ភ្នំពេញ៖ និសិ្សត ឈ្មោះ យិន សុវណ្ណារ៉ា អាយុ២៤ ឆ្នាំ ស្នាក់នៅតាមផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន មិនដឹងរៀននៅសាលាណា បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ៥ ទៀបភ្លឹ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ នេះ ស្ថិតនៅមុខក្លឹបហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពេលដែល មានជនមិនស្គាល់មុខមួយក្រុម បាញ់ប្រហារចំនួន ៤គ្រាប់ ត្រូវ២គ្រាប់ ខណៈជនរងគ្រោះ បានចេញពីក្លឹប ទៅទិញស្ករកៅស៊ូ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹង ជនរងគ្រោះត្រូវគ្រាប់កាំភ្លើង ចំនួន២ គ្រាប់ ដោយមួយគ្រាប់ ត្រូវចំភ្លៅខាងស្តាំ និងមួយគ្រាប់ទៀត ត្រូវចំពោះ ហើយបច្ចុប្បន្ន នេះ ជនរងគ្រោះត្រូវបាន ជួយសង្គ្រោះជា បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ទោះជាយ៉ាងណា មិនទាន់ដឹងមូលហេតុ ពិតប្រាកដ ដែលបណ្តាលឲ្យមាន ការបាញ់បោះដោយសេរី ខាងលើនេះទេ ប៉ុន្តែប្រភពព័ត៌មានខ្លះថា អាចបណ្តាលមក ពីការដណ្តើមស្រីគ្នា ។

យោងតាមសេចក្តីរាយការណ៍ បានបន្តថា ខណៈជនរងគ្រោះ បានចេញពីក្លឹប ទៅរកទិញ ស្ករកៅស៊ូ នៅមុខក្លឹប ស្រាប់តែជនល្មើសមានគ្នា បី បួននាក់ បានបើករថយន្ត ស៊េរីទំនើបមួយគ្រឿង មកឈប់ជិតរងគ្រោះ ហើយបាញ់ចំនួន២ គ្រាប់ឡើងលើ ។ ពេលនោះ ជនរងគ្រោះ បាននិយាយទៅក្រុមជនល្មើសថា បើបាញ់មិនត្រូវ បាញ់ធ្វើអ្វី ភ្លាមៗនោះ ស្រាប់តែក្រុមជនល្មើស ខឹង ក៏បាញ់សំដៅចំនួន ពីរគ្រាប់រងរបួសធ្ងន់តែម្តង ។ តាមការបញ្ជាក់ពី អ្នកស្គាល់ជន ដៃដល់បានអោយដឹងថា អ្នកបាញ់កាំភ្លើងដៃដល់នោះ ឈ្មោះ រេត ជិះរថយន្ត ម៉ាកសឺដេស ។

ទាក់ទិននឹងការបាញ់ បោះដោយសេរីខាងលើនេះ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ បានទទួលស្គាល់ថា ករណីបាញ់ខាងលើនេះ គឺបណ្តាលមកពីការឈ្លោះប្រកែកគ្នា រវាងក្រុមជនរងគ្រោះ និងក្រុមជនល្មើស ។ មិត្តភក្តិ របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ និងជនល្មើស មិនដែលស្គាល់គ្នានោះទេ។ លោក ហ៊ុន សុធី បានបន្តថា បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ របស់លោក បាននឹងកំពុងធ្វើការស្រាវជ្រាវចំពោះករណីនេះ ៕

មតិប្រជាពលរដ្ឋ ដែលរស់នៅក្រុងភ្នំពេញ ក៏បានរិះគន់ចំៗ ចំពោះក្លឹបកំសាន្ត ហូលីដេ នេះថា តែងតែ បង្កបញ្ហាបាញ់បោះសេរី យ៉ាងអាណាធិបតេយ្យ ស្ទើរមិនលោះថ្ងៃ ប៉ុន្តែគ្មានឃើញសមត្ថកិច្ចណា ហ៊ានចុះបិទ ក្លឹបកំសាន្តនេះឡើយ ហើយក្លឹបនេះទៀតសោត គឺពោរពេញដោយការលេងថ្នាំយ៉ាងល្បីពេញក្រុងភ្នំពេញ ។

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]