គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាអាចទាយទុក ជាមុនហើយថា តារាចម្រៀងលាក់មុខទាំងពីររូប ដែលតែងតែស្ថិតនៅក្នុងក្រអៅបេះដូង របស់យុវវ័យនោះ គឺជានរណាបាត់ទៅហើយ នោះគឺ តារាចម្រៀងកូនកាត់ Noly Time និង តារាងចម្រៀងចាយរាង Manith Jupiter ដែលកំពុងមានភាពល្បីល្បាញខ្លាំង ក្នុងស្រទាប់យុវវ័យ នៃព្រះរាជាណាចក្រកម្ពុជា។

មិនខុសពីតារាចម្រៀងអាជីព ដទៃទៀតនោះទេ តារាចម្រៀងទាំងពីរនេះ មិនត្រឹមតែមានទេព្យកោសល្យ ក្នុងការតែងបទចម្រៀង ដោយខ្លួនឯងនោះទេ អ្នកទាំងពីរថែមទាំង មានទឹកដមសម្លេងយ៉ាងពិរោះ រណ្តំចិត្តយុវវ័យជាច្រើន មិនថាប្រុសរឺស្រីឡើយ សុទ្ធតែលង់លក់នឹងសម្លេងរបស់អ្នកទាំងពីរ គួរឲ្យស្ញើចសរសើរ។ ក្នុងនោះ ទាំង Noly Time និង Manith សុទ្ធតែធ្វើការបង្ហាញ បទចម្រៀងរបស់ខ្លួន តាមរយៈគណនី យូធូបផ្ទាល់ខ្លួន ដោយមានប្រិយមិត្តជាច្រើន បានធ្វើការស្តាប់ និងដោនឡូតទុក គ្រាន់បានស្តាប់ពេលទំនេរ។

ដោយសារតែទេព្យកោសល្យ និងទឹកដមសម្លេង របស់អ្នកទាំងពីរនេះហើយ ទើបអ្នកទាំងពីរ មានទ្រនំផ្ទាល់រៀងៗខ្លួន ដោយ Noly Time ចូលរួមជាមួយនឹងផលិតកម្ម ថោន ខណៈ Manith ចូលរួមជាមួយនឹងផលិតកម្ម ហង្សមាស ដោយអ្នកទាំងពីរ កំពុងតែដុតដៃដុតជើង ស្វែងរកប្រជាប្រិយ រៀងៗខ្លួន។

តួយ៉ាង ខ្មែរឡូតសង្កេតឃើញ មានបទចម្រៀង របស់អ្នកទាំងពីរជាច្រើន ដែលទទួលការពេញនិយមជាខ្លាំង ដូចជា បទ “អារម្មណ៍ត្រូវការអូន” “កូនភ្លោះ” “ស្ករគ្រាប់” “ចាំ” “Sweet Love” ជាដើម របស់ Noly Time ព្រមទាំង បទ “Water Bee” “Pink Day” “មិត្តចេះប្រច័ណ្ឌ” “មនុស្សអាក្រក់” “មាននាងក៏ធុញ គ្មាននាងក៏ធុញ” របស់ Manith ផងដែរ។

យ៉ាងណាមិញ ខ្មែរឡូត សង្ឃឹមថា ពួកគាត់ទាំងពីរ នឹងខិតខំស្វែងរកអ្វីដែលថ្មីៗ សម្រាប់ស្រទាប់យុវវ័យគ្រប់រូប ដើម្បីតបតាមការគាំទ្រ ដ៏ខ្លាំងសម្បើម នាពេលបច្ចុប្បន្ននេះ។






តើប្រិយមិត្ត ចូលចិត្តពួកគាត់ទាំងពីរ ដែររឺទេ? តើប្រិយមិត្ត ពេញចិត្តតារាចម្រៀងរូបណាជាង?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]