ភ្នំពេញ : ម៉ូតូកញ្ចាស់សណ្តោងរ៉ឺម៉ក ផ្ទុកពេញដោយគ្រោងដែក ត្រូវភ្លើងឆាបឆេះ ខណ:ម្ចាស់ប្រឹងរោរ៍ ម៉ាស៊ីនឡើងស្ពានព្រះមុនីវង្សថ្មី ធ្វើឲ្យអ្នកបើកភ័យលោះព្រលឹង លោតចេញពីម៉ូតូ ហើយប្រវ៉េប្រវ៉ា រត់រក ទឹកមកជះពន្លត់ ទាន់ពេលវេលា មិនបណ្តាលឲ្យ ឆាបឆេះអស់នោះឡើយ គ្រាន់តែឆេះគ្រឿង ម៉ាស៊ីនទាំង ស្រុង ។

ហេតុការណ៍ភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងអាជ្ញាធរ សង្កាត់ច្បារអំពៅទី១នេះ កើតឡើង កាលវេលម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅលើស្ពានមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ ដែលបានជួយជះទឹកពន្លត់ដែរ បានឲ្យដឹងថា ម្ចាស់ម៉ូតូ សណ្តោងរ៉ឺម៉កដឹកដែក ដែលត្រូវភ្លើងឆេះនេះ ឈ្មោះ ឡេង ប៉ោឡេង ភេទប្រុស អាយុ ២៣ឆ្នាំ ជាជាង ផ្សារដែក ស្នាក់នៅម្តុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ។

បុរសម្ចាស់ម៉ូតូ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានដឹកដែកចេញពីផ្ទះ នៅម្តុំវត្តដំបូកខ្ពស់ ក្នុង បំណងយកទៅធ្វើដំបូលផ្ទះ ឲ្យគេនៅភូមិបឹងឈូក សង្កាត់និរោធ ខណ:កំពុងជិះឡើងស្ពានមុនីវង្សថ្មីនេះ បានពាក់កណ្តាលស្ពាន ក៏ត្រូវអ្នកដំណើរជិះក្បែរស្រែកប្រាប់ថា ភ្លើងឆេះម៉ូតូ ពេលនោះ ខ្លួនក្រឡេកមើល ក្រោម ឃើញអណ្តាតភ្លើង ឆេះសន្ឋោរឡើង ភ្លាមៗខ្លួន បានលោតចេញពីម៉ូតូតែម្តង ។ ភ្លាមៗនោះត្រូវបាន សមត្ថកិច្ច អាជ្ញាធរជួយជះ ទឹកពន្លត់ទាន់ពេលវេលាផងដែរ ។

បុរសម្ចាស់ម៉ូតូ បាននិយាយថា មូលហេតុដែលនាំឲ្យភ្លើងឆេះម៉ូតូនេះ គឺមិនដឹងមកពីអ្វីឲ្យ ប្រាកដនោះទេ ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យរងរបួស មនុស្សណាម្នាក់ឡើយ។ ក្រោយកើតហេតុ បុរសជាង ដែករូបនេះ បានទំនាក់ទំនងហៅគ្នីគ្នា មកជួយសណ្តោងបន្តទៅដល់គោលដៅផងដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]