ខេត្តមណ្ឌលគិរី ៖ យុវតីជាជនជាតិព្នងម្នាក់ ត្រូវអ្នកភូមិប្រទះ ឃើញដេកសន្លប់ក្នុងថ្លុកឈាម ដោយសាររងរបួសយ៉ាងធ្ងន់ ហើយត្រូវបានសាច់ញាតិ និងសមត្ថកិច្ចដឹកបញ្ជូនភ្លាមៗទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះ ។យុវតីរងគ្រោះរូបនេះ ត្រូវបានគេសង្ស័យថា អាចជាករណីចាប់រំលោភ បានសម្រេច ហើយជនដៃដល់ប៉ងសម្លាប់ចោល ប៉ុន្តែក្មេងស្រីរងគ្រោះមិនទាន់ស្លាប់ ។

ករណីខាងលើនេះ ត្រូវបានប្រភពព័ត៌មាននិយាយថា បានកើតឡើងខណៈ នាងចេញទៅឃ្វាលគោ ហើយត្រូវគេចាប់រំលោភ និងកាប់ចំនួន២ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ដេកក្នុងថ្លុកឈាម និងត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋនៅក្នុងភូមិប្រទះឃើញ កាលពីល្ងាចថ្ងៃទី៣ កញ្ញា នៅក្នុងភូមិពូហួង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។ មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំហើយ ។ ក្រោយពេលទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងនគរបាល២ក្រុមទៅកាន់កន្លែងកើតហេតុ ដោយ១ក្រុម ជួយដឹកក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ និង១ក្រុមទៀត ចុះទៅធ្វើកោសល្យវិច័យរកមូលហេតុ ពិតប្រាកដនៃអំពើដ៏ឃោរឃៅនេះ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា ករណីនេះជារឿងរំលោភ ហើយសម្លាប់បំបិទមាត់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេត និងស្រាវជ្រាវបន្ត ។ ដោយឡែកយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងភូមិបានឱ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបាន ទៅឃ្វាលគោតែម្នាក់ឯង ប៉ុន្តែរហូតដល់ល្ងាចថ្ងៃដដែលនោះគេ មិនបានឃើញនាងត្រឡប់មកផ្ទះវិញទេ ។ លុះឪពុកម្តាយរបស់នាង និងប្រជាពលរដ្ឋនៅក្នុងភូមិដើររក ស្រាប់តែប្រទះឃើញនាងដេកសន្លប់ក្នុងថ្លុក ឈាមក្នុងស្ថានភាពរងរបួសធ្ងន់ ដោយមានស្នាមកាប់នឹងពូថៅ ។

ប្រភពព័ត៌មានបន្តទៀតថា ក្រោយពីប្រទះឃើញក្មេងស្រីរងគ្រោះ នៅក្នុងថ្លុកឈាមយ៉ាងដូច្នេះប្រជាពលរដ្ឋ បានជួយដឹកបញ្ជូនទៅសង្គ្រោះនៅ មណ្ឌលសុខភាពឃុំចុងផ្លាស់ ប៉ុន្តែដោយសារតែមុខរបួសធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត ។ បច្ចុប្បន្ន ក្មេងស្រីរងគ្រោះកំពុងស្ថិតក្រោមការជួយស ង្គ្រោះបន្ទាន់របស់ក្រុមគ្រូពេទ្យ ខណៈដែលសមត្ថកិច្ចជំនាញបាននិង កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីនេះ ។

សូមបញ្ជាក់ថា ភូមិឃុំកើតហេតុខាងលើ ជាតំបន់ដាច់ស្រយាល ហើយមណ្ឌលសុខភាពឃុំមានតែមួយប៉ុណ្ណោះ និងមានស្ថានភាពផ្លូវពិបាកខ្លាំង ។ ប្រជាពលរដ្ឋនាំគ្នាយកក្មេងស្រីរងគ្រោះដាក់ក្នុងអង្រឹង សែងដោយថ្មើរជើងដើរលើចម្ងាយផ្លូវប្រមាណជាង៤០គីឡូែម៉ត្រ ទើបអាចរករថយន្តដឹកក្មេងស្រីទៅដល់មន្ទីរពេទ្យ បានព្រោះមិនអាចដឹកតាមម៉ូតូបានឡើយ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]