រាជធានីភ្នំពេញ ៖ ភរិយារបស់តារាសម្តែងលោកស៊ុក សុភា គឺអ្នកនាងហ្សារីណា បានសម្តែងការមិនពេញចិត្តចំពោះព័ត៌មានផ្សាយថា កូនប្រុសទី២របស់ពួកគេ ដែលទើបតែចាប់កំណើតបានប៉ុន្មានថ្ងៃមុន នេះមានបញ្ហាសុខភាព ។ ការផ្ទុះកំហឹងរបស់ភរិយាលោកស៊ុក សុភា ដែលជាអាណិកជនខ្មែរនៅអូស្ត្រាលីរូបនេះ កើតឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចុះ ផ្សាយពាក់ព័ន្ធទៅលើការចាប់កំណើត កូនទី២របស់នាង និងលោកស៊ុក សុភា ថា មានបញ្ហាសុខភាព បន្ទាប់ពីទារកនោះកើតមកមិនគ្រប់ខែ ។

ការបង្កឱ្យមានការភ្ញាក់ផ្អើលនេះ ក្រោយពេលភរិយារបស់តារាសម្តែងស៊ុក សុភា បានបង្ហោះរូបភាពមួយចំនួនស្តីពីការសម្រាល កូនទី២របស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក អមដោយពាក្យពេចន៍មាន ន័យជាភាសាខ្មែរថា «ខ្ញុំមានសុខភាពធម្មតាទេ ប៉ុន្តែកូនប្រុសរបស់ខ្ញុំ ត្រូវសម្រាកក្នុងមន្ទីរពេទ្យដើម្បីតាមដានសុខភាពសិន ។ ដូច្នេះខ្ញុំសង្ឃឹមថា គេនឹងបានទៅផ្ទះក្នុងពេល ឆាប់ៗនេះដែរ» ។ ភរិយារបស់លោកស៊ុក សុភា បញ្ជាក់ផងដែរថា កូនប្រុសរបស់នាងសម្រាលមុនកាលកំណត់ចំនួន២ខែ (៧ខែកើត) គឺចំពេលដែលបណ្តាប្រទេសមួយចំនួនប្រារព្ធទិវា «លោកឪពុក» ។

ការចុះផ្សាយរបស់សារព័ត៌មាននោះមិនមែនជា ការបន្តុះបង្អាប់ចំពោះកូនទី២របស់តារាសម្តែងស៊ុក សុភា ឡើយ ព្រោះក្មេងដែលចាប់កំណើតមិនគ្រប់ខែ គ្មានអ្នកណាម្នាក់ដែលមិនដឹងថា មានអាការខ្សោយ និងមានបញ្ហាសុខភាពបន្តិចបន្តួច ដោយចៀសមិនផុតនោះទេ ។ ផ្ទុយទៅវិញ ភរិយារបស់លោកស៊ុក សុភា ហាក់មិនទទួលស្គាល់បញ្ហានេះឡើយ ព្រោះនាងបែរជាចាត់ទុកការចុះផ្សាយនោះថា ជាការដាក់ទំនាយកូនរបស់ខ្លួនទៅវិញ ។

ជាការឆ្លើយតប ភរិយារបស់លោកស៊ុក សុភា អ្នកនាងហ្សារីណា បានសរសេរបកស្រាយហើយបង្ហោះនៅក្នុងគណ នេយ្យហ្វេសប៊ុករបស់នាងមានខ្លឹមសារថា «ខ្ញុំសូមបញ្ជាក់ថា កូនប្រុសរបស់ខ្ញុំគ្មានបញ្ហាសុខភាពទេ ហើយខ្ញុំក៏អត់បានសរសេរថា កូនខ្ញុំកើតអីដែរ ហេតុអីក៏មកសរសេរយ៉ាងនេះ ? ពេទ្យមិនឱ្យកូនខ្ញុំចេញមកផ្ទះភ្លាម ដោយសារគ្នាមិនទាន់គ្រប់ខែ និងគ្រប់គីឡូ ទើបពេទ្យទុកនៅជួយមើលថែ នេះជាច្បាប់នៅស្រុកនេះ ។ អ្វីដែលនៅលើកូនខ្ញុំ គឺជាជំនួយសម្រាប់ជួយឱ្យគាត់ដកដង្ហើមបានស្រួលប៉ុណ្ណោះ ។ សរសេរយ៉ាងនេះហាក់ដូចជាដាក់ទំនាយឱ្យកូនខ្ញុំអុីចឹង ។ ខ្ញុំជឿ ព្រោះ កូនៗខ្ញុំសុទ្ធតែមិនគ្រប់ខែទេ តែពួកគេ ឆ្លាតៗណាស់» ។

អ្នកនាងហ្សារីណា អះអាងប្រាប់មិត្តភក្តិរបស់នាង នៅមុនពេលកូនប្រុសរបស់នាងកើតថា «មុនគាត់កើត ពួកបង (នាង និងប្តី) បានរៀបចំទៅកម្សាន្តនៅសួនសត្វ ដើម្បីអបអរថ្ងៃបុណ្យ «លោកឪពុក» ឱ្យបងភា តែគ្រាន់តែចេញផុតពីផ្ទះបានបន្តិច បងក៏ចាប់ផ្តើមឈឺពោះកើតទៅ អុីចឹងហើយ ទើបឃើញបងដូចមិនទើបតែសម្រាលកូនហើយ ព្រោះត្រៀមខ្លួនទៅដើរលេង មិនមែនទៅសម្រាលកូនទេ ដូច្នេះកូនប្រុសនេះកើតថ្ងៃហ្នឹង គឺជាចំណងដៃឱ្យបងភាជាថ្ងៃបុណ្យ «លោកឪពុក» នៅអូស្ត្រាលី ។

តារាសម្តែងលោកស៊ុក សុភា បានរៀបអាពាហ៍ពិពាហ៍ជាមួយអាណិកជនខ្មែរ នៅអូស្ត្រាលី គឺអ្នកនាងហ្សារីណា ជាស្ត្រីមេម៉ាយកូន២ កាលពីពាក់កណ្តាលឆ្នាំ២០១២ ។ ក្រោយរៀបការ គិតទាំងកូនទើបតែកើតនេះផង ស៊ុក សុភា និងហ្សារីណា មានកូន២នាក់ហើយ ៕     









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ