ខេត្តពោធិ៍សាត់ ៖ រយៈពេលមួយសប្តាហ៍កន្លងមកនេះ កម្លាំងសមត្ថកិច្ចបានចេញ ប្រតិបត្តិការបង្ក្រាបបទល្មើស ព្រៃឈើក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញជាបន្តបន្ទាប់ ដោយបានរឹបអូសឈើរាប់ម៉ែត្រគូប ។ អ្វីដែលជាការចាប់អារម្មណ៍នោះ គឺកន្លែងស្តុកឈើពីរកន្លែង ជារបស់មន្ត្រីកងរាជអាវុធ ហត្ថទៅវិញ ដែលធ្វើឱ្យសមត្ថកិច្ចដទៃទៀត និងមន្ត្រីជំនាញក៏ដូចជាប្រជាពលរដ្ឋ មានការហួសចិត្តយ៉ាង ខ្លាំង ព្រោះថា សមត្ថកិច្ចជាអ្នកអនុវត្តច្បាប់ បែរជាជាន់ឈ្លីច្បាប់នឹងបាតជើង ធ្វើឱ្យប៉ះពាល់ដល់មន្ត្រី ស្អាតស្អំឯទៀត ។

មន្ត្រីរដ្ឋបាលព្រៃឈើបានប្រាប់កោះសន្តិភាព ថា កាលពីថ្ងៃទី២៧ សីហា សមត្ថកិច្ចរដ្ឋបាលព្រៃឈើអង្គការ CI (ស៊ីអាយ) និងកម្លាំងនគរបាល ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានទៅឆែកឆេរផ្ទះលោកមេបញ្ជាការស្តីទីអង្គភាពមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង នៅចំណុច ODK ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោល រកឃើញឈើប្រណីតប្រភេទធ្នង់ នាងនួន និងគ្រញូង សរុបជាង៩មែ៉ត្រគូប ។ លុះនៅរសៀលថ្ងៃទី៣០ សីហា សមត្ថកិច្ចរកឃើញឈើប្រណីតមួយគំនរទៀតលាក់ក្នុង ដីចម្ការ ត្រង់ចំណុចខ្សាច់ពូក ភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ដែលម្ចាស់ចម្ការឈ្មោះតាន់ ទ្រី ផ្ទះនៅភូមិស្បូវរីក ឃុំលាច មានឈើប្រភេទនាងនួន និងធ្នង់សរុបជាង៥មែ៉ត្រ គូប ។ បើតាមការសាកសួរ គឺឈើទាំងនេះជារបស់ឈ្មោះ រ៉ា មន្ត្រីកងរាជអាវុធហត្ថខេត្ត មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាកូនប្រសារបស់ម្ចាស់ចម្ការនោះ ។ ឈើែដែលបង្រ្កាបបានទាំងអស់ត្រូវបានដឹកយកទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ចំណែកម្ចាស់ឈើសមត្ថកិច្ចនឹងចាត់ការទៅតាមនីតិ វិធី ។
មហាជនបានរិះគន់យ៉ាងខ្លាំងចំពោះមន្ត្រីកងរាជអា វុធហត្ថខេត្តទាំងពីរនាក់ខាងលើ ដែលខ្លួនឯងជាសមត្ថកិច្ចមានតួនាទីបង្ក្រាបបទល្មើស បែរជាលួចលាក់ឈើប្រណីតខុសច្បាប់បែបនេះទៅវិញ តើឱ្យប្រជាពលរដ្ឋគោរពកោតខ្លាចយ៉ាងម៉េច?

បញ្ហាកូនចៅមួយចំនួនរកស៊ីឈើខុស ច្បាប់ឡើងមានបានគ្រប់គ្នាអស់ហើយនោះមិនដឹងថា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានវិធានការបែបណានោះទេ ឬមួយការគ្រប់គ្រងរបស់លោកនៅមានកម្រិត ។ មហាជនបានសំណូមពរឱ្យថ្នាក់លើចុះធ្វើអធិការកិច្ច ចៀរសាច់ស្អុយចោលឱ្យអស់ ដើម្បីបំពេញតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលបោះឆ្នោត គាំទ្រ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]