ខេត្ដបន្ទាយមានជ័យ ៖ រឿងដូរប្ដីប្រពន្ធកម្រនឹងកើតមានណាស់ ក្នុងសង្គមខ្មែរយើង ប៉ុន្ដែគេឃើញមាននៅក្នុងរឿងនិទាន ស្រីកញ្ចើធ្លុះ ដែលនិយាយដល់ការដូរប្រពន្ធគ្នា រវាងនាយ ភេត្រា និងនាយមាណព ។ ទោះបីជាបែបណា រឿងរ៉ាវប្រហាក់ប្រហែល នឹងការដូរប្រពន្ធគ្នានេះ បានកើតឡើង ខណៈដែលបុរសជាមិត្ដភក្ដិនឹងគ្នា២នាក់ ម្នាក់បានលួចសហាយស្មន់ នឹងប្រពន្ធមិត្ដភក្ដិរបស់ខ្លួន ហើយពង្រត់គ្នាទៅស្រុកថៃបាត់ទៅ ។ ចំណែកបុរសដែលប្រពន្ធរត់តាមមិត្ដភក្ដិនោះ ក៏ងាកមកយកប្រពន្ធមិត្ដភក្ដិរបស់ខ្លួន ដែលប្ដីរត់ចោលទៅបាត់នោះ វិញដែរ ។

នេះជាការផ្លាស់ប្ដូរជីវិតប្ដីប្រពន្ធដែលមិន មានការព្រាងទុកនោះទេ តែកាលៈទេសៈបានជំរុញឱ្យពួកគេទទួលយកបែបនេះ ដោយសារតែដៃគូជីវិតរបស់ខ្លួនទាំងសងខាង បែរជាងប់ងល់នឹងកាមកិលេស បោះបង់សារជាតិមនុស្សទៅធ្វើជាសត្វរត់ចោលប្ដី-ប្រពន្ធ និងកូនៗ ដោយទុកឱ្យប្ដី និងប្រពន្ធរៀងខ្លួនជាអ្នកបីបាច់រក្សាមិនខុសពីទូកទៅកំពង់នៅ នោះឡើយ ។

ប្រភពព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី៦ កញ្ញា ឱ្យដឹងថា ប្ដីប្រពន្ធមួយគូដែលមានកូនទាំងអស់៧នាក់ នាងជាប្រពន្ធឈ្មោះ សន ពៅ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្ដបាត់ដំបង និងប្ដីឈ្មោះ ប៊ុន ធឿម អាយុ៣០ឆ្នាំ មានស្រុកកំណើតជាមួយគ្នា ។ បច្ចុប្បន្នមានទីលំនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។
ចំណែកប្ដី ប្រពន្ធមួយគូទៀត ប្ដីឈ្មោះ ឈុន លន់ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ ចាន់ សាវ័ន្ដ អាយុ២៦ឆ្នាំ មានស្រុកកំណើតជាមួយគ្នា និងមានកូន៣នាក់ ។ បច្ចុប្បន្ន មានទីលំនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។ ប្រភពដដែលបន្ដថា បុរសជាប្ដីទាំង២នាក់គឺជាមិត្ដភក្ដិនឹងគ្នា ។ ម្ដងៗឈ្មោះ ប៊ុន ធឿម តែងតែនិយាយលេងបន្លំមែនបបួលឈ្មោះ ឈុន លន់ ដូរប្រពន្ធគ្នា ។

តាមសម្ដីស្រ្ដីឈ្មោះ សន ពៅ ជាប្រពន្ធរបស់ឈ្មោះ ប៊ុន ធឿម បាននិយាយថា នាងនឹងឈ្មោះ ប៊ុន ធឿម បានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០០៦មកម៉្លេះ មានកូនប្រុសស្រីចំនួន៦នាក់ បាននាំគ្នាទៅធ្វើការនៅប្រទេសថៃ ហើយបានស្គាល់ឈ្មោះ ឈុន លន់ និងរាប់អានគ្នាជាមិត្ដភក្ដិ បន្ទាប់មក ក៏ត្រឡប់មកស្រុកខ្មែរវិញ ។ ពេលនាងមានផ្ទៃពោះ៦ខែ កំណើតកូនទី៧ នាងត្រូវបានប្ដីដើរចោលទៅឆាបឆក់យកប្រពន្ធមិត្ដភក្ដិ រួចនាំគ្នាពង្រត់ទៅធ្វើការនៅប្រទេសថៃ ដោយមិនបានគិតគូរពីនាង និងកូនក្នុងផ្ទៃឡើយ ។ បន្ទាប់មក នាងឆ្លងទន្លេបានកូនប្រុស ពេលនេះមានអាយុ២ខែហើយ ។

បើតាមការរៀបរាប់របស់បុរសអភ័ព្វស្នេហ៍ប្រពន្ធ រត់ចោលឈ្មោះ ឈុន លន់ បាននិយាយថា រូបគេនិងប្រពន្ធបានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ និងមានកូនប្រុសស្រីចំនួន៣នាក់ ។ បន្ទាប់ពីឈ្មោះ ប៊ុន ធឿម ដែលជាមិត្ដភក្ដិ និងប្រពន្ធរបស់ខ្លួនពង្រត់គ្នាទៅប្រទេសថៃបាត់ទៅ ពេលឃើញប្រពន្ធឈ្មោះ ប៊ុន ធឿម ឆ្លងទន្លេគ្មានប្ដីនៅមើលថែ បម្រើបាយទឹក និងដុតភ្លើងឱ្យ ខ្លួនក៏ស្ម័គ្រចិត្ដនៅបម្រើបាយទឹក និងដុតភ្លើងឱ្យ និងបានព្រមព្រៀងគ្នាសម្រេចចិត្ដយកគ្នាជាប្ដីប្រពន្ធវិញ ដូចជាការដូរប្រពន្ធគ្នាទៅចុះ ធ្វើម៉េចបើព្រហ្មលិខិតបានកំណត់ឆាកជីវិតរបស់គេឱ្យទទួលយកបែបនេះ ។

ការព្រមព្រៀងចាប់ដៃគ្នានេះ ពួកគេមានកូនរៀងៗខ្លួនដែរ ដែលបូកសរុបទៅ១០នាក់ទៅហើយ ដែលត្រូវឱ្យគូស្នេហ៍នេះរ៉ាប់រងចិញ្ចឹម ខណៈពេលដែលប្ដីប្រពន្ធពួកគេដែលលួចសាហាយស្មន់គ្នានោះកំពុងឈ្ងុយ ឆ្ងាញ់នឹងភ្លើងកាមទេពឯស្រុកថៃតែ២នាក់ប្ដីប្រពន្ធប៉ុណ្ណោះ ។ ចំណែកពួកគេ២នាក់យកគ្នាជាប្ដីប្រពន្ធប្រៀបដូចដូរគ្នានេះកំពុង ទទួលចិញ្ចឹមកូន១០នាក់ឱ្យរហង់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]