ខេត្តឧត្តរមានជ័យ ៖ ឃាតកម្មសម្លាប់ស្ត្រីម្នាក់ ដោយកាត់ក្បាលដាច់ចេញពី.ក នៅតាមផ្លូវលំមួយ ចូលទៅក្រុមហ៊ុនទំរីងរ៉ាប់ប៊ឺ ចុះពីផ្លូវជាតិលេខ 67B ប្រមាណ១គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្តូង៣ ហៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី២ កញ្ញា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ មកសាកសួរហើយ ប៉ុន្តែក៏មិនទាន់កំណត់បាននៅឡើយទេថា ជនសង្ស័យម្នាក់នេះគឺជាឃាតករ ។

ការសម្លាប់ស្ត្រីរងគ្រោះដោយកាត់ក្បាលនេះ ជាអំពើឃោរឃៅរកទីបំផុតគ្មាន និងមានចរិតព្រៃផ្សៃបំផុត ដែលទោះបីជាបែបណា ការសម្លាប់ផ្តាច់ជីវិតក៏មិនចាំបាច់កាត់ក្បាលគួរឱ្យរន្ធត់បែប នេះដែរ ហើយជាកាយវិការទៅលើស្ត្រីភេទថែមទៀត ។ តើរឿងគំនុំនោះមានទម្ងន់ប៉ុនណាទៅ ទើបឃាតករធ្វើបែបនេះ ។

ស្ត្រីចំណាស់ម្នាក់ឈ្មោះ ស៊ុំ គឹមហេង ហៅយាយសឿ អាយុ៦៩ឆ្នាំ ប្តីឈ្មោះ ប្រឹម សារ៉ាន់ អាយុ៦៤ឆ្នាំ ត្រូវជាឪពុកម្តាយស្រី្តរងគ្រោះ បាននិយាយថា រូបគាត់ទាំងពីរនាក់មានកូនចំនួន៦នាក់ (ស្រី៥នាក់) ហើយកូនស្រីដែលឃាតករសម្លាប់កាត់ក្បាលយ៉ាងឃោរឃៅព្រៃផ្សៃនេះ ជាកូនទី៤ ឈ្មោះ ប្រឹម សាវ៉ាន អាយុ២១ឆ្នាំ ។ នាងជាស្ត្រីមេម៉ាយកូន២ គឺកូនទី១ជាកូនប្តីមុនរបស់នាង ប្តីនោះបានលេបថ្នាំសម្លាប់ខ្លួន ព្រោះតែប្រចណ្ឌប្រពន្ធ ដោយចោទប្រពន្ធថាមានសហាយស្មន់ នៅក្នុងអំឡុងឆ្នាំ២០០៨ ។ បន្ទាប់មកកូនស្រីរបស់គាត់នេះ បានយកប្តីក្រោយទៀតឈ្មោះ ស្រី វរៈ ហៅទូច អាយុ៤២ឆ្នាំ ធ្វើការនៅអង្គការហាឡូត្រាស បានកូនស្រីម្នាក់ទៀត បច្ចុប្បន្នទើបតែមានអាយុ១ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបន្សល់ទុកឱ្យគាត់ជាជីដូនចិញ្ចឹម ។

ស្ត្រីជាម្តាយបញ្ជាក់ថា កន្លងមក កូនស្រីគាត់ដែលរងគ្រោះនេះធ្លាប់កើតមានរឿងជម្លោះគ្នាជាមួយបុរស ម្នាក់ពីរឿងជំពាក់លុយ តែរឿងរ៉ាវអ្វីផ្សេងទៀត ពួកគាត់ជាឪពុកម្តាយពុំបានដឹងទេ ស្រាប់តែមានឃាតករទូរស័ព្ទទាំងយប់ ហៅកូនស្រីរបស់គាត់ទៅ ក៏ចាប់អារ.ក និងកាត់ក្បាលយ៉ាងព្រៃផ្សៃបែបនេះទៅ ។

លោកវរសេនីយ៍ទោ ហម ភិរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៤ កញ្ញាថា ឃាតកម្មដែលសម្លាប់ស្ត្រីយ៉ាងព្រៃផ្សៃនោះ គឺសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវវែកមុខឃាតករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ពេលនេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យម្នាក់មកសាកសួរ ប៉ុន្តែពុំទាន់ចេញជាលទ្ធផលនៅឡើយទេ ទោះជាយ៉ាងណាសមត្ថកិច្ចសង្ឃឹមថា នឹងវែករកឃាតករឃើញក្នុងពេលឆាប់ៗខាងមុខនេះ ។
មុននេះលោក អនុសេនីយ៍ទោ អាំ វណ្ណារិទ្ធ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអន្លង់វែង ដែលជាមន្ត្រីនគរបាលមូលដ្ឋាន ក្រោយពេលធ្វើការត្រួតពិនិត្យសពរួចបានសន្និដ្ឋានថា ការសម្លាប់ស្ត្រីម្នាក់នេះសង្ស័យជារឿងគំនុំ ឬជារឿងអាថ៌កំបាំងណាមួយដែលយើងស្មានមិនដល់ក៏អាចថាបាន ។ ចំណែកមន្ត្រីសមត្ថកិច្ចផ្សេងទៀតសន្និដ្ឋានថា ជនដៃដល់ដែលសម្លាប់ស្ត្រីរងគ្រោះនេះគឺជាមនុស្សស្គាល់គ្នា ហើយមានការទុកចិត្តថែមទៀតទើបស្ត្រីរងគ្រោះហ៊ានទៅជួប ទាំងយប់តាមរយៈទូរស័ព្ទដោយគ្មានការភ័យខ្លាច ។ ជុំវិញឃាតកម្មសម្លាប់កាត់ក្បាលនេះ តាមការសន្និដ្ឋាន គឺជាការធ្វើឃាតដោយមានការគិតទុកជាមុន របស់ឃាតករដែលពោរពេញទៅដោយកំហឹង ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ហើយអាចឈានទៅស្រាវជ្រាវតាមរយៈលេខទូរស័ព្ទដែលមានការទាក់ ទងគ្នាមុនពេលកើតហេតុផងដែរដែលឃាតករបែបនេះមិនងាយគេច ខ្លួនរួចពីកណ្ដាប់ដៃសមត្ថកិច្ចឡើយ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]