ខេត្តបាត់ដំបង ៖ ពស់សង់សឿជាង ៧០គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខណៈឈ្មួញបម្រុងដឹកចេញទៅកាន់ រាជធានីភ្នំពេញ ប៉ុន្តែម្ចាស់បានរត់គេចខ្លួនបាត់ទាំងយប់ ។

លោក ម៉េង លៀង អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដែលដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើស ឱ្យដឹងថា កម្លាំងរបស់លោក និងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះស្ទាក់ចាប់សត្វពស់ទាំងនោះ ដែលជនទុច្ចរិតម្នាក់ដឹកតាមរទេះអូសមកឈប់ក្បែរផ្លូវជាតិលេខ៥ ដើម្បីរង់ចាំរថយន្តមកទទួលដឹកទៅរាជធានីភ្នំពេញ ។

លោក ម៉េង លៀង បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញតាមដានឈ្មួញដឹកសត្វពស់នេះយ៉ាងប្រកិត រួចរាយការណ៍ភ្លាមៗ ទើបលោកស្នងការនគរបាលខេត្ត បញ្ជាភ្លាមៗឱ្យលោកដឹកនាំកម្លាំងចុះស្ទាក់ចាប់បានតែម្តង ប៉ុន្តែម្ចាស់ពស់បានរត់គេចខ្លួន ។ លោក ម៉េង លៀង ឱ្យដឹងទៀតថា ក្រោយពីរឹបអូសបានសត្វពស់ទាំងនេះ លោកក៏ប្រគល់ឱ្យការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាត់វិធានការបន្ត តែគេនៅមិនទាន់ស្គាល់អត្តសញ្ញាណឈ្មួញទុច្ចរិតនោះទេ ។

តាមប្រភពព័ត៌មានឱ្យដឹងថា ម្ចាស់ពស់នេះជាឈ្មួញ តែងដើរទិញសត្វពស់នៅក្នុងស្រុកសង្កែ និងស្រុកមោងឫស្សីជាប្រចាំ ។ ពួកឈ្មួញមិនមែនមានតែម្នាក់ទេ ហើយពួកគេប្រមូលទិញសត្វពស់គ្រប់ប្រភេទ ពិសេសពស់វែក និងពស់សង់សឿនេះតែម្តង ដើម្បីនាំទៅលក់បន្តនៅរាជធានីភ្នំពេញ ក្នុងតម្លៃខ្ពស់បំផុត ។

លោក ម៉ៅ រង្សី ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក៏ឱ្យដឹងដែរថា សត្វពស់ទាំងនោះមានទម្ងន់សរុបចំនួន៧៤គីឡូក្រាម ។ លោកឱ្យដឹងទៀតថា លោកស្នងការនគរបាលខេត្ត បានបញ្ជាឱ្យធ្វើកំណត់ហេតុ រួចប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកចាត់ការបន្ត ទោះជាយ៉ាងណា ម្ចាស់ពស់នេះ យើងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ។

បច្ចុប្បន្ន គេសង្កេតឃើញថា សត្វពស់ ឬសត្វព្រៃដទៃទៀត កំពុងត្រូវបានគេលក់តាមបណ្តាភោជនីយដ្ឋានធំៗយ៉ាងចំហ ក្នុងខេត្តបាត់ដំបង ហើយមុខម្ហូបទាំងនេះមានតែអ្នកធំ ឬអ្នកមានប្រាក់ទេ ទើបអាចកុម្មង់ទិញម្ហូបសត្វព្រៃទាំងនោះបានងាយស្រួល ព្រោះពួកគេមានម៉ូយ។ ចំពោះសត្វពស់ជាង៧០គីឡូក្រាម ដែលសមត្ថកិច្ចចាប់បានខាងលើនេះ ក្រោយពីប្រគល់ឱ្យទៅមេព្រៃចាត់ការបន្ត គេមិនទាន់ដឹងថា តើលោកមេព្រៃមានចំណាត់ការបែបណានោះទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]