ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវប៉ូលិសស្រុកព្រៃកប្បាសចាប់ខ្លួន រួចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាម ច្បាប់ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូរបស់គេមួយ គ្រឿងយកមកលក់ក្នុងតម្លៃថោក តែត្រូវអ្នកទិញមានការសង្ស័យ ក៏ប្តឹងប៉ូលិសឱ្យជួយពិនិត្យ ។ នៅពេលឃើញប៉ូលិសមកដល់ ជនសង្ស័យដែលមានខ្លួន ក៏បានរត់គេចខ្លួន បានរយៈពេល៥ម៉ោង ក៏ត្រូវប៉ូលិសចាប់ខ្លួន  បាន កាលពីថ្ងៃទី៤ កញ្ញា វេលាម៉ោង៥និង១៥នាទី ល្ងាច នៅភូមិផ្សារជ្រៃ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ។

ប៉ូលិសស្រុកព្រៃកប្បាសបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះមានឈ្មោះ ជ្រឹន បូរី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបុរី ។ មុនពេលចាប់ខ្លួន ជនសង្ស័យបានលួចម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម១គ្រឿងអត់ស្លាកេលខពីក្រុងតាខ្មៅ ខេត្តកណ្តាលយកមកលក់នៅវេលាម៉ោង១និង៥នាទីរសៀល នៅភូមិឃុំខាងលើក្នុងតម្លៃថោក ។ ដោយមានការសង្ស័យ អ្នកចង់ទិញក៏ហៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំនៅក្បែរនោះ មកជួយមើល ។ ចំណែកជនសង្ស័យ គ្រាន់តែឃើញប៉ូលិសភ័យក៏រត់គេចខ្លួនបាត់ ។ ភ្លាមៗនោះ ប៉ូលិសបានតាមរករហូតដល់ល្ងាចថ្ងៃដដែល ទើបប្រទះឃើញក៏ចាប់ខ្លួនតែម្តង ។ ជនសង្ស័យម្នាក់នេះធ្លាប់ជាប់គុក៦ខែម្តងហើយពីបទលួច លុះចេញមកវិញនៅតែបន្តលួចម៉ូតូដដែល ។ ជនសង្ស័យបានសារភាពថា រូបគេបានលួចយកម៉ូតូប្រាកដមែន ហើយក៏ធ្លាប់ជាប់គុក៦ខែ ទើបតែចេញមកវិញ កាលពីថ្ងៃទី៣០ សីហា ។

ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាន ឱ្យដឹងថា នៅពេលនេះប៉ូលិសកំពុងតែអំពាវនាវរកម្ចាស់ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ដែលជនសង្ស័យបានលួចពីក្រុងតាខ្មៅដើម្បីប្រគល់ឱ្យវិញ ។ ជនសង្ស័យត្រូវប៉ូលិសបញ្ជូនទៅសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី ៥ កញ្ញា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]