ខេត្តប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងដោយបុរសម្នាក់ជិះម៉ូតូ ទាំងសភាពស្រវឹងធ្លាក់ភ្នែក ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកែងបត់មិនទាន់ ក៏ដួលបោកក្បាលទៅនឹងថ្នល់ សន្លប់ធំដេរអស់៦០ថ្នេរ ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី ៤ កញ្ញា ស្ថិតនៅតាមផ្លូវលំមួយកន្លែង ក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ។ យុវជនរងគ្រោះឈ្មោះ ចាន់ ពិសី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅ ភូមិកំពង់ព្រាល ឃុំកំពង់ព្រាល ស្រុកកំពង់ព្រាល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិភ្នំក្រិញ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ ជួបជុំជាមួយមិត្តភក្តិផឹកស៊ី នៅផ្ទះបងប្អូនរបស់ខ្លួន តាំងពីថ្ងៃរហូតដល់រសៀល និងម្នាក់ៗស្រវឹងជោកជាំ ។ ប្រភពបន្តទៀតថា ពេលនោះឪពុកមាជនរងគ្រោះបានពឹងមនុស្សឱ្យជូនទៅផ្ទះ ទើបឱ្យយុវជននោះយកម៉ូតូម៉ាកសង់ស៊េរីចាស់ ពណ៌ខ្មៅមួយគ្រឿងអត់ស្លាកលេខឌុបឪពុកមា ក្នុងទិសដៅពីកើតទៅលិច។

លុះទៅដល់ហើយ យុវជនរងគ្រោះក៏ជិះម៉ូតូតែម្នាក់ឯងត្រឡប់មកវិញក្នុងទិសដៅពី លិចទៅកើត តែដោយសាររូបគេស្រវឹងជោកជាំពេក និងជិះម៉ូតូក្នុងល្បឿនលឿនផង ដល់ចំណុចផ្លូវកែងបត់មិនទាន់ ក៏ជ្រុលចង្កូតទៅខាងស្តាំដៃ បណ្តាលឱ្យដួលបោកក្បាលនឹងផ្លូវរងរបួសយ៉ាងដំណំសន្លប់នៅនឹង កន្លែង ។ ក្រោយកើតហេតុ អ្នកភូមិបានទូរស័ព្ទហៅសាច់ញាតិបងប្អូនឱ្យដឹកយុវជនតាមរថយន្តទៅ សង្គ្រោះនៅមណ្ឌលសុខភាពភ្នំព្រាល តែដោយសារសភាពរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវគ្រូពេទ្យដេរអស់ចំនួន៦០ថ្នេរ ។ ការបើកបរទាំងសភាពស្រវឹងប្រឈមនឹងគ្រោះថ្នាក់ជាទីបំផុត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]