រដូវកាលបាល់ទាត់ ក្របខ័ណ្ឌកំពូល របស់ចក្រភពអង់គ្លេស បានប្រព្រឹត្តទៅអស់ ៣ប្រកួតហើយ ដោយគេសង្កេតឃើញ ក្រុមធ្លាក់ជើងជាច្រើនរដូវកាល ហង្សក្រហម Liverpool ហាក់ដូចជាងាកមកភាពខ្លាំងវិញ ដោយ បីប្រកួតកន្លងទៅនេះ ឈ្នះទាំងអស់ ខណៈ ក្រុមតោខៀវ Chelsea មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយ។

ក្រុមជើងឯក UEFA Super Cups ៣ដង Champion League ៥ដង UEFA Cup ៣ដង Premier League ១៨ដង FA Cup ៧ដង និង League Cup ៨ដង មួយនេះ បានយកឈ្នះ ទាំង៣ប្រកួតកន្លងទៅនេះ ដោយ ឈ្នះ២ប្រកួត ក្នុងទឹកដី និង១ប្រកួតទៀតក្រៅទឹកដី។ ការប្រកួតកន្លងទៅនេះ ក្រុមហង្សក្រហម បានយកឈ្នះ ក្រុម Stoke City ១ទល់នឹង០ក្នុងដី ឈ្នះក្រុម Aston Villa ១ទល់នឹង០ ក្រៅដី និងចុងក្រោយឈ្នះក្រុមជើងឯក បិសាចក្រហម Man Utd ១ទល់នឹង០ ក្នុងដី ដោយគ្រាប់បាល់ទាំង៣គ្រាប់នេះ ស៊ុតបញ្ចូលទីដោយ អតីតខ្សែប្រយុទ្ធតោខៀវ Chelsea គឺកីឡាករ ស្បែកខ្មៅសក់ក្រញាញ់ Daniel Sturridge។


ចំណែកឯក្រុមតោខៀវ Chelsea របស់គ្រូបង្វឹកថ្មី លោក Jose Mourihno ក៏មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយ ដោយ ៣ប្រកួតកន្លងទៅនេះ គឺឈ្នះ ២ និង ស្មើ១ ដែល ២ប្រកួតគឺយកឈ្នះ Hull City ២ទល់នឹង០ ក្នុងដី ឈ្នះ Aston Villa ២ទល់នឹង១ ក្នុងដី ហើយចុងក្រោយស្មើជាមួយនឹង Man Utd ០ទល់នឹង០ ក្រៅដី ដែលធ្វើឲ្យ ក្រុមតោខៀវ Chelsea ឈរនៅលេខរៀងទី ២ បន្ទាប់ពី ក្រុមហង្សក្រហម Liverpool និងតាមពីក្រោយដោយ ក្រុមមេឃខៀវ Man CITY ឈរនៅលេខរៀងទី ៣ និង Arsenal នៅលេខរៀងទី ៤។ ចំណែកឯក្រុមបាតតារាងវិញ គឺ មានក្រុមឆ្មារខ្មៅ Sunderland និង ក្រុម West Brom ដែលបីប្រកួតអាចរកបានតែ ១ពិន្ទុប៉ុណ្ណោះ។


ទោះជាយ៉ាងណាក៏ដោយ ការប្រកួតក្នុងក្របខ័ណ្ឌកំពូល របស់ចក្រភពអង់គ្លេស គឺនៅមានរយៈពេលវែង បន្តទៅទៀត ដោយនៅសល់ការប្រកួតរហូតទៅដល់ ៣៥ប្រកួតទៀតឯណោះ។ ដូចនេះសូមប្រិយមិត្តបន្តតាមដាន ព័ត៌មានបាល់ទាត់ របស់ខ្មែរឡូត បន្តទៅទៀត ដោយខ្មែរឡូតសន្យាថា នឹងធ្វើការសម្រិតសម្រាំង និង ផ្សព្វផ្សាយជូនគ្រប់ពេលវេលា។


តើប្រិយមិត្ត គិតថាក្រុមណានឹងអាចគ្រងជើងឯក បាល់ទាត់ក្របខ័ណ្ឌ English Premier League រដូវកាល ២០១៣ - ២០១៤ នេះ? សូមកុំភ្លេច ចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]