រាជធានីភ្នំពេញ+ខេត្តស្វាយរៀង ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃរួមសហការ ជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ និងខេត្តស្វាយរៀង បានធ្វើសកម្មភាពព្រមៗគ្នា នៅថ្ងៃទី៣កញ្ញា ដោយបង្ក្រាបជនជាតិចិន២ក្រុមផ្សេងគ្នា ដែល១ក្រុមនៅក្រុងបាវិត ខេត្តស្វាយរៀង ទាក់ទិននឹងបទឧក្រិដ្ឋជំរិតទារប្រាក់ តាមប្រព័ន្ធអីុនធើរណេត និង១ក្រុមទៀតនៅរាជធានីភ្នំពេញ ទាក់ទិននឹងល្បែងសីុសងខុសច្បាប់តាមអីុនធើរ  ណេត ។

ខាងក្រោមនេះជាសេចក្តីរាយ ការណ៍ព័ត៌មានជុំវិញការបង្ក្រាបនេះ ។ យ៉ាងហោចណាស់មានជនជាតិ ចិនចំនួន១៧នាក់ត្រូវបាននគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការ ជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនពីបទធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធអុីនធើរណេត ។ ករណីបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៦ព្រឹក និងឆែកឆេររហូតដល់ម៉ោង ១១និង៤០នាទីព្រឹក ទើបបញ្ចប់នៅផ្ទះសំណាក់យីហោ   ជា លាង ១៦៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទាក់ទិននឹងករណីខាងលើ លោកឧត្តមសេនីយ៍ត្រី សៀង សេង មកពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឱ្យដឹងថា ក្រុមចាប់ជំរិតតាមប្រព័ន្ធអុីនធើរណេត ត្រូវបានប៉ូលិសចិនមកសហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបចាប់បានជនជាតិចិន១៧នាក់ (ស្រីម្នាក់) និងស្រ្តីជនជាតិវេៀតណាម២នាក់ ជាចុងភៅសរុប១៩នាក់ ។ ក្នុងការបង្ក្រាបនេះ បានរឹបអូសសម្ភាររួមមាន ទូរស័ព្ទលើតុ អាយផេត កុំព្យូទ័រ និងសម្ភារប្រើប្រាស់មួយចំនួនទៀត តែលោកមិនបានប្រាប់ពីចំនួននោះទេ ។

លោកឧត្តមសេនីយ៍ត្រី សៀង សេង បន្តទៀតថា ការឆែកឆេរបង្ក្រាបនេះក៏មានការចូល រួមពីសំណាក់លោក កៀង សុទ្ធរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង និងប៉ូលិសចិន៤នាក់ផងដែរ ។ តាមព័ត៌មានឱ្យដឹងថា ផ្ទះសំណាក់យីហោ ជា លាង ១៦៨ នេះបានជួលឱ្យជនជាតិចិនស្នាក់នៅ ចាប់តាំងពីថ្ងៃទី១៩កក្កដាមក ដែលរហូតមកដល់ថ្ងៃទី៣ កញ្ញា នេះ មានរយៈពេល២ខែកន្លះ ហើយក្នុងកិច្ចសន្យាជួលចំនួន១ឆ្នាំ ក្នុង១ខែតម្លៃ២.៤០០ដុល្លារ ដោយកក់ប្រាក់២ខែមុន ។ ជនជាតិចិន១៧នាក់ និងវៀតណាម២នាក់ ក្រោយពីឃាត់ខ្លួនត្រូវបានបញ្ជូនទៅ ក្រសួងមហាផ្ទៃដើម្បីចាត់ការតាមនីតិវធីច្បាប់ ។ លោកឧត្តមសេនីយ៍បន្តទៀតថា នេះជាលើកទី២ហើយដែលផ្ទះសំណាក់យីហោ ជា លាង ១៦៨នេះជួលឱ្យជនជាតិចិនស្នាក់នៅ ហើយក្រុមជននេះធ្វើសកម្មភាពជំរិតទារប្រាក់តាមប្រព័ន្ធអីុនធើរណេត ដែលកាលពីលើកទី១ក្នុងឆ្នាំ២០១២ បង្ក្រាបបានជនជាតិចិន២៨នាក់ និងលើកទី២នេះ១៩នាក់ ។ ម្ចាស់ផ្ទះសំណាក់ត្រូវបានស្តីបន្ទោសថា មិនបានពិនិត្យសកម្មភាពអ្នកជួលឱ្យបានហ្មត់ចត់ នាំឱ្យពួកជនជាតិចិននាំគ្នា មកធ្វើសកម្មភាពចាប់ជំរិតឆ្លងដែនបានទៀត ដូច្នេះលើកនេះអាចនឹងត្រូវបិទផ្ទះសំណាក់ខាង លើជាបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។

ចំណែកនៅរាជធានីភ្នំពេញវិញ នាព្រឹកថ្ងៃទី៣ កញ្ញា នោះដែរ លំនៅឋានមួយកន្លែងថ្មីទៀតលេខ៣៦ ស្ថិតនៅផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រូវបាននគរបាល នាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ ឡោមព័ទ្ធបង្ក្រាបជនជាតិចិន ដែលជួលស្នាក់នៅធ្វើសកម្មភាពលេងល្បែងភ្នាល់ ខុសច្បាប់តាមប្រព័ន្ធអុីនធើរណេត ។ ប្រភពព័ត៌មានជំហានដំបូងឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងអស់ចំនួន៤៤នាក់ ក្នុងនោះស្រី១៣នាក់ ។ គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចហាក់បីដូចជាមានការលាក់លៀម ដោយរារាំងមិនឱ្យអ្នកកាសែតថតរូប និងមិនផ្តល់ព័ត៌មានឱ្យក្រុមអ្នកកាសែតទេ ។ ក្នុងប្រតិបត្តិការបង្ក្រាបជនជាតិចិនខាងលើ នៅថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងរបស់ជនល្មើសមួយកន្លែងទៀត ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយក្នុងប្រតិបត្តិការនៅទីតាំងខាងលើនេះ សមត្ថកិច្ចបានផ្ទុះអាវុធមួយគ្រាប់ បណ្តាលឱ្យរងរបួសជនជាតិចិនម្នាក់ត្រង់ពោះ និងបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៣កន្លងមក ក៏មានការចុះបង្ក្រាបទីតាំងដែលជនជាតិ ចិនជួលស្នាក់នៅចំនួន៣កន្លែងក្នុងភូមិសាស្ត្រសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនជាតិចិនសរុបចំនួន៦៦នាក់ នាំទៅកាន់នាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ តែមិនទាន់ដឹងថា នឹងមានចំណាត់ការបន្តយ៉ាងណានៅឡើយទេ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]