ក្រុង​ប៉ោយ​ប៉ែត ៖ ​រថយន្ត​ដឹកជ័រ​កៅស៊ូ​​ធុន​ធំ​របស់​ថៃ​​មួយគ្រឿង​បាន​បើក​កៀរ​​រថយន្ត​មែរ​សឺ​ដេស​​​E320 របស់​​លោក​អគ្គ​​កុង​ស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ​ដែល​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នេះបាន​កើត​ឡើង​កាលពី​វេលាម៉ោង​​​៣​និង​៤៥​នាទី​​រសៀល​ថ្ងៃទី​២៤ មេសា​ ​​ស្ថិត​នៅ​ចំណុច​​រង្វង់​មូល​មាត់​​ច្រក​​ទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត ។ ​

​តាម​​កា​រ​បំភ្លឺ​ពី​មន្ត្រីសមត្ថកិច្ច​ប៉ូលិស​​អន្តោ​ប្រវេសន៍ប្រចាំនៅ​ច្រក​ព្រំដែន​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​​ មាន​​រថយន្ត​ធុន​ធំ​សណ្តោង​​កន្ទុយ​​​ដឹក​ជ័រ​កៅស៊ូ​របស់​ថៃ បាន​បើក​ពី​កើត​មក​ក្នុង​គោល​បំណង​ឆ្លង​​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ ​តាម​​ច្រក​​​ទ្វារអន្តរជាតិ​​​ប៉ោយ​ប៉ែត​​ ​។ លុះ​មក​ដល់​ចំណុច​បា​រ៉ាសមត្ថកិច្ច​​រង្វង់​មូល ​រ​​ថយន្ត​​នោះ​បាន​​ឈប់​សំចត​រង់​ចាំ​​សមត្ថកិច្ច​​ត្រួត​ពិនិត្យ​​​​ឯកសារ​​ឱ្យ​បាន​ត្រឹម​ត្រូវ​​​​ដើម្បី​ចូល​ទៅ​ក្នុង​​ទឹក​ដី​ថៃ ។​ បន្ទាប់​​មក​គេ​ឃើញ​មាន​រថយន្ត​​មែរ​សឺ​ដេស​​មា៉ាក​​E320 ពណ៌​ទឹក​ប្រាក់​ចង្កូត​​ស្តាំមួយ​គ្រឿង​​ ​បើក​បរ​ដោយ​បុរស​​អាយុ​ប្រមាណ​ជាង​៤០ឆ្នាំ​ ​និង​មាន​បុរស​ម្នាក់​ទៀត​ស្លៀកពាក់​​​​ស្អាត​​​បាត ​បាន​បើក​មក​ស្រប​ទិស​គ្នា​ហើយ​មក​ឈប់​សំចត​​​​ខាង​ឆ្វេង​​ជាប់ពី​មុខ​រថយន្ត​ថៃ​នៅ​ចំណុច​នោះ​ដែរ ក្នុង​គោល​​បំណង​​ឆ្លង​ដែន​ចូល​​ទៅក្នុង​ទឹក​ដី​ថៃ​ ។​ ​

នៅ​ពេល​ចេញ​ដំណើរ​រថយន្ត​ធុនធំសណ្តោង​កន្ទុយ​​របស់​ថៃ​បាន​បួង​ចង្កូត​ឆ្លង​បា​រ៉ាសរបស់​សមត​្ថ​កិច្ច​​ដើម្បីចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ក៏​ស្រាប់​តែ​ជ្រុលទៅកៀរ​រថយន្ត​​មែរ​សឺ​ដេស​ផែ្នក​​ខាង​មុខ​ចំទ្វារ​ខាង​ស្តាំ​​​បាក់​​ត្រចៀក​​ និង​កូត​ក្រពឹត​អស់​មួយ​​ចំហៀង​តែម្តង។ ​ ​ក្រោយ​ពេល​កើត​ហេតុ​​​ ​គេ​​ឃើញ​មា​ន​សមត្ថកិច្ច​​​
ប៉ូលិស​​ចរាចរ​ក្រុង​ប៉ោយ​ប៉ែត​​​បាន​មក​អន្តរាគមន៍​វាស់​វែង​​រួ​ចក៏​បាន​ឃាត់​រថយន្ត​​​ដឹក​ជ័រ​កៅ​ស៊ូ​​របស់​ថៃ និង​រថយន្ត​មែរ​សឺ​ដេស​​នោះ​យកទៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត​​ដើម្បី​​រក​ដំណោះ​ស្រាយតាមនីតិវិធី ។​

​​តាម​ប្រភព​ពី​មន្ត្រីសមត្ថកិច្ច​​​ដែល​នៅ​កន្លែង​​កើត​ហេតុ​​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹងថា ​​រថយន្ត​​ម៉ាក​​មែរសឺ​ដេស ​​ដែល​ត្រូវ​រថយន្តធុនធំរបស់​ថៃ​កៀរនោះ ​​គឺ​ជា​​រថយន្ត​​របស់​លោក​អគ្គ​កុង​ស៊ុល​​ខ្មែរ​ប្រចាំ​ខេត្ត​​ស្រះ​កែវ​​ ប្រទេស​ថៃ ​​។ ប៉ុន្តែ​ នៅពេល​កើត​​​ហេតុ​នោះ​​ គេ​ពុំ​ឃើញ​មាន​វត្ត​មាន​លោក​​​អគ្គ​កុង​ស៊ុល​នៅ​ក្នុង​​រថយន្ត​នោះទេ ​គឺ​មាន​​តែ​អ្នក​បើក​បរ​ ​​និង​​​មន្ត្រី​ម្នាក់​​​ជិះ​​នៅ​ក្នុង​​នោះ ហើយ​​ករណី​​គ្រោះ​ថ្នាក់​​នេះដែរ ​ពុំមាន​​បង្ក​​ឱ្យ​មនុស្សណា​ម្នាក់​​រង​របួស​នោះ​ឡើយ​ ​គឺ​គ្រាន់តែ​ខូច​ខាត​​​​រថយន្ត​​​ប៉ុណ្ណោះ ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]