់ពីណា មកវាយគាត់នឹង ពូថៅសន្លប់ឈឹង ហើយជនរងគ្រោះឈ្មោះ ខុន ខេន នោះវិញ គាត់ថា គាត់មើលទូរទស្សន៍ចប់ ក៏ចេញមក ក្រៅបន្ទប់ឭគេថា មានគេវាយកូនចៅខ្លួនក៏ស្ទុះទៅមើល ក្រុមជនបង្កម្នាក់ ក៏មកកាប់ពីក្រោយ ត្រូវក្បាល រយះ ដេរ១០ថ្នេរដែរទៅ ចំណែក៣នាក់ផ្សេងទៀតរបួសស្រាល។ លោកបន្តថា ពេលនោះលោកក៏បញ្ជា កម្លាំងឲ្យចាប់ជនបង្ក ឲ្យបាន តែពួកវាគេចទាន់ ក៏ប៉ុន្តែក្រុមជនបង្កជាកម្មករសំណង់ដូចគ្នាទេ ហេតុដូច្នេះ យើងកំណត់មុខសញ្ញារួចហើយ ។

អធិការនគរបាល ខណ្ឌដង្កោ លោក យឹម សារ៉ាន់ ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា មនុស្សដែល ៥នាក់ ដែលនគរបាលប៉ុស្តិ៍ ឃាត់ខ្លួន មកនោះ ពួកគាត់ជាជនរងគ្រោះដែលក្រុមជនបង្កលបវាយពួកគេ ហើយក្រុម ជនបង្កបានរត់គេចខ្លួនអស់ ពេលដែលលោក អធិការ បានបញ្ជាកម្លាំង ឲ្យចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ។ លោកអធិការបន្តថា ជនរងគ្រោះ ៥នាក់នោះ លោកបានឲ្យត្រឡប់ទៅវិញ ហើយបន្ទាប់ពីដាក់ពាក្យ បណ្តឹង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]