ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿង ម៉ាកកាមរីស៊េរី៩១ បានបុកគ្នាជាមួយរថយន្តកាមរីបាឡែន ដឹកឈើគ្រញូង បណ្តាលឱ្យស្លាប់មនុស្ស២នាក់ ដែលជាអ្នកបើករថយន្តទាំង២ គ្រឿង ។ ហេតុការណ៍គួរឱ្យតក់ស្លុតនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី៣ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលភ្លើងលេខ ០១៨១ ស្ថិតក្នុងភូមិគោកទ្រាស ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ ស្រុកព្រះនេត្រព្រះឱ្យដឹងថា រថយន្តកាមរីបាឡែន ពណ៌ស្លែ ពាក់ស្លាកលេខក្លែងក្លាយ TEXXAS 394 SYX ដឹកឈើគ្រញូងជាច្រើនដុំ បើកបរដោយឈ្មោះយួន បូណា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប បានស្លាប់តាមផ្លូវពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះ នេត្រព្រះ ។ ចំណែកអ្នកបើកបររថយន្តកាមរីពណ៌ខ្មៅ ស៊េរី៩១ ពាក់ស្លាកលេខប.មានជ័យ ២A០៧៧៣ ដឹកសណ្តែកសៀងនិងសណ្តែកខ្មៅ ឈ្មោះចាន់ សារ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុឱ្យដឹងថា គេឃើញរថយន្តកាមរីបាឡែនដែលដឹកឈើគ្រញូង បើកក្នុងទិសដៅខាងកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចខាងលើបានជែងរថយន្តធំមួយគ្រឿងខាងមុខ ក៏ជ្រុលទៅបុកជាមួយរថយន្តកាមរីស៊េរី៩១ ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាលាន់ដូចរន្ទះ ។

រថយន្តទាំង២គ្រឿងនេះបានក្រឡាប់ជាច្រើន ត្រឡប់ដូចក្នុងរឿងហូលីវូដ ធ្លាក់ពីលើផ្លូវចូលក្នុងប្រឡាយទឹកធ្វើឱ្យពួកគាត់មានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។ រថយន្តកាមរីបាឡែនដែលមានដឹកឈើគ្រញូង អ្នកបើកបរត្រូវកៀបជាប់ក្នុងរថយន្តនិងត្រូវគេជួយទាញចេញ ដឹកយកទៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ប៉ុន្តែដល់ពាក់កណ្តាលផ្លូវក៏បានស្លាប់ ។ ចំណែករថយន្តកាមរីមួយគ្រឿងទៀតស៊េរី៩១ ដែលដឹកសណ្តែក អ្នកបើកបរក៏កៀបជាប់ដែរ និងស្លាប់ភា្លមៗក្នុងរថយន្ត ព្រមទាំងកំពប់សណ្តែករាយប៉ាយពេញផ្លូវ ។

លោកវរសេនីយ៍ទោ ឈឿម សុផុន នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តថ្លែងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តបាឡែនដឹកឈើគ្រញូង ហើយក្រោយកើេតហេតុរថយន្តទាំង២គ្រឿងរួមទាំងឈើគ្រញូងផងត្រូវបាន នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ។ ចំណែកសពអ្នកបើកបរទាំង២នាក់ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ដោយ ៖លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]