ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល យ៉ាងកក្រើកមួយ បានកើតឡើង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្នុងខណៈ ដែលសមត្ថកិច្ចនគរបាលចម្រុះ ក្នុងមូលដ្ឋាន បានដេញចាប់ជនសង្ស័យម្នាក់ ជិះម៉ូតូអ៊ែប្លែក ដោយសង្ស័យ ពាក់ព័ន្ធទៅនឹងករណីបទល្មើសព្រហ្មទណ្ឌ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង ១០នាទីព្រឹក នៅតាមបណ្តោយផ្លូវលេខ២១៧ ទល់មុខបុរីប៉េងគង់ ក្នុងភូមម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកអធិការដ្ឋាន នគរបាលខណ្ឌដង្កោ យឹម សារ៉ាន់ បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួន ជន សង្ស័យខាងលើនេះ គឺរូបលោកបានបញ្ជាឲ្យកូនចៅក្រោមឱវាទ ចុះល្បាតតាមមូលដ្ឋាន ក្នុងបំណងការ ពារសុវត្ថិភាព ប្រជាពលរដ្ឋឲ្យស្របទៅតាម គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ហើយខណៈ ដែលកម្លាំងរបស់លោក បានឃើញជនសង្ស័យម្នាក់ជិះម៉ូតូ អ៊ែប្លែក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះ សីហនុ 1A-5530 ជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងការសង្ស័យ ទើបរូបលោក បញ្ជាឲ្យ កម្លាំងចម្រុះក្នុងខណ្ឌដង្កោ ចេញគ្រប់ច្រកល្ហក ពួនស្ទាក់ និងដេញចាប់ជនសង្ស័យនោះ យកមកធ្វើការ សាកសួរ ។  

ក្នុងប្រតិបត្តិការ ដេញចាប់ជនសង្ស័យយ៉ាងប្រផាប់ប្រភីង ខាងលើនេះ គឺកម្លាំងនគរបាលមូលដ្ឋាន ប៉ុស្តិ៍ ដង្កោ ឃើញជនសង្ស័យ ជិះម៉ូតូម្នាក់ឯង ស្ថិតក្នុងសភាពភ័យខ្លាច ដូច្នេះកម្លាំងក៏បានដេញចាប់ ព័ទ្ធជន សង្ស័យដើម្បីសាកសួរ ប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូ ក៏បានព្យាយាមជិះរត់គេចខ្លួន តាំងពីមុខវត្ត សំបួរមាស ទៅដល់គោលដៅនគរបាលកំពុងល្បាត ក្នុងសង្កាត់ជើងឯក ដោយជនសង្ស័យ ឃើញមាន នគរបាលកំពុងឈរពួនស្ទាក់ រូបគេក៏បានត្រឡប់ម៉ូតូជិះរត់គេចខ្លួន រហូតមកដល់ចំណុចកើតហេតុខាងលើ ទើបត្រូវនគរបាល ដែលកំពុងដេញចាប់ បានហក់ធាក់ បណ្តាលឲ្យដួលម៉ូតូទៅនឹងថ្នល់ រួមកម្លាំងនគរ បាលចាប់វាយខ្នោះ យកមកកាន់នគរបាល អធិការដ្ឋាននគរបាលខណ្ឌដង្កោភ្លាមៗតែម្តង។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានថា ជនសង្ស័យពាក់ព័ន្ធនឹងករណីអ្វីមួយឲ្យ ប្រាកដនៅឡើយទេ ប៉ុន្តែជនសង្ស័យខាងលើនេះ ត្រូវបានគេសន្និដ្ឋានថា ពាក់ព័ន្ធនឹងបទល្មើស ជួញដូរ ម៉ូតូគេចពន្ធ (លួចពីគេមកលក់ឲ្យអ្នកដទៃ)។ ហើយជនសង្ស័យរូបនេះ មានឈ្មោះ ធី វិរៈ ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិពោធិ៍ ឃុំមេសថ្នក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

គួរបញ្ជាក់ថា ជនសង្ស័យបច្ចុប្បន្ន កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំ ធ្វើការសាកសួរឲ្យបានច្បាស់ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទា ទោសតាមផ្លូវច្បាប់ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]