ភ្នំពេញៈ តារាសម្ដែងមាន ក្ដោងច្រមុះស្រូច និងទម្រង់មុខ បែបកូនកាត់ ឥណ្ឌា ប៊ីរីយ៉ា បានហក់ចូលមកកាន់ វិថីសិល្បៈក្នុងរយៈពេល ដ៏ខ្លីមួយ តែនាងបានទទួល ភាពជោគជ័យស្ទើរ នឹកស្មានមិនដល់ ។ បន្ទាប់ពីបង្ហាញមុខក្នុងឈុតខារ៉ាអូខេ របស់បណ្ដាផលិតកម្មធំៗ ក្នុងស្រុកជាច្រើន ដូចជា ហង្សមាស សាន់ដេ  និងតាមរយៈ ការបង្ហាញម៉ូដក្នុង ក្រុមដ៏ល្បី ឈ្មោះហើយនោះ ស្រីស្រស់ថ្ពាល់ ខូចរូបនេះ បានមានឱកាសជា លើកទីមួយ បើកផ្លូវឲ្យ ចូលសម្ដែងក្នុង ផលិតកម្មបរទេស និងដើរជាតួឯកជាមួយ និងតារាកូរ៉េ ទៀតផង ។

អាចនិយាយបានថា នេះជាគោលដៅឆ្ពោះទៅ រកភាពជោគជ័យ ថ្មីមួយទៀតរបស់ ប៊ីរីយ៉ា ខណៈដែលនាង ត្រូវបានផលិតកម្មក្រៅស្រុក ចាប់អារម្មណ៍ និងបានជ្រើសរើសយកនាង ឲ្យសម្ដែងជាតួឯក ជាមួយតារាបរទេស ជនជាតិកូរ៉េ ។ ទាក់ទិននឹងការចូល សម្ដែងខ្សែភាពយន្ត ដែលជាជំហានថ្មី សម្រាប់នាងនៅពេលនេះ ប៊ីរីយ៉ា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា “រឿងហ្នឹងខ្ញុំកំពុង តែចចាកុងត្រា ជាមួយគ្នា បើត្រូវរ៉ូវគ្នា គឺយើងរៀបចំ ថតក្នុង ខែ៥នេះ តែម្ដង” ។

ការសម្ដែងជាតួឯក គឺត្រូវឆ្លងកាត់នូវឈុតឆាក ជាច្រើនរាប់មិនអស់ ដូចជាឈុត ឱប ថើប យំ សើច និងឈុតឆាកស្រៀបស្រើប ជាច្រើនទៀត ។ ពេលចោទសួរទៅដល់ បញ្ហាឆ្លងកាត់ ឈុតឆាកទាំងអស់នេះ ស្រីស្រស់ថ្ពាល់ខូច ប៊ីរីយ៉ា បានឆ្លើយយ៉ាងក្លាហានថា “ ខ្ញុំអត់ភ័យទេបង.... ចំពោះបញ្ហានេះ ព្រោះខ្ញុំគិតថា វាគ្រាន់តែជាឈុតឆាក សម្ដែងតែប៉ុណ្ណោះ សំខាន់នៅលើខ្លួន យើងទេ ខ្ញុំក៏អត់គិតដែរ បើខ្ញុំគិតបែបហ្នឹង ប្រហែលជាសម្ដែង មិនកើតទេមើល៍ទៅ....!” ។

ប៊រីយ៉ា ត្រូវបានគេកត់សម្គាល់ឃើញថា នាងចាប់ផ្ដើមមានទីផ្សារសិល្បៈ យ៉ាងខ្លាំងក្លា បន្ទាប់ពីនាងបាន បង្ហាញមុខក្នុងឈុត ខារ៉ាអូខេ បទ “ក្រៅពីអូន មិនយកប្រពន្ធ” សម្ដែងជាមួយនឹង តារាចម្រៀង ព្រាប សុវត្ថិ និងបទ “ឈប់ស្អប់បងទៅ” សម្ដែងជាមួយនឹង តារាចម្រៀង ខេមរៈ សិរីមន្ត ។ រយៈកាលប៉ុន្មាន ខែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះរបស់ នាងចាប់ ផ្ដើមឡើងក្រឺតដូច កាំជណ្ដើរ ខណៈដែលនាងបាន ចាប់យកការងារ ជាបន្តបន្ទាប់ ដូចជា ដើរម៉ូដ ពិធីការិនី និងសម្ដែងកើនឡើងទ្វេដង ។

ភាពយន្តបរទេសដែល ប៊ីរីយ៉ា ត្រូវដើរតួឯក ជាមួយតារា ជនជាតិកូរ៉េ នៅពេលនេះ គឺពុំត្រូវបាន នាងបង្ហើប ឲ្យដឹងពីចំណងជើង ឬឈ្មោះរបស់ ផលិតកម្មឡើយ ព្រោះនេះជាទម្លាប់ របស់តារាល្បីៗ និងខ្លាចប្រែប្រួលដោយកាលៈទេសៈ ណាមួយ នាំឲ្យខ្មាសគេ ទើបនាងសុំលាក់សិន ។

ទោះជានាង សុំលាក់ចំណងជើងនៃខ្សែភាពយន្ត និងឈ្មោះផលិតកម្មក្ដី ក៏មជ្ឈដ្ឋានទូទៅ បានសន្និដ្ឋានថា នេះជា ជំហាន ជោគជ័យថ្មីមួយទៀត សម្រាប់ស្រីស្រស់ ប៊ីរីយ៉ា ព្រោះតារាខ្មែរ មិនងាយនឹងមាន ផលិតកម្មបរទេស ណាគេចាប់ អារម្មណ៍ឲ្យថត និងសម្ដែងជាមួយ ពួកគេណាស់ ៕

ដោយ៖ យ៉ាន់ សុខរិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ