ខេត្តសៀមរាប ៖ ព្រះអគ្គីបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើផ្សារឯកជនមួយឈ្មោះ ផ្សារពោធិលង្កា ឬហៅផ្សារស្ពានដែក ស្ថិតនៅកណ្តាលក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រសៀមរាប កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២ កញ្ញា ។ ប៉ុន្តែសំណាងល្អ ឆេះអស់តែ៥តូបប៉ុណ្ណោះ បន្ទាប់ពីអង្គភាពរថយន្តពន្លត់អគ្គិភ័យ ទាំងអស់បានពុះពារយ៉ាង ខ្លាំងក្នុងការពន្លត់អគ្គិភ័យនោះ ។

ផ្សារពោធិលង្កា ឬផ្សារស្ពានដែកដែលរងនូវការឆាបឆេះនេះ គឺស្ថិតនៅជាប់នឹងដងស្ទឹងសៀមរាប ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម កណ្តាលបេះដូងក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រសៀមរាប ដែលមានថៅកែ ឈ្មោះ លី ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាក្មួយរបស់លោកអភិបាលរង ខេត្តសៀមរាបម្នាក់បានជួលដី (ទីតាំង) នោះពីលោកវរសេនីយ៍ឯក កែវ រក្សា ប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ត និងត្រូវជាប្អូនថ្លៃរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តផងដែរ ។ លោកអនុសេនីយ៍ទោ ញុឹក សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានថ្លែងប្រាប់កាលពីព្រឹកថ្ងៃទី៣ កញ្ញាថា ឧបទ្ទវហេតុដ៏អាក្រក់នេះបានចាប់ផ្តើមកើតឡើងកាលពីវេលាម៉ោង ប្រមាណ៩និង៣០នាទីយប់ថ្ងៃទី២ កញ្ញា ដោយផ្តើមចេញពីតូបលក់ចានឆ្នាំង និងសម្ភារប្រើប្រាស់ធ្វើពីជ័រមួយនៅប៉ែកខាងពាយ័ព្យនៃផ្សារដែល មានម្ចាស់តូបឈ្មោះ ឯក រ៉ាវីន ភេទប្រុស អាយុ៣៣ឆ្នាំបានចាក់សោចោល ។

លោកបានបន្ថែមថា រហូតមកទល់ពេលនេះសមត្ថកិច្ចជំនាញនៅមិនទាន់បានស្រាវជ្រាវរកឃើញ ពីមូលហេតុដែលនាំឱ្យឆេះនៅឡើយទេ គ្រាន់តែសន្និដ្ឋានជំហានដំបូងថា មានឆ្លងចរន្តអគ្គិសនី ។ បើផ្អែកតាមសម្តីរបស់សាក្សីឃើញហេតុការណ៍បានអះអាងថា ពេលកើតហេតុភ្លាមៗ គេបានឃើញមានផ្សែងហុយចេញពីប្រអប់អគ្គិសនី រួចហើយបង្កើតបានជាផ្កាភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មួលខ្មាញ់ពេញផ្ទៃអាកាសនារាត្រីកាលតែម្តង ។ ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ឈ្មោះ គឹម ថា មានតូបលក់កាបូប និងគ្រឿងលម្អកាយនៅជាប់នឹងតូបឆេះបានរៀបរាប់ទាំងក្តីភ័យញ័រថា «ខ្ញុំមិនបានដឹងពីមូលហេតុនៃមហន្តរាយនេះទេ គ្រាន់តែមុនពេលកើតហេតុបានឮសំឡេងស្រែកថា ភ្លើងឆេះៗ ខ្ញុំក៏រត់ចេញមកក្រៅ ក៏ឃើញមានផ្សែងខ្មៅ និងចេញជាផ្កាភ្លើងយ៉ាងសន្ធោសន្ធៅទៅហើយ ។

ស្ត្រីដដែលនោះបានបន្ថែមថា នៅពេលមានការភ្ញាក់ផ្អើលឆោឡោឡើង មនុស្សម្នាបានមកជួយអន្តរាគមន៍ច្រើនណាស់ ក្នុងនោះខ្លះជួយបាញ់ទឹក និងខ្លះទៀតបានយកដបទឹកសុទ្ធគប់ តែមិនអាចពន្លត់បានទាំងស្រុងទេ គ្រាន់តែបន្ថយអំណាចភ្លើង ទម្រាំតែរថយន្តពន្លត់អគ្គិភ័យមកដល់ ។ ទោះជាយ៉ាងនេះក្តី គេមិនបានឮថាប្រជាពលរដ្ឋនៅក្បែរៗទីកន្លែងកើតហេតុមានបំពង់ ពន្លត់អគ្គិភ័យនោះទេ ។ ដោយឡែក លោក លី ប៊ុនធឿន ជាថៅកែផ្សារដែលរងនូវការឆាបឆេះនោះបានបញ្ជាក់តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៣ កញ្ញាថា នៅក្នុងហេតុការណ៍នោះគឺពុំបានបំផ្លាញធ្ងន់ធ្ងរទៅលើទ្រព្យ សម្បត្តិអាជីវករទេ គឺគ្រាន់តែមានការខូចខាតតូបចំនួនតែ៥ប៉ុណ្ណោះ ។ ក្នុងនោះតូប៣នៅខាងមុខ និង២ទៀតនៅពីក្រោយគ្នា ហើយករណីនេះក្នុងនាមលោកជាម្ចាស់ផ្សារកំពុងតែដោះស្រាយបញ្ចប់ បញ្ហា ។

លោក លី ប៊ុនធឿន ក៏បានសម្តែងនូវអំណរគុណយ៉ាងខ្លាំងទៅដល់អង្គភាពរដ្ឋទាំងអស់ដែល បានចុះអន្តរាគមន៍ចំពោះហេតុការណ៍ដ៏អាក្រក់នេះផងដែរ ។ ក្រុមអ្នកឃើញហេតុការណ៍បានកត់សម្គាល់ថា នៅយប់កើតហេតុនោះ គេឃើញមានការចុះអន្តរាគមន៍យ៉ាងដុតដៃដុតជើងខុសពីករណីឆេះមុនៗ ដោយសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យយ៉ាងឆាប់បំផុត រហូតដល់១០គ្រឿងចុះអន្តរាគមន៍ ។ ក្នុងនោះរថយន្ត៤គ្រឿងជារបស់ស្នងការដ្ឋាននគរបាលខេត្ត និង៤គ្រឿងទៀតជារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឯ២គ្រឿងទៀតជារបស់អង្គភាពអាជ្ញាធរអប្សរាផងដែរ ។ ក្រៅពីនោះ នៅតាមច្រកផ្លូវចេញចូលទាំងអស់ត្រូវបានសមត្ថកិច្ចដាក់កម្លាំង យាមកាមយ៉ាងតឹងរុឹង ដោយមិនអនុញ្ញាតឱ្យមានការចេញចូល ឬដឹកជញ្ជូនអីវ៉ាន់ចេញពីផ្សារនោះឡើយ ។

បុរសម្នាក់ដែលកំពុងតែសម្លឹងមើលហេតុការណ៍ ភ្លើងឆាបឆេះនោះបាននិយាយថា ករណីនេះគាត់ឃើញថា សមត្ថកិច្ចគ្រប់រូបអនុវត្តតួនាទីបានល្អប្រសើរជាងពេលណាៗទាំងអស់ តែមិនដឹងថាជាឆន្ទៈចេញពីបេះដូង ឬក៏ជាការយកចិត្តយកថ្លើមមន្ត្រីមានអំណាចជាប់សាច់ជាប់ឈាមនឹង ថៅកែផ្សារនោះឬយ៉ាងណាទេ ប៉ុន្តែសូមឱ្យវប្បធម៌មនុស្សធម៌នេះបន្តអនុវត្តឱ្យបានដូចគ្នា សម្រាប់ករណីក្រោយៗទៀត ។ ទោះបីជាយ៉ាងណា គេពុំទាន់មានសេចក្តីរាយការណ៍អំពីចំនួនអ្នករងរបួសឬស្លាប់ និងការវាយតម្លៃអំពីទំហំនៃការខូចខាតគិតជាប្រាក់សរុបអស់ ប៉ុន្មាននៅឡើយទេ ។ គួរបញ្ជាក់ថា អាជីវករលក់ដូរនៅផ្សារពោធិលង្កានេះ មួយភាគធំសង់តូបលក់នៅលើដីចំណីស្ទឹងសៀមរាប ធ្លាប់បានរងគ្រោះដោយការឆេះនេះម្តងរួចមកហើយ កាលពីយប់ថ្ងៃទី៩ វិចិ្ឆកា ២០១១ ដោយបានបំផ្លាញផ្ទះនិងតូបអស់រហូតដល់ទៅ២៧ខ្នងឯណោះ ។

នេះជាករណីអគ្គិភ័យឆេះទ្រង់ទ្រាយធំលើកទី៤ជា ប្រវត្តិសាស្ត្រហើយ សម្រាប់ក្រុងទេសចរណ៍សៀមរាបចាប់តាំងពីអំឡុងឆ្នាំ២០១២ រហូតមក ។ ដោយលើកទី១បានកើតឡើងកាលពីវេលាម៉ោងជាង២ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៨ ធ្នូ ២០១២ នៅលើផ្សារមួយយីហោ «សៀមរាប» ស្ថិតនៅតាមបណ្តោយវិថីស៊ីវុត្ថា ក្នុងសង្កាត់ស្វាយដង្គំ ដោយបានឆក់យកជីវិតមនុស្សស្រី-ប្រុសចំនួន៨នាក់ និងរបួស២នាក់ រួមទាំងខូចខាតអស់ជាទឹកប្រាក់ប្រមាណជាងមួយលានដុល្លារអាមេរិកឯ ណោះ ហើយរហូតមកទល់ពេលនេះកំពុងស្ថិតនៅក្នុងការប្តឹងផ្តល់ទាមទារឱ្យ ម្ចាស់ផ្សារនោះទទួលខុសត្រូវនៅឡើយ ។ លើកទី២ នៅចន្លោះម៉ោងប្រមាណជាជាង១រំលងអធ្រាត្រដល់ម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី៦ កក្កដា ២០១៣ អគ្គីបានឆាបឆេះមកលើផ្សារដើមក្រឡាញ់ ដោយបានបំផ្លាញតូបលក់ដូរអស់ជាង៣០០តូប គិតជាទឹកប្រាក់អស់ជាងមួយលានដុល្លារឯណោះ ។ លើកទី៣ កើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី២៦ សីហា ២០១៣ ឆេះហាងលក់វត្ថុអនុស្សាវរីយ៍យីហោ «ប៉ោលីហ្គ្រែម» ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម នៅមិនឆ្ងាយប៉ុន្មានពីផ្សារពោធិលង្កា ដែលរងនូវការឆេះចុងក្រោយនេះ ។

គ្រប់ករណីឆេះសមត្ថកិច្ចហាក់ពុំបានលាតត្រដាង អំពីមូលហេតុឱ្យបានជាក់លាក់ទេ ក្រៅពីសន្និដ្ឋានទម្លាក់ការទទួលខុសត្រូវលើបណ្តាញចរន្តអគ្គិសនី តែមួយមុខគត់ ខណៈមហាជននៅតែមានមន្ទិល និងភ័យខ្លាចទៅលើករណីបង្កអស្ថិរភាពផ្សេងៗទៀតដែលបង្កឡើងដោយ ក្រុមណាមួយនោះ ៕







ដោយ ៖លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]