កាលពីថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធ សញ្ជាតិអង់គ្លេស Wayne Rooney របស់ក្លឹបបិសាចក្រហម Manchester United បានបង្ហោះរូបភាព ត្រូវរបួសថ្ងាសរបស់ខ្លួន នៅលើគណនីហ្វេសបុករបស់គាត់ ដោយបង្ហាញនូវមុខរបួស រយៈថ្ងាសបែកឈាម គួរឲ្យខ្លាចកន្លងទៅនេះ។ ក្នុងនោះ មូលហេតុដែលធ្វើឲ្យកីឡាករវ័យ ២៧ឆ្នាំរូបនេះត្រូវរបួស គឺដោយសារតែការប៉ះទង្គិច ជាមួយបាតស្បែកជើងរបស់មិត្តរួមក្រុម Phil Jones ក្នុងពេលហាត់កម្តៅសាច់ដុំ កាលពីថ្ងៃ សៅរ៍សប្តាហ៍មុន។

ដោយសាររបួសថ្ងាសនេះហើយ ទើបធ្វើឲ្យកីឡាករ Wayne Rooney មិនអាចចូលរួមការប្រកួតកន្លងទៅ ជាមួយក្រុមហង្សក្រហម Liverpool ដែលធ្វើឲ្យក្រុម Liverpool អាចយកឈ្នះទៅលើក្រុម Man Utd បានក្នុងលទ្ធផល ១ទល់នឹង០។ Rooney នឹងត្រូវសម្រាកព្យាបាលមុខរបួស រហូតដល់បីសប្តាហ៍ ដែលជាហេតុធ្វើឲ្យកីឡាកររូបនេះ អវត្តមានការប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេស ចំនួន២ប្រកួត ដោយអង់គ្លេសត្រូវប្រកួតជាមួយមូលដូវ៉ា នៅថ្ងៃសុក្រ និងប៉ះជាមួយអ៊ុយក្រែន នៅថ្ងៃអង្គារ៍។ លើសពីនេះទៅទៀតនោះគឺ Rooney នឹងអវត្តមានក្នុងជំនួបស៊ីសាច់ហុចឈាម រវាងក្រុមភូមិផងរបងជាមួយ Manchester City គួរឲ្យសោកស្តាយទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេស នឹងអវត្តមានកីឡាករបីរូបដោយសាររបួស ដូចជា ខ្សែប្រយុទ្ធ និងខ្សែបម្រើ ក្រុមបិសាចក្រហម Manchester United គឺកីឡាករ  Wayne Rooney និង Phil Jones ព្រមទាំងខ្សែការពារស្លាបស្តាំ Glen Johnson របស់ ក្រុមហង្សក្រហម Liverpool ផងដែរ ដោយសាររបួសជង្គង់ កន្លងទៅនេះ។




តើប្រិយមិត្តយល់ថា ទាំង Man Utd និង ក្រុមជម្រើសជាតិ អង់គ្លេស អាចប្រកួតឈ្នះ ដោយគ្មានវត្តមាន Rooney ដែររឺទេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]