ភ្នំពេញ : យុវជន២នាក់បាន រងរបួសធ្ងន់ទាំង២នាក់ ដោយម្នាក់បាក់ភ្លៅស្តាំ និងម្នាក់ទៀត បាក់ជើងឆ្វេង ដោយរថយន្ត RX330 បុកពេញទំហឹង នៅមុខក្រសួងមហាផ្ទៃ កាលវេលាម៉ោង ២និង១០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតលើកំណាត់ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីឃើញ ហេតុការណ៍ រថយន្ត RX330 បុកអ្នក ជិះម៉ូតូបណ្តាលឲ្យបាក់ជើង ទាំង២នាក់នេះ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្ត RX330 ធ្វើដំណើរ ក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ពោលគឺស្ពាន អាកាសក្បាលថ្នល់ ឆ្ពោះទៅ វិមានឯករាជ្យ ពេលមកដល់ ចំណុចកើតហេតុ រថយន្ត RX330 បើកវ៉ារថយន្តមួយ គ្រឿងទៀត វាងទៅចូលផ្លូវ ម្ខាងទៀត ជ្រុលទៅបុកម៉ូតូ មួយគ្រឿង ដែលធ្វើដំណើរ ច្រាស់ទិសគ្នា បណ្តាលឲ្យ អ្នកជិះម៉ូតូផ្លោងបុក នឹងកញ្ចក់ រថយន្ត រងរបួសបាក់ជើង ទាំង២នាក់ ។ ភ្លាមៗអ្នកបើក រថយន្តបង្ក ព្យាយាមបើករត់ គេចរហូតដល់ភ្លើងស្តុប ក្រសួងមហាផ្ទៃ ទើបនគរបាល គោលដៅភ្លើងស្តុប ឃាត់រថយន្តបាន ប៉ុន្តែអ្នកបើករថយន្តបង្ក បានចុះពីរថយន្តរត់ចូលក្រសួងមហាផ្ទៃបាត់ ។

នគរបាលដែលឃាត់រថយន្ត បង្ក បានឲ្យដឹងថា អ្នកបើក មិនបានស្គាល់អត្តសញ្ញាណ ទេ ប៉ុន្តែនៅក្នុងរថយន្ត ឃើញមានព្យួរអាវទាហាន ជាប់ស្លាកឈ្មោះ យ៉ង់ ម៉ៅ និងមានឃើញ ផ្កាយពីរ ជាប់នឹងអាវផងដែរ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា អ្នករងរបួសទាំង២នាក់ ម្នាក់ឈ្មោះ សឿង សោភា ភេទប្រុស អាយុ ២៥ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងម្នាក់ទៀត ឈ្មោះ ភក្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ ធ្វើការ និងស្នាក់នៅកោះពេជ្រ ។

ក្នុងនោះអ្នករងក្រោះ ជិះម៉ូតូ ម៉ាកស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1H-4084 ។ ចំណែករថយន្តបង្ក ម៉ាក លុច្សស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-5176 ។

បន្ទាប់ពីសមត្ថកិច្ចចុះអន្តរា គមន៍វាស់វែងរួច ក៏បានយករថយន្តបង្ក និងម៉ូតូ រងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីឲ្យម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះសំណងជូន ជនរងគ្រោះតាមនីតិវិធី របស់នគរបាលចរាចរណ៍ ខណ្ឌចំការមន ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]