ខេត្តប៉ៃលិន ៖ មន្ត្រីការិយាល័យទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិ«ព្រំ»បានឱ្យដឹងថា កម្មករខ្មែរម្នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់B-៦២ មួយគ្រាប់កាល ពីរសៀលថ្ងៃទី៨ កញ្ញា នៅលើទឹកដីប្រទេសថៃ ត្រង់ចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ក្បែរព្រំដែនប្រហែល៤០ម៉ែត្រ ឈមនឹងខេត្តប៉ៃលិន ខណៈដែលក្រុមកម្មករខ្មែរទាំង៣នាក់នេះ កាប់គល់ឈើលេងប៉ះចំគ្រាប់កាំភ្លើងធុនធ្ងន់ ដែលគេអះអាងថា សល់ពីសម័យសង្គ្រាមក្នុងប្រទេសកម្ពុជា ។

មន្ត្រីទំនាក់ទំនងដដែលនិយាយថា ជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះប៉ុន ចាន់នី ភេទប្រុស អាយុ២៨ឆ្នាំ ស្លាប់ក្រោយពីនាំមកដល់មន្ទីរពេទ្យ ។ ២-ឈ្មោះអ៊ែល ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ របួសធ្ងន់ ២នាក់នេះមានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម និង៣-ឈ្មោះចំ រ័ត្ន ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង របួសធ្ងន់ ។ ពួកគេត្រូវបានសមត្ថកិច្ចនៃប្រទេសទាំង២ សម្រេចបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តចាន់បុរី ប្រទេសថៃ ។ មន្ត្រីព្រំដែនបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ជាកម្មករនៅផ្សារ«បាកាក» ខាងភាគីថៃ និងស្នាក់នៅក្នុងផ្សារថៃនេះតែម្តង ។

បើតាមការផ្តល់ព័ត៌មានពីភាគីថៃ និងសាក្សីផងបានប្រាប់ថា កម្មករខ្មែរទាំង៣នាក់នេះ បានឆ្លៀតឱកាសដើរ រុករកឃ្មុំក្នុងព្រៃក្រោយសម្រាកពីការងារ ។ ប្រភពដដែលថា ពួកគេបាននាំគ្នាដើររកឃ្មុំក្នុងទឹកដីថៃក្បែរអូរព្រំដែនខ្មែរ-ថៃប្រហែល៥០ម៉ែត្រ ។ ពេលពួកគេដើរដល់ចំណុចខាងលើក៏នាំគ្នាសម្រាក អង្គុយលេងលើគល់ឈើមួយ រួចយកកាំបិតកាប់គល់ឈើនោះលេង ក៏ប្លាតទៅចំគ្រាប់B-៦២ ដែលនៅក្បែរគល់ឈើនោះ បណ្តាលឱ្យផ្ទុះលាន់កក្រើកព្រៃតែម្តង ។ សមត្ថកិច្ចខ្មែរនិយាយថា ក្រោយពីស្នូរសំឡេងផ្ទុះ ទាំងសមត្ថកិច្ចខ្មែរ ទាំងសមត្ថកិច្ចថៃ បាននាំគ្នាទៅកាន់កន្លែងកើតហេតុ ។ គ្រានោះគេឃើញអ្នកទាំង៣នាក់ដេកដួលរដូករណែល ក្នុងថ្លុកឈាមក្បែរគល់ឈើ ហើយត្រូវភាគីថៃជួយបញ្ជូន ភ្លាមៗទៅកាន់មន្ទីរពេទ្យខេត្តចាន់បុរី ប្រទេសថៃ ។ ប៉ុន្តែអកុសលបុរសឈ្មោះ ប៉ុន ចាន់នី បានស្លាប់ពេលនាំទៅដល់មន្ទីរពេទ្យ ។ រីឯក្មេងប្រុស២នាក់ទៀតរងរបួសធ្ងន់ ដែលសមត្ថកិច្ចអះអាងថា មានសង្ឃឹមរស់តិចណាស់ ។

តាមការអះអាងមន្ត្រីយោធាថា គ្រាប់B-៦២ នេះជាប្រភេទអាវុធធុនធ្ងន់ ដែលប្រើប្រាស់ដោយកម្លាំងអតីតខ្មែរ ក្រហមកាលពីសម័យសង្គ្រាម ។ មន្ត្រីដដែលបញ្ជាក់ថា គ្រាប់នោះត្រូវគេបាញ់រួចហើយ តែមិនផ្ទុះ លុះជនរងគ្រោះខាងលើកាប់ចំក៏ផ្ទុះតែម្តង ។ តាមការផ្តល់ព័ត៌មានចុងក្រោយ
ថា ជនរងគ្រោះទាំង២នាក់ ដែលរបួសធ្ងន់កំពុងស្ថិតនៅ ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដែលក្រុមគ្រូពេទ្យប្រទេសថៃអះអាងថា ទំនងគ្មានសង្ឃឹម
ឡើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]