ភ្នំពេញ៖ ពេជ្រ សោភា កំពុងតែត្រូវប៉ាន់អស់ទាស់ ព្រោះការសម្ដែងនៅបរទេសមួយលើកៗ នាងទទួលបានធីបច្រើនក្រាស់ក្រែល ស្ទើរមិនគួរឲ្យជឿ។ តែពេជ្រ សោភា វិញ បែរជាមិនសូវសប្បាយក្នុងចិត្ត ដោយសារចេះតែនឹកផ្ទះ ប្រៀបបាននឹងកូនក្មេង មិនទាន់ធំ។ ម្យ៉ាងអារម្មណ៍ពេលឆ្ងាយបីម្ដាយឪពុក ហាក់នឹកស្រម៉ៃដល់កាលនាងនៅក្មេង ។ នាងត្រូវរស់នៅបែកពីពុកម៉ែ ព្រោះតែជីវភាពក្រីក្រ ធ្វើឲ្យនាងស្រងេះស្រងោចខ្លោចចិត្តម្នាក់ឯង លើទឹកដីអាមេរិក។

ជាការពិត ពេជ្រ សោភា តែងតែត្រូវបានសារព័ត៌មានក្នុងស្រុកផ្ដល់រហ័សនាមថា តារាសម្បូរមន្តស្នេហ៍ តែចំពោះនាងវិញ ស្ទើរយំបោកខ្លួនដូចអក ពេលឮពាក្យបែបនេះ ដោយសារនាងជាតារាចម្រៀង ស្រឡាញ់មុខមាត់ និង កិត្តិយសណាស់ ពិសេសម្ដាយតែងតែអប់រំនាងជារឿយៗ ឲ្យរៀបអត្តចរិកជាស្រីថ្លៃថ្នូរ ។ សូម្បីតែក្មួយក៏ត្រូវហាមប្រាមរឿងប្រុសឈ្មោលដែរ ព្រោះម្ដាយនាង មិនចូលចិត្ត អ្នកណាមានចរិតប្រសេចប្រសាចទេ ។

តារាចម្រៀងជាច្រើនឲ្យតែ ត្រឡប់ពីសម្ដែងក្រៅប្រទេស តែងតែហ៊ឹកហាក់ រឿងដូរឡាន និងទិញផ្ទះថ្មី ឬវីឡាអីជាដើម។ តែសម្រាប់ ពេជ្រ សោភា ហាក់ដូចជាស្ងាត់សូន្យ មិនឮដំណឹងនេះសោះ ។ ប្រភពពីអ្នកជិតស្និទ្ធជាមួយ ពេជ្រ សោភា បានប្រាប់ LookingTODAYថា ពេជ្រ សោភា មិនចង់ដូររថយន្តទាល់តែសោះ ហើយក៏គ្មានគំរោងដូរដែរ ទោះជាត្រឡប់មកវិញសល់លុយគគោកក៏ដោយ។ ម្យ៉ាងខ្លាចរអាពាក្យថា ប្រុសនេះដូរឲ្យ ប្រុសនោះទិញឲ្យ ។ ទៅអាមេរិចជើងនេះ មិនមែនដើម្បីតែលុយមួយមុខទេ នាងក៏ទៅជួបអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំវត្តមាននាង យូរក្រែលហើយ តាំងពីបែកបាក់ស្នេហ៍ចាស់មក នាងខានជាន់ដីអាមេរិកច្រើនឆ្នាំហើយ ព្រោះគេចរឿងប្រុសនេះឯង.. ។

ទោះជាតារាចម្រៀងស្រីល្បីល្បាញ មិនព្រមដូរឡាន នាងក៏ត្រូវអ្នកគាំទ្ររអ៊ូមិនតិចទេ ដោយសារឡាននាង ត្រូវគេបុក ឡើងកំបិតកំពៀវ លែងចង់ទៅមុខ ក៏នាងមិនខ្វល់ដែរ ។ ផ្ទុយពីតារាចម្រៀងដទៃ ដែលប្រើរថយន្តទំនើបៗ ដូចជា សុខ ពិសី ជិះRangRover យក់ ឋិតរដ្ឋា Rangrover 2012 ឱក សុគន្ធកញ្ញា Tuntra ។ ចំណែករថយន្តនាង គឺលុចស៊ីសកញ្ចាស់ ជិះរាប់ឆ្នាំមកហើយ តែនាងក៏ធ្លាប់និយាយថា រថយន្តជិះបានត្រឹមល្អមើលប៉ុណ្ណោះ មិនអាចដាំបាយស៊ី ឬងូតទឹកក្នុងនោះទេ គ្រាន់តែជាមធ្យោបាយ ធ្វើដំណើរមួយប៉ុណ្ណោះ ។ តែឡានចាស់ថ្មីទៅ ដល់ពេលដូចតែគ្នាហ្នឹង សំខាន់ គឺក្ដីសុខក្នុងចិត្តយើងឯណោះទេ..! ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា