រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីសាច់សខ្ចីសម្តីផ្អែមនាង អឿន ដាលីស បានធ្វើឱ្យអ្នកនិយមលេងហ្វេសប៊ុកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារារូបនេះបានបង្ហាញរូបថត រៀបការជាច្រើនសន្លឹកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់ នាងកាលពីពេលថ្មីៗនេះ ។

រូបថតទាំងនោះដែលនាងបានបង្ហាញនៅក្នុង បណ្តាញសង្គមដ៏ទាន់សម័យមួយនេះ ត្រូវបានគេពិនិត្យឃើញថា ស្វាមីរបស់នាងមិនមែន ជាបុរសក្នុងស្រុកឡើយ ពោលគឺជាជនជាតិបរទេស ហើយពិធីមង្គលការត្រូវបាន ប្រារព្ធធ្វើនៅក្នុងប្រទេសអូស្ត្រាលី ។តាមរយៈរូបថតទាំងនោះបានធ្វើឱ្យមិត្តភក្តិរបស់នាងមួយ ចំនួនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលនាង បានលួចសម្ងំទៅរៀបការយ៉ាងស្ងៀមស្ងាត់ យ៉ាងដូច្នេះ ខណៈពេលដែលមិត្តភក្តិក្នុងសិល្បៈ ដែលស្និទ្ធស្នាលជាមួយនាងក៏មិនបាន ដឹងរឿងនេះផង ។

ដំបូងឡើយមានការលើកឡើងថា ការបង្ហាញរូបថតរៀបការរបស់នាង អឿន ដាលីស នាពេលនេះ ទំនងជាចង់បង្កឱ្យមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ឡើងវិញ ពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងស្ទើរតែបាត់មុខពីសិល្បៈទៅហើយនោះ ។ ការដាក់ការសង្ស័យនោះ បន្ទាប់ពីរូបភាពដែលនាងបានបង្ហោះ ក៏បានភ្ជាប់ជាមួយនឹងពិធីមង្គលការបង ស្រីរបស់នាងដែលបានធ្វើឡើងនៅ ក្នុងប្រទេសអូស្ត្រាលីនេះដូចគ្នា ។

ប៉ុន្តែជាការកត់សម្គាល់នៅក្នុងរូបភាពមួយ សន្លឹកក្នុងចំណោម២សន្លឹកដែលត្រូវបាននាង  អឿន ដាលីស បានបង្ហោះនោះ នាងក៏បានសរសេរជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា នេះជាជីដូនជីតាក្មេករបស់នាង ហើយរូបនាងក៏បានសរសេរប្រាប់ដល់ មិត្តភក្តិរបស់នាងផងដែរថា គ្មានទៀតទេសម្រាប់ការនៅលីវរបស់នាង ។

ទាំងនេះសបញ្ជាក់ឱ្យកាន់តែច្បាស់ថា តារាសម្តែងមុខដូចកូនកាត់រូបនេះពិតជា បានរៀបការជាមួយស្វាមីដែលជា ជនបរទេសពិតប្រាកដមែន ប៉ុន្តែពិធីមង្គលការរបស់នាងមិនត្រូវបានគេដឹងច្បាស់ថា បានធ្វើឡើងនៅក្នុងពេលណានោះឡើយ ខណៈពេលដែលរូបថតទាំងនោះ ទើបតែត្រូវបាននាងបង្ហោះកាលពីពេល ថ្មីៗនេះ  ប៉ុណ្ណោះ ។ ទាក់ទងបញ្ហាខាងលើនេះ ពិធីករដែលធ្លាប់រួមការងារជាមួយនាង អឿន ដាលីស គឺលោក សុខ សិរីវឌ្ឍនា បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលលោកបានឃើញ រូបថតរៀបការដែលអឿន ដាលីស បានបង្ហោះនាពេលនេះ។

ទោះជាយ៉ាងណា ពាក់ព័ន្ធព័ត៌មានលម្អិតពីពិធីមង្គលការរបស់អឿន ដាលីស នាពេលនេះ រូបលោកក៏មិនបានដឹងព័ត៌មានលម្អិតដែរ ប៉ុន្តែលោកបានសម្តែងការអបអរសាទរចំពោះ អឿន ដាលីស ដែលបានរៀបការ ។ដោយឡែកអ្នកគ្រប់គ្រងកម្មវិធីកំសាន្ត ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ចា រិទ្ធី បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា រឿងនេះរូបលោកក៏មិនបានដឹងដែរ ប៉ុន្តែលោកក៏ធ្លាប់បានឮគេនិយាយពីរឿងនេះផងដែរ ។

គួរបញ្ជាក់ថា កន្លងមក អឿន ដាលីស ធ្លាប់បានអះអាងថា សម្រាប់បញ្ហាបេះដូងនាង នឹងមិនទទួលយកបុរសក្នុងស្រុកទេ ដោយសារតែនាងចង់សម្រេចបំណងប្រាថ្នារៀបការ ជាមួយអាណិកជកខ្មែរដែលរស់នៅឯនាយសមុទ្រ ។ នាងបញ្ជាក់ថា មិនមែននាងមិនចូលចិត្តបុរសក្នុងស្រុកទេ តែនាងយល់ថា «ទោះជាបុរសក្នុងស្រុកជាមនុស្សល្អកម្រិតណាក៏ដោយ ក៏គេមិនអាចលុប ចោលផ្នត់គំនិតដែលយល់ថាខ្លួនគេ គួរតែមានអំណាចជាង ភរិយានោះអស់ដែរ ហើយភាគតិចណាស់ដែលបុរសក្នុងស្រុក ទទួលធ្វើការងារក្នុងផ្ទះ ឬមើលកូនចៅជាការងាររួមគ្នា»។

នាងបន្ថែមថា មិនចង់ពាក់ព័ន្ធនឹងបុរសក្នុងស្រុកណាទេ ព្រោះនាងចង់រៀបការជាមួយ តែអ្នកនៅបរទេស តែនាងក៏ត្រូវស៊ើបប្រវត្តិរបស់គេ នោះរឿងប្រពន្ធកូនឱ្យច្បាស់ មុននឹងប្រថុយដែរ ។ ទោះជានាងមិនដាក់លក្ខខណ្ឌថា បុរសអាណិកជនដែលនាងប្រាថ្នាចង់រៀបការ ជាមួយត្រូវតែស្ថិតក្នុងប្រទេសណាឱ្យពិតប្រាកដក្តី ក៏នាងបង្ហើបថា ភាគច្រើនអាចនឹងនៅអូស្ត្រាលី ត្បិតមានបងស្រីរបវស់នាងជាភ្នែកច្រមុះនៅទីនោះ។ នៅទីបំផុតសុបិនរបស់ អឿន ដាលីស បានចេញជារូបរាងដូចទៅនឹងអ្វីដែលនាងបានប៉ងប្រាថ្នាហើយ បន្ទាប់ពីនាងបានសម្រេចចាប់ដៃគូជីវិតជាមួយបុរស ឯនាយសមុទ្រដែលនាងបានគិតទុកមកជាយូរនោះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]