កំពង់ឆ្នាំងៈ ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង រវាងរថយន្តក្រុង និងរថយន្តដឹកគោ បាន បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សប្រុស-ស្រី ៣នាក់ទៀត បានរងរបួសធ្ងន់និងស្រាលកាល ពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុច ផ្លូវកោង ក្នុងភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលចរាចរណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តក្រុងដឹកអ្នក ដំណើររបស់ក្រុមហ៊ុនកម្ពុជា អង្គរអ៊ិចស្រ្ពេស ពណ៌ស្លាទុំ ឆ្នូតលឿង១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-8915 ដែលធ្វើដំណើរទិសដៅពីលិចទៅកើត ដោយបើកក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើត ហេតុ ដែលជាកន្លែងផ្លូវកោង ក៏វាក់នឹងរយន្តហ៊ីយ៉ាន់ដាយដឹកគោ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-4344 ដែលបានធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តក្រុង ជ្រុលទៅកៀរចំទ្រុងខាងឆ្វេង របស់ រថយន្ដដឹកគោ ហើយគេចមកស្តាំវិញ បណ្តាលឲ្យរថយន្តក្រុងរេចង្កូត ជ្រុលធ្លាក់ផ្លូវទៅបុកផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះចំពេញទំហឹង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ រងការខូចខាតទាំងស្រុង តែសំណាងល្អក្នុង ផ្ទះនោះ ពុំមានមនុស្សស្នាក់នៅ ។ ស្រ្តីអ្នកធ្វើដំណើរតាមរថយន្តក្រុងម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ និងមនុស្សប្រុសស្រីចំនួន៣នាក់ទៀត បានរងបួសធ្ងន់ និងស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ដោយឡែក អ្នករងរបួសធ្ងន់ចំនួន២នាក់ ត្រូវបានដឹកបន្តទៅសង្គ្រោះ នៅរាជធានីភ្នំពេញ ។ ចំពោះស្រ្តីអ្នកធ្វើដំណើរ ដែលស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រហូតមកដល់ពេលនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ  ហើយសពត្រូវបានរក្សាទុក នៅក្នុងបន្ទប់ដំកល់សព របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង រង់ចាំបងប្អូន សាច់ញាតិ ។ រីឯរថយន្តក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុក នៅការិ យាល័យចរាចរណ៍ជើងគោក  នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង រង់ចាំដោះស្រាយពេលក្រោយ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]