កាលពីថ្មីៗនេះ លោកប្រធានាធិបតី របស់សហរដ្ឋអាមេរិក Barack Obama បានធ្វើដំណើរចាកចេញពី សហរដ្ឋអាមរិកហើយ ដើម្បីចូលរួមកិច្ចប្រជុំ មេដឹកនាំពិភពលោក G20 ដែលមានរយៈពេល ២ថ្ងៃ ក្នុងទីក្រុង សេន ភីធើបើក ប្រទេសរុស្សី កន្លងទៅនេះ។

ក្នុងនោះ លោកប្រធានាធិបតីសហរដ្ឋអាមរិក Barack Obama នឹងសម្តែងការគួរសម និងចូលរួមកិច្ចពិភាក្សា ទ្វេភាគីជាមួយនឹង លោកប្រធានាធិបតីរុស្សី Vladimir Putin ពាក់ព័ន្ធនឹងបញ្ហានៅប្រទេស ស៊ីរី នាល្ងាចថ្ងៃនេះ ក្នុងកម្មវិធីពិសាភោជនីយអាហារ បន្តិចទៀតនេះ។

បច្ចុប្បន្ននេះ លោក Obama កំពុងស្វែងរកកិច្ចគាំទ្រទាំងជាតិនិងអន្តរជាតិ ពាក់ព័ន្ធនឹងការអន្តរាគមន៍យោធាពីសំណាក់កងទ័ពសហរដ្ឋអាមេរិក ទៅលើរដ្ឋាភិបាលលោក Assad ដែលប្រើប្រាស់អាវុធគីមី សម្លាប់ពលរដ្ឋខ្លួនឯងកន្លងទៅនោះ។ ហើយលោក Obama ក៏សម្តែងនូវកង្វល់មួយចំនួន ដែលប្រទេសស៊ីរីអាចនឹងប្រើប្រាស់អាវុធគីមីបន្តទៅទៀត ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ណាមួយពីសំណាក់អន្តរជាតិ ដើម្បីបញ្ឈប់ការសម្លាប់ជាតិសាសន៍ឯងនេះទេ។

ចំណែកឯប្រទេសរុស្សី ដែលជានិច្ចកាលតែងតែគាំទ្រ និងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសស៊ីរីនោះ បានធ្វើការវេតូចំនួន៣លើកមកហើយ ទៅលើដំណោះស្រាយថ្កោលទោសរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឯអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ក៏បានចេញសេចក្តីថ្លែងការណ៍ ព្រមាននិងប្រឆាំងដាច់ខាង កិច្ចអន្តរាគមន៍យោធាណាមួយ ទៅលើប្រទេសស៊ីរី ព្រោះកត្តានេះអាចធ្វើឲ្យ តម្លៃប្រេងឡើងថ្លៃខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក។

ប្រទេសមហាអំណាចចិន និងរុស្សីទាំងពីរនេះ បានប្រឆាំងដាច់ខាតមិនឲ្យមានការអន្តរាគមន៍ខាងយោធាណា ដែលគ្មានការអនុញ្ញាតិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដែលមានប្រទេសមហាអំណាច ៥ជាសមាជិកឡើយ ដោយស្នើឲ្យប្រទេសលោកខាងលិច និងសហរដ្ឋអាមរិក គប្បីស្វែងរកភស្តុតាង និងធ្វើការស៊ើបអង្កេត អោយបានច្បាស់ជាមុខសិន ពាក់ព័ន្ធនឹងរឿងប្រើប្រាស់អាវុធគីមីកន្លងទៅនេះ។

ទោះជាយ៉ាងណាក៏ដោយ ភាពវិជ្ជមានពាក់ព័ន្ធនឹងបញ្ហានៅប្រទេសស៊ីរី បានចាប់ផ្តើមលេចចេញជាភ្លើងសញ្ញាពណ៌ខៀវហើយ ដោយសហរដ្ឋអាមេរិក និងប្រទេសរុស្សីបានវិលចូលតុចរចា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ជាជាងដំណោះស្រាយបែបយោធា ទៅលើប្រទេសស៊ីរីនោះ។








តើប្រិយមិត្តយល់ថា ចំពោះរឿងនេះ? តើសហរដ្ឋអាមរិកគួរតែប្រើប្រាស់កិច្ចអន្តរាគមន៍យោធា រឺដំណោះស្រាយនយោបាយ ទៅលើប្រទេសស៊ីរី?

បើសហរដ្ឋអាមរិក ជ្រើសរើសអន្តរាគមន៍យោធាទៅលើស៊ីរី តើរុស្សី និងចិន នឹងមានប្រតិកម្មតបយ៉ាងដូចម្តេច?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]