ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ (នៅការិយាល័យក្រុមហ៊ុន Sabay)

បន្ទាប់ពីបានបញ្ចប់កម្មវិធី អាណាចក្រតារាឆ្នាំ២០១៣ ប្រកបដោយជោគជ័យរួចមក ថ្ងៃនេះគណៈកម្មការអាណាចក្រតារា បានធ្វើពិធីប្រគល់ថវិកា ដែលបានពីការលក់សំបុត្រចូលទស្សនា និងការផ្ញើសារគាំទ្រពីប្រិយមិត្ត ដល់សមាគមសិល្បករខ្មែរ។ ថវិកាសរុបដែលអាណាចក្រតារា២០១៣ ទទួលបានគឺមានចំនួន ១៦.០៩២.០០០ រៀល។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ជាស្ថាបនិកកម្មវិធីអាណាចក្រ តារានិងជាប្រធានគណៈកម្មការអាណាចក្រ តារា២០១៣ ហើយដែលបានចូលរួមឧបត្ថម្ភធំ ដល់កម្មវិធីអាណាចក្រតារាតាំងពីដើមទីមក បានមានប្រសាសន៍ថា អាណាចក្រតារា២០១៣ សូមនាំយកថវិកាដែលទទួលបាន ពីការបោះឆ្នោតគាំទ្រ ពីប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈ និងការលក់សំបុត្រទាំងអស់ ជូនសមាគមសិល្បករខ្មែរ ដើម្បីប្រើប្រាស់ចាត់ចែងជួយសិល្បករ តាមគោលការណ៍របស់សមាគម។

លោកមានប្រសាសន៍បន្តទៀតថា ជោគជ័យនៃអាណាចក្រតារាឆ្នាំនេះ គឺមិនអាចខ្វះបានជាដាច់ខាត នូវការចូលរួមរបស់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។ អាណាចក្រតារា មិនត្រឹមតែលើកមុខមាត់វិស័យសិល្បៈ សម័យកម្ពុជាក្នុងសម័យកាលទំនើប ភាវូប្បនីយកម្មប៉ុណ្ណោះទេ តែក៏មានឆន្ទៈជួយតាមរយៈសមាគមសិល្បករខ្មែរ ដល់បណ្តាសិល្បករសិល្បការិនីបាត់បង់លទ្ធភាព រឺដែលកំពុងជួបការលំបាកផ្សេងៗ ផងដែរ។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា ៖"នេះជាការរួមចំណែកដ៏ធំធេងរបស់អាណាចក្រតារា ក្នុងបេសកកម្មជួយសមាគមសិល្បករខ្មែរដែលកំពុងត្រូវការថវិកាជួយដល់សិល្បករជាច្រើននាក់ទ័ល ក្រ រឺបាត់បង់លទ្ធភាពពលកម្ម ហើយខ្ញុំនឹងចាត់ចែងថវិកាទាំងអស់នេះទៅតាមគោលការណ៍របស់សមាគម"។

លោកបញ្ជាក់បន្ថែមទៀតថា ៖ "ក្នុងនាមខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ សូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានបោះឆ្នោតគាំទ្រតារា និងទិញសំបុត្រចូលទស្សនាកម្មវិធី ប្រគល់ពានអាណាចក្រតារា។ ការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា មិនមែនតែដើម្បីតារាសំណព្វចិត្តអ្នក ឬអាណាចក្រតារានោះទេ តែជាវិភាគទានដ៏មានតម្លៃបំផុត សម្រាប់សមាគមសិល្បករខ្មែរ។

លោក សុះ ម៉ាច ថ្លែងបន្តទៀតថា សមាគមសិល្បករខ្មែរ ចង់ឃើញសិល្បករសិល្បការិនីខ្មែរទាំងអស់ ចូលរួមកម្មវិធីអាណាចក្រតារានៅឆ្នាំក្រោយៗទៀត ហើយកម្មវិធីនេះបង្កើតឡើង មិនមែនដើម្បីផលចំណេញរបស់បុគ្គលណាម្នាក់ឡើយ។

 កាលពីឆ្នាំ២០១២ កន្លងទៅ កម្មវិធីអាណាចក្រតារាក៏បានយកថវិកាប្រមាណជាង ១០០០ដុល្លារចូលរួម ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ជួសជុល និងកសាងអគារថ្មី ជូនដល់សាលាមត្តេយ្យ ស៊ិន ស៊ីសាមុត នៅក្រុងច្បារមន ខេត្តកំពុងស្ពឺ៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]