ភ្នំពេញ៖ យុវជនស្រវឹង២នាក់ បងប្អូនបង្កើត ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចាប់ឃាត់ខ្លួន យកមកកាន់ទីស្នាក់ការប៉ុស្តិ៍ ខណៈដែល ជនបង្កទាំង២នាក់នេះ ជិះម៉ូតូ១គ្រឿង កាន់កាំបិតដេញកាប់យុវជនម្នាក់កំពុងជិះកង់ម្នាក់ឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ២០និង ៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។   

លោកនាយប៉ុស្តិ៍ ស្ទឹងមានជ័យបានឲ្យដឹងថា ជនបង្កទាំង២នាក់ បងឈ្មោះ វ៉ាន់ ទូច ភេទប្រុស អាយុ២២ ឆ្នាំ និងប្អូនឈ្មោះ វ៉ាន់ ចិន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកយុវជនរងគ្រោះ មានឈ្មោះ ម៉ៅ សុភា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ ។  

ប្រភពដដែលបន្តថា មុនពេលកើតហេតុឈ្មោះ ម៉ៅ សុភា កំពុងជិះកង់តែម្នាក់ឯង ចេញពីផ្ទះបំណងមក លេងផ្ទះម្តាយមីងនៅម្តុំកើតហេតុ ខណៈកំពុងជិះកង់មិនដឹងខ្លួនផង ស្រាប់តែលេចមុខ ឈ្មោះ វ៉ាន់ ទូច និង វ៉ាន់ ចិន ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1M-1566 ស្ថិតក្នុងសភាពស្រវឹងស្រា ជោកខ្លួន រួមទាំងកាន់កាំបិតប៉័ងតោមួយ មកក្បែរយុវជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះ មួយកាំបិតចំដើមដៃខាងស្តាំរបស់ឈ្មោះ ម៉ៅ សុភា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចជនបង្កហេតុបានព្យាយាមជិះម៉ូតូរត់គេចខ្លួន បានចម្ងាយជាង២០០ម៉ែត្រ ពីចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅបុកគល់ឈើបណ្តាលឲ្យដួលបោកក្បាលរងរបួសទាំង២នាក់ ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយក្រុមប្រជាការពារភូមិ អន្តរាគមន៍ឃាត់ខ្លួន ពួកគេយកទៅ កាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ដើម្បីសួរ ពីមូលហេតុ ដែលដេញកាប់គេឯងនេះ ។        

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានសម្របសម្រួលរវាងភាគីទាំង ២ ដោយតម្រូវ ឲ្យជនបង្កហេតុ ចេញថ្លៃ ព្យាបាលរបួសទៅឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង ព្រោះដោយសារក្នុងហេតុ ការណ៍នោះ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទេ គឺគ្រាន់តែទាមទារសំណងតែប៉ុណ្តោះ ។ ដូច្នេះចុងបញ្ចប់ សមត្ថកិច្ចសម្រេច ឲ្យពួកគេត្រឡប់ទៅវិញរៀងៗខ្លួន ។ ហើយហេតុការណ៍នេះ បង្កឡើងដោយសារជន សង្ស័យទាំង ២ នាក់ស្រវឹងស្រាបាត់បង់ស្មារតី ទាញកាំបិតដេញកាប់មនុស្ស តែម្តងទៅ ។ នេះប៉ះចំជនរង គ្រោះមានតែម្នាក់ឯង ចុះបើជនរងគ្រោះមានគ្នាច្រើន ហើយក្រុមជនរងគ្រោះ វាយបកវិញនោះ ច្បាស់ជា ជនស្រវឹងទាំង ២នាក់បងប្អូននេះ មិនសង្ឃឹមថា មានវាសនាឃើញពន្លឺថ្ងៃទេ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]