ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញា ហៅម៉ូតូឌុប មកប្លន់ចំនួន២នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាល និរោធ ឃាត់ខ្លួន ខណៈដែលជនសង្ស័យ ទាំង២នាក់នេះ ហៅម៉ូតូឌុបជិះពីកន្លែងផ្សេង ប៉ងប្លន់ តែ ត្រូវសមត្ថកិច្ច ក្របួចជាប់កាលវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ នៅ ចំណុចផ្លូវបេតុង ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ ។

ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ សុខ វលក្ខណ៍ ភេទប្រុស អាយុ ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះ គីម បានសំរេច ភេទប្រុស អាយុ ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកអនុសេនីយ៍ទោ ឃឹម សារ៉ាវង្ស នាយនគរបាលប៉ុស្តិ៍រដ្ឋបាលនិរោធ បានឲ្យដឹងថា ដោយទទួល បានការណែនាំ ពីគណៈបញ្ជាការឯកភាពខណ្ឌ និងបទបញ្ជាផ្ទាល់ពីលោក ហី ណារិន អធិការ នគរបាលខណ្ឌ លោកបានបែងចែក កម្លាំងនគរបាលប៉ុស្តិ៍ ដាក់វេនប្រចាំការ និងចុះល្បាតតាម មូលដ្ឋានជាប្រចាំ។ លោកបន្តថា នៅយប់កើតហេតុ កម្លាំងរបស់លោក បានល្បាតជិតដល់ស្ថានីយ ទូរទស្សន៍បាយ័ន ក៏ប្រទះមុខសញ្ញាសង្ស័យចំនួន២នាក់ ដែលជិះម៉ូតូឌុបចូលទៅកន្លែងស្ងាត់ ។ ពេលនោះ ដោយមានការសង្ស័យ កម្លាំងរបស់លោក ក៏បានឃាត់ម៉ូតូឌុបនោះ អោយឈប់ ហើយ ធ្វើការ សាកសួរថា តើឌុបគ្នាទៅណា មកពីកន្លែងណា ?

លោកនាយប៉ុស្តិ៍បន្តថា ពេលនោះ ដោយក្តាប់បាននូវភិនភាគ របស់ជនសង្ស័យ និងមានការបង្ហាញ ពីម្ចាស់ម៉ូតូ ដែលបាត់លើកមុន សមត្ថកិច្ចក៏ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ មកសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាព វាយ ប្លន់យកម៉ូតូ នៅជិតស្ថានីយទូរទស្សន៍បាយ័ន ២លើកមកហើយ។ លើកទី១ យកបានម៉ូតូវ៉េវ មួយ គ្រឿង មួយលើកទៀត យកបានម៉ូតូម៉ាកសង់កូរ៉េ មួយគ្រឿង ប៉ុន្តែលើកទី៣នេះ នាំអ្នកម៉ូតូឌុប យក មកប្លន់នៅកន្លែងដដែលនេះ ហើយក៏ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]