បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បន្ទាប់ពីប្តីស្លាប់ចោល បានបីថ្ងៃ មិនដឹងរកស៊ីអីចិញ្ចឹមកូន តុកសិច ដុតផ្ទះរបស់ ខ្លួនឆេះអស់ទាំងយប់ ដោយសារតែការ ពិបាកចិត្តសុញគំនិត កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ នៅភូមិ/សង្កាត់ ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ ។

លោក ចាន់ សុភី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ផ្សារកណ្តាល បានឲ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៣នេះថា ស្ត្រីដែលដុត ផ្ទះខ្លួនឯងចោល មានឈ្មោះ យិន លាភ អាយុ៤៤ឆ្នាំ មានកូនប្រុស-ស្រី ក្នុង បន្ទុកចំនួន ៥ នាក់ ប្តីរបស់គាត់បានស្លាប់ចោល កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ កន្លងទៅ ។

លោក ចាន់ សុភី បានឲ្យដឹងថា ផ្ទះដែលឆេះមានទំហំ ៥គុណ ៦ម៉ែត្រ សង់ពីឈើប្រក់ស្បូវ ផ្ទះរបស់ស្ត្រី យិន លាភ នេះគឺជាផ្ទះ ដែលសង់លើដីគេឲ្យនៅ ។ លោកបន្ត មុនកើតហេតុស្រ្តីរូបនេះ មានវិបត្តិផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ព្រោះប្តីរបស់គាត់ស្លាប់ចោល ហើយបន្ទុកគ្រួសាររកស៊ីចិញ្ជឹកជីវិតកូន ចៅធ្លាក់មកលើគាត់ ទទួលខុសត្រូវ ហើយគាត់ត្រូវបងប្អូនសាច់ញាតិ នៅខេត្ត បាត់ដំបង ហៅឲ្យទៅនៅជាមួយ ដោយមិនដឹង យកផ្ទះទៅណា គាត់ដុតចោលតែម្តង ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីម្នាក់នេះ បាន ពពាយនាយលក់ផ្ទះរបស់គាត់ ក្នុងតម្លៃ ២០ ម៉ឺនរៀល ដើម្បីយកប្រាក់ទិញអង្ករដាំបាយឲ្យ កូនហូប និង ធ្វើសោហ៊ុយនាំកូនទៅរស់នៅ ឯខេត្តបាត់ដំបង តែគ្មានអ្នកទិញ ទើបស្រ្តីរូបនេះដុតផ្ទះ ចោលតែម្តង ព្រោះ មិនដឹងលើកទៅណាបាន ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]