ខេត្ត​កំពង់ចាម​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​ផ្ទួនៗ​​ លើ​ផ្លូវ​ជាតិ​​លេខ​​៧ ចំនួន​​២ករណី​​​ ក្នុង​ថ្ងៃទី​​​​២៤ មេសា ២០១២ លើ​ទឹក​ដី​ស្រុក​ត្បូង​​ឃ្មុំ​​ ​បាន​​ឆក់់យក​អាយុ​ជីវិត​​ប្រជាពលរដ្ឋ​​​ក្មេង​ចាស់​​ប្រុស​ស្រី​​​ចំនួន​​​ ៨នាក់ និង​របួស​​ធ្ងន់​ស្រាល​​ចំនួន​​​៣៥​នាក់ ត្រូវបាន​​ដឹក​តាម​​​រថយន្ត​​​សាមុយ​​​ទៅ​កាន់​​មន្ទីរ​​ពេទ្យ​​បង្អែក​​ ស្រុក​ មន្ទីរ​​​​ពេទ្យ​បង្អែក​​​ខេត្ត​​​និង​មន្ទីរ​​ពេទ្យ​​៧ដេ ស្ថិត​​នៅស្រុក​​​កំពង់​សៀម​ និង​មួយ​ចំនួន​​បាន​បញ្ជូន​​​ប​ន្ត​ទៅសង្គ្រោះ​​​នៅរាជ​​ធានី​ភ្នំពេញ​​​​ផង ​ដែរ ។

ករណី​​ទី​​១ កើតឡើង​កាល​ពីវេលា​ម៉ោង​​​២និង​​​១០នាទី​​រសៀល​​ថ្ងៃទី​​​​២៤ មេសា ស្ថិត​ក្នុង​ភូមិ​​វាល​ខ្នាច ឃុំ​ស្រឡប់​​ ស្រុក​ត្បូង​ឃ្មុំ​​ ដោយ​សារ​រថយន្ត​​​ម៉ាក​ទី​​តាន​ដឹក​ភ្ញៀវ​​​ក្មេង​ចាស់​ប្រុស​ស្រី​​ជាង​​​ ៤០នាក់​​ ទៅ​ចូល​រួម​​​មង្គល​ការ​​​ បាន​បុក​ជា​មួយ​នឹង​រថយន្ត​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ ចំណុះ​​​១​តោន​កន្លះ​​​​ប្រភេទ​​​បែន​ដឹក​ដី​​​លាន់ដូច​រន្ទះ​​​ ជា​ហេតុ​​​ បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ​​​ចំនួន​​​៥នាក់​​ និង​​៣នាក់​ទៀត​​ ស្លាប់​ពេល​​​បញ្ជូនទៅដល់​​មន្ទីរពេទ្យ​​ ព្រម​ទាំង​​​​របួស​ធ្ងន់​​ស្រាល​ចំនួន​​​២៩នាក់ ។

ចំពោះករណីទី​​២ កើតឡើង​កាលពីវេលា​ម៉ោង​​​៨និង​​​១៥នាទី​​​យប់​ថ្ងៃទី​​​២៤ មេសា ត្រង់​ចំណុច​​ភូមិ​ជប់​ក្រៅ ឃុំ​ជប់​​ ស្រុក​​ត្បូង​ឃ្មុំ។ ហេតុ​ការណ៍​នេះ​​កើ​ត​ឡើង ដោយ​​រថយន្ត​ម៉ាក​តូយ៉ូតា ​ពណ៌ទឹក​ប៊ិច ​បើក​បរ​ដោយ​ឈ្មោះ​ប៉ៃ រឿន ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ចេញ​ពីរោង​ការ​ស្រវឹង​ស្រា​បុកគ្នា​ជាមួយ​នឹង​រថយន្ត​ហ៊ីយ៉ាន់​ដាយ មិន​ស្គាល់​​អ្នក​បើក​បរ​​ ខណៈ​កំពុង​​​ធ្វើដំណើរ​​បញ្ច្រាស​ទិស​គ្នា​ ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ចំនួន​៦​នាក់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]